កំពង់ឆ្នាំងៈ បន្ទាប់ពីសារពត៌មាន និង ទូរទស្សន៍ ក្នុងស្រុក បានធ្វើការចុះផ្សាយ ពីករណីទីតាំង ផលិតបាឡាស្មាច់ ចំនួន៣កន្លែង របស់ជនជាតិ វៀតណាម ក្នុងឃុំឆ្នុកទ្រូ ទី១-ឈ្មោះ សៀក ធីហៀង ទី២-ថៃ គឹមសាន ទី៣-ឡាំ ចាន់ធី ដែលប៉ះពាល់ ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ដោយមានការ ចង្អុល បង្ហាញនិងបញ្ជាផ្ទាល់ពីលោក ឈួរ ច័ន្ទឌឿន លោក ម៉ម ឈឿម ប្រធានមន្ទីរពត៌មាន ខេត្តកំពង់ឆ្នាំង លោក ទិត្យ ណាន ប្រធានមន្ទីរ មន្ទីរឧស្សាហកម្ម សិប្បកម្មខេត្ត លោក ថាន់ សារុំ អភិបាលរងស្រុកបរិបូណ៌ ដឹកនាំ កម្លាំងចម្រុះ ចុះត្រួតពិនិត្យ ទីតាំងផលិតបាឡាស្មាច់ ចំនួន៣កន្លែង ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ក្នុងការចុះត្រួតពិនិត្យ ខាងលើពិនិត្យយឃើញថា ទីតាំងសិប្បកម្មផលិតទូកបាឡាស្មាច់ខាងលើនេះ មិនបានអនុវត្ត ត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស ដោយទុកកាកសំណល និង ចាក់ចោលធ្វើអោយជិះក្លិនមិនល្អ ប៉ះពាល់ ដល់សុខភាព ផ្លូវដង្ហើមរបស់ប្រជាពលរដ្ឋ រស់នៅ និងធ្វើដំណើរឆ្លងកាត់ទីនោះ ។
ក្រុមការងារចុះត្រួតពិនិត្យ ខាងលើបានធ្វើការណែនាំ ដល់ម្ចាស់សិប្បកម្ម ទាំងបីកន្លែង និងអោយធ្វើកិច្ចសន្យា អោយអនុវត្ត អោយបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ជៀសវាងការប៉ះពាល់ដល់ បរិស្ថានក៍ដូចជាការ រស់នៅរបស់ ប្រជាពលរដ្ឋនៅក្បែរនោះ និងអ្នកធ្វើដំណើរឆ្លងកាត់ ។
ម្ចាស់សិប្បកម្មទាំង៣កន្លែង ខាងលើបានសន្យា ជាមួយសមត្ថកិច្ច អនុវត្តតាមការណែនាំ អោយបានត្រឹមត្រូវ និងបានស្នើសុំ រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃធ្វើកិច្ចសន្យា ដើម្បីដូរទីតាំង និង រៀបចំកែលម្អ ឡើងវិញអោយ បានត្រឹមត្រូវ តាមការណែនាំ របស់សមត្ថកិច្ចជំនាញ ។
លោក ម៉ម ឈឿម ប្រធានមន្ទីរពត៌មានខេត្តកំពង់ឆ្នាំង ក្នុងនាមតំណាងអោយ លោកឈួរ ច័ន្ទឌឿន អភិបាលខេត្ត បាន មានប្រសាសន៍ទៅកាន់ម្ចាស់ សិប្បកម្មផលិតទូកបាឡាស្មាច់ខាងលើថា បើមិនគោរពតាមច្បាប់ ការណែនាំ និងមិនអនុវត្ត តាមលក្ខណៈបច្ចេកទេស នោះទេ លោកនឹងស្នើសុំ អោយជំនាញពាក់ព័ន្ធធ្វើការផាកពិន័យ ករណីមិនរាងចាល ស្នើសុំអោយដកអាជ្ញាប័ណ្ណ បញ្ឈប់អាជីវកកម្មតែម្តង៕