Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមការងារ CPP និង CNRP ខ្វែងគំនិតគ្នាក្នុងការ កំណត់ពេលវេលា ឃោសនាបោះឆ្នោត

$
0
0

ភ្នំពេញ៖ ក្រុមការងារពិភាក្សាលើវិសោធនកម្មច្បាប់បោះឆ្នោត មកពីគណបក្សប្រជាជនកម្ពុជា (CPP) និងគណ បក្សសង្គ្រោះជាតិ (CNRP) បានខ្វែងគំនិតគ្នាក្នុងការកំណត់ពេលវេលា នៃការឃោសនាបោះឆ្នោត ដោយ CN RP ចង់រក្សារយៈពេលឃោសនា៣០ថ្ងៃដដែល រីឯ CPP ចង់កាត់បន្ថយមកនៅត្រឹមតែ ១៤ថ្ងៃ។

ថ្លែងបន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាស្តីពីវិសោធនកម្មសេចក្តីព្រាងច្បាប់បោះឆ្នោតនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ នេះ ប្រធានក្រុមការងារ និងជាសមាជិករដ្ឋសភាមកពី CNRP លោក គួយ ប៊ុនរឿន បានមានប្រសាសន៍ថា នៅ ក្នុងជំពូកទី៧ បានពិភាក្សាគ្នាច្រើន ហើយខ្លឹមសារ នៃការពិភាក្សានេះ មានការឯកភាពគ្នាច្រើន ប៉ុន្តែ យើងនឹង យកទៅកែសម្រួលនូវខ្លឹមសារ នៃមាត្រាមួយចំនួន។

លោកថា «អ្វីដែលយើងមិនទាន់ឯកភាពគ្នា គឺចំណុចទី១ គឺរយៈពេល នៃការឃោសនាបោះឆ្នោត គឺខាង CNRP  ខាងបានច្រើន គឺយ៉ាងហោចណាស់សូមរក្សាទុកដូចនៅច្បាប់ចាស់ដែលមានរយៈពេល៣០ថ្ងៃ សម្រាប់ឲ្យគណ បក្សនយោបាយលោកអាចធ្វើការឃោសនបាន ប៉ុន្តែខាង CPP គាត់សុំស្នើតែ ១៤ថ្ងៃ ចំណុចនេះ ក្រុមការ ងារ មិនទាន់បានឯកភាពគ្នាទេ ប្រហែលជាទុកឲ្យថ្នាក់ដឹកនាំអ្នកសម្រេច»។

លោក គួយ ប៊ុនរឿន បានបន្ថែមទៀតថា ក្រៅពីចំណុចនោះ ក៏មានចំណុចផ្សេងមួយចំនួនទៀត ដែលនៅមិន ទាន់ស្របគ្នា គឺការធ្វើយុទ្ធនាការ នៃការឃោសនាបោះឆ្នោត ជាពិសេស ការដង្ហែក្បួន នៃយុទ្ធនាការបោះឆ្នោត   គឺនៅក្នុងច្បាប់ចាស់មិនបានកំណត់ពេលវេលាសម្រាប់ការហែរក្បួននោះទេ។ ចំណុចនេះ CPP ចង់ឲ្យមានការ ហែរក្បួនតែ ២ថ្ងៃទេ គឺថ្ងៃទី១ និងថ្ងៃបញ្ចប់ នៃការឃោសនាបោះឆ្នោត។

ប្រធានក្រុមការងារ និងជាសមាជិករដ្ឋសភា មកពី CPP លោក ប៊ិន ឈិន បានមានប្រសាសន៍ថា CPP ចង់ឲ្យ មានពេលបើក នឹងពេលបិទបញ្ចប់ការឃោសនា ព្រោះជួយកាត់បន្ថយបញ្ហាប្រឈមនៅក្នុងសង្គម ឧទាហរណ៍  ដូចនៅក្នុងរាជធានភ្នំពេញ ពេលមានយុទ្ធការហែរក្បួនឃោសនាបោះឆ្នោតម្តងៗ តែងតែមានការកកស្ទះចរាចរ  ណ៍ជារឿយៗ ប៉ុន្តែចំណុចហ្នឹង ត្រូវនៅជជែកគ្នាបន្តទៀត។

លោកបន្តថា «ការឃោសនាចំនួន ១៤ថ្ងៃនេះ ក៏យើងចង់កាត់បន្ថយការប្រឈមដែរ ពីព្រោះស្រុកគេខ្លះអត់ ឃោសនាផងហ្នឹង ហើយទៅស្រុកជប៉ុនហ្នឹង មានតែ ៤ ទៅ ១០ថ្ងៃដែរ ហើយនៅសិង្ហបុរីក្បែរយើង មានតែ៩ថ្ងៃ តើ, បារាំង ១៤ថ្ងៃដែរ អីចឹងយើងកុំឲ្យវាខាត់បង់លុយកាក់។ បើនិយាយរឿងឃោសនាហ្នឹង គណបក្សទាំងអស់ ហ្នឹង គឺគេធ្វើការឃោសនារបស់គេជាប្រចាំដែរ ទោះមិនបាច់គេប្រាប់ថាឃោសនា ក៏គេឃោសនាដែរ»។

បើតាមលោក គួយ ប៊ុនរឿន បានបញ្ជាក់ថា កិច្ចពិភាក្សានៅក្នុងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥នេះ មានចំនួន ១៤ មាត្រា ក្នុងចំណោម ២៤មាត្រា នៃជំពូកទី៧ ដែល១៤មាត្រានោះ នៅមានចំណុច ៣ដែលមិនស្រប់គ្នា គឺទី១.  ការកំណត់ពេលវេលា នៃការឃោសនាបោះឆ្នោត, ទី២. ការធ្វើយុទ្ធការឃោសនាបោះឆ្នោត និងទី៣. ការចូលរួម ឃោសនាបោះឆ្នោត របស់មន្ត្រីរាជការ ក្នុងស្ថាប័នផ្សេងៗ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>