ញូដេលី៖ អាជ្ញាធរឥណ្ឌានៅថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ២០១៥ នេះបានចេញប្រតិបត្តិការ ស៊ើបអង្កេត ទៅលើ ករណីដែល កងកម្លាំងខ្លួនបាន រកឃើញសាកសព ជាង ១០០នាក់ អណ្តែតតាមទន្លេ ហ្គាង។ បើតាម ការសន្និដ្ឋាន តំណាក់កាលដំបូងឲ្យដឹងថា ទាំងនេះ អាចជាសាច់ញាតិជនរងគ្រោះ ដែលបានស្លាប់ហើយ តែគ្មាន ថវិកាធ្វើពិធីបូជាសព។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ ២០១៥ នេះទៀតថា តាមការអះអាងពី អាជ្ញាធររដ្ឋយូតតា សាកសពប្រមាណ ៣០នាក់ត្រូវបានស្រង់ចេញពីក្នុង ទឹកទន្លេ តាំងពីយប់ថ្ងៃអង្គារ កន្លងទៅ នេះមកម្ល៉េះ ដែលជាហេតុនាំឲ្យសាកសព ដែលត្រូវ បានស្រង់ចេញ ក្នុងរយៈពេលរាប់ខែមកនេះកើនដល់ ១០៤នាក់។
មន្ត្រីប៉ូលិសត្រូវបានបញ្ជូនទៅស៊ើបអង្កេត នៅច្រាំងទន្លេ ដែលបានស្រង់សាកសពរាប់រយ នាក់នោះ ហើយជាការ សន្និដ្ឋានទីមួយ គឺសាកសពទាំងអស់ ជាសាច់ញាតិដែលបានស្លាប់ ដោយគ្រួសារពួកគេមិនមានលទ្ធភាព ធ្វើបុណ្យ និង បូជាត្រឹមត្រូវ ទើបធ្វើការបណ្តែតតាម ដងទន្លេក្នុងរដ្ឋបែបនេះ។ នេះជាទង្វើខុសច្បាប់ និង បំផ្លាញបរិស្ថានជាខ្លាំង ដែលអាជ្ញាធរ កំពុងចាត់វិធានការទប់ស្កាត់៕