ប៉េកាំង៖ អាជ្ញាធរសុខាភិបាល របស់បក្សកុម្មុយនិស្តចិន នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ ២០១៥ នេះបានប្រកាសថា មនុស្សផ្ទុក និងកើតជំងឺអេដស៍ នៅក្នុងប្រទេសចិន បានកើនឡើង ១០៤.០០០នាក់ បន្ថែមទៀត កាលពីឆ្នាំ២០១៤ ដែលអត្រាកើនឡើងនេះ ស្មើនឹង ១៤,៨ ភាគរយបើប្រៀបធៀប ទៅនឹងឆ្នាំ ២០១៣។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា លោក វ៉ាង កៅជាង អនុប្រធាននៃ គណកម្មាធិការ សុខភាព និង គ្រួសារជាតិចិននិយាយថា ទោះបីជាមានការកើនឡើងបែបក្តី តែអត្រាឆ្លង និង កើតជំងឺអេដស៍ នៅមានចំនួនទាបនៅឡើយ។ ក្នុងចំណោមជនរងគ្រោះខាងលើនេះ មាន៨៥.០០០នាក់ហើយ ដែលបានទទួល ការថែទាំ តាមផ្នែកវេជ្ជសាស្ត្រ កើន ឡើង ២១,២ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៣។
ទោះបីជាបែបនេះក្តី តំបន់មួយចំនួននៅតែមានកម្រិតភាពឆ្លងខ្លាំងដដែល ដែលនេះជាការ ព្រួយបារម្ភ ចំពោះរដ្ឋាភិបាល។ ដោយឡែក អត្រានៃការឆ្លងទាំងអស់ គឺក្មេងៗជាយុវវ័យ មាន ចំនួនច្រើនជាងគេបង្អស់ ដែលបានឆ្លងអេដស៍ នៅប្រទេសចិន ហើយដោយឡែក ការឆ្លងពី ម្តាយទៅកូននៅពេលសម្រាល ក៏ជាប្រការដែលត្រូវការពារឲ្យបានខ្លាំងក្លាផងដែរ៕