ភ្នំពេញ៖ កម្ពុជាបានបាត់បង់ថ្នាក់ដឹកនាំកីឡាដ៏ឆ្នើមមួយរូប គឺលោក ហែម ថុន អគ្គលេខាធិការរងនៃ គណៈកម្មាធិការ ជាតិ អូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ សហព័ន្ធកីឡាហែលទឹកខ្មែរ ដែលលោកបាន ទទួលមរណភាព នៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥នេះ ។
ប្រភពព័ត៌មានពីលោក កាំង សុធា មន្ដ្រីព័ត៌មានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងថា មន្ដ្រីគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា តក់ស្លុតយ៉ាងខ្លាំង បន្ទាប់ពីទទួលដំណឹងថា លោក ហែម ថុន បានទទួលមរណភាព ។ លោក ហែម ថុន បានទទួលមរណភាព ដោយសាររោគាពាធក្នុងជន្មាយុ៧៦ឆ្នាំ ។
លោក កាំង សុធា បានបន្ដថា មរណភាពរបស់លោក ហែម ថុន បានធ្វើឲ្យមន្ដ្រី NOCC និងស្ថាប័នកីឡាជាតិ គ្រប់ជាន់ថ្នាក់ មានការសោកស្ដាយខ្លាំងណាស់ ដែលកម្ពុជាត្រូវបាត់បង់អ្នកមានសមត្ថភាព និងជាអតីតកីឡាករ ហែលទឹកជើងចាស់ សម័យសង្គមរាស្ដ្រនិយមដ៏ឆ្នើមមួយរូប ។
មន្ដ្រីព័ត៌មាន NOCC រូបនេះ បាននិយាយទាំងអារម្មណ៍ក្ដុកក្ដួលអួលដើមកថា “ក្នុងនាមមន្ដ្រីអូឡាំពិកកម្ពុជា គឺយើងមានការសោកស្ដាយជាខ្លាំង ដែលយើងបានបាត់បង់ថ្នាក់ដឹកនាំកីឡាដ៏មានសមត្ថភាពមួយរូប ព្រោះគាត់ (ហែម ថុន) បានលះបង់ពេលវេលាច្រើនណាស់ ដើម្បីលើកស្ទួយវិស័យកីឡាកម្ពុជា ដូច្នេះយើងនឹងចងចាំ ស្នាដៃរបស់គាត់ជារៀងរហូត” ។
លោកបន្ថែមថា “លោក ហែម ថុន ប្រៀបបីដូចជាសារមន្ទីកីឡាមួយអញ្ចឹង ព្រោះគាត់ជាអ្នកកីឡាជើងចាស់ម្នាក់ ដែលរស់នៅបានយូរតាំងពីសម័យសង្គមរាស្ដ្រនិយមមក ពោលគឺគាត់បានចងចាំរឿងរ៉ាវយ៉ាងច្រើនទាក់ទងនឹងកីឡា ហើយគាត់ក៏បានកសាងស្នាដៃជាច្រើនជូនជាតិផងដែរ ។ ដូច្នេះសូមវិញ្ញាណខន័្ធលោកគ្រូបានសោយសុខ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ” ៕