ឧត្តរមានជ័យ៖ អាជីវករលក់មាស៣នាក់ នៅផ្សារចាស់ ស្រុកថ្មីអន្លង់វែង ត្រូវបានក្រុមចោរមានគ្នា៦ ប្រដាប់ ដោយកាំភ្លើងវែងខ្លី៣ដើម ចូលបាញ់ប្លន់ បណ្តាលឲ្យរងរបួសធ្ងន់ ហើយបានយកមាសផ្លាកទីន ៥០ តំឡឹង និងលុយ កាក់ជាច្រើន រត់គេចខ្លួន បាត់ដោយសុវត្ថិភាព ។ ហេតុការណ៍នេះបានកើតឡើង នាម៉ោងជាង៥និង ២០នាទីល្ងាច ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅផ្សារថ្មីអន្លង់វែង ស្ថិតនៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
មន្រ្តីនគរបាលស្រុកអន្លង់វែង បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា នៅមុនពេលកើតហេតុ ក្រុមចោរ មានគ្នា៦នាក់ ប្រដាប់កាំភ្លើងខ្លី១ដើម កាំភ្លើងអាការ២ដើម ជិះម៉ូតូ៣គ្រឿង ចូលមកបាញ់រះ ទៅលើអាជីវករលក់ មាស ដែលមានគ្នាចំនួន៣នាក់ ត្រូវចំពោះ ចំចង្កេះ រងរបួសជាទម្ងន់ ហើយបក្រុមចោរបានប្រមូលយកមាសផ្លាកទីន ជិត៥០តំឡឹង និងលុយកាក់ អស់ជាច្រើន រួចរត់ឡើងជិះម៉ូតូគេចខ្លួន បាត់ដោយសុវត្ថិភាព។
ជនរងគ្រោះទាំង៣នាក់ ដែលមិនទាន់ បញ្ជាក់អត្តសញ្ញាណនោះ ត្រូវបានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យក្នុង ខេត្តសៀមរាប។
បច្ចុប្បន្ន អធិការនគរបាលស្រុក កំពុងដឹកនាំកម្លាំង ចុះដេញតាមចាប់ លទ្ធផលនិងរាយការណ៍ ជូនបន្តទៀត៕