ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយទទួលដំណឹង នៃមរណភាពរបស់លោក ហែម ថុន អគ្គលេខាធិការរង គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា សម្ដេចបានកើតសេចក្ដី តក់ស្លុតជាខ្លាំង ហើយក៏បានសម្ដែង នូវការសោកស្ដាយ ចំពោះការបាត់បង់ ធនធានមនុស្ស ដ៏មានសមត្ថភាពនេះផងដែរ ។
យោងតាមព័ត៌មានពីហ្វេកប៊ុកផ្លូវការបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលទើបនឹងបង្ហោះនៅប្រមាណម៉ោង ១០ យប់ថ្ងៃទី១៤ ខែមករានេះ បានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្ញើលិខិតចំនួន ២ច្បាប់ ដើម្បីចូលរួមចែករំលែកទុក្ខ ជាមួយក្រុមគ្រួសារសពលោក ហែម ថុន ដែលទើប នឹងទទួលមរណភាព កាលល្ងាចថ្ងៃទី១២ ខែមករាកន្លងទៅនេះ ។
នៅក្នុងលិខិតទាំង២នោះ សុទ្ធតែបានរំលេចនូវស្នាដៃល្អៗ ជាច្រើនរបស់លោក ហែម ថុន ដែលគាត់ ធ្លាប់បានលះបង់ កម្លាំងកាយចិត្ត ក្នុងការជំរុញឲ្យវិស័យកីឡាករផ្សេងៗ មានការរីកចម្រើន និងមានសក្ដានុពលទាំងលើឆាកជាតិ និងលើឆាក អន្ដរជាតិ ។
សម្រាប់លិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានធ្វើឡើងនៅថ្ងៃទី១៣ ខែមករានេះ បានបញ្ជាក់ថា សម្ដេច កើតសេចក្ដីតក់ស្លុតរន្ធត់ចិត្តយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា លោក ហែម ថុន ដែលជាអគ្គលេខាធិការ NOCC និងជាអគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកខ្មែរ ទទួលមរណភាព ។
សម្ដេចបានមានប្រសាសន៍ថា “ខ្ញុំនឹងភរិយា សូមសម្ដែងនូវការស្ដាយស្រណោះអាឡោះអាលៃក្រៃលែង និងសូម ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោក ហែម ថុន ប្រកបដោយសមានទុក្ខ និងក្ដីសង្វេគរកទីបំផុតគ្មាន ។ ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក ហែម ថុន បានឆាប់ទៅចាប់កំណើតក្នុងសុគតិភព គ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ” ។
រីឯលិខិតរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ដែលបានធ្វើឡើងនៅថ្ងៃទី១៤ មករានេះ បានឲ្យដឹងដែរថា ការបាត់បង់ ជីវិតរបស់លោក ហែម ថុន គឺពិតជាការបាត់បង់ធនធាន មនុស្សដ៏សំខាន់មួយរូប ដែលធ្លាប់បានលះបង់ពេលវេលា និងកម្លាំងកាយចិត្ត បណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនីហែលទឹក ជាច្រើនជំនាន់ ពោរពេញដោយស្នាដៃ កិត្តិយស កិត្តិនាម ល្បីល្បាញជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជាផងដែរ ។
គួរបញ្ជាក់ថា លោក ហែម ថុន បានទទួលមរណភាព កាលពីវេលាម៉ោង ៦:៤៥នាទីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៤នេះ ដោយរោគាពាធ ក្នុងវ័យ ៧២ឆ្នាំ ។ ប៉ុន្ដែលោក ហែម ថុន ធ្លាប់បានកសាងស្នាដៃជាច្រើន ទាំងការស្វែងរកមេដាយជូនជាតិ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធកីឡាជាតិ ជាពិសេសគឺលោកធ្លាប់ជាអតីតកីឡាករហែលទឹកដ៏ឆ្នើមក្នុងទសវត្សរ៍ទី៦០-៧០ ទៀតផង ៕