ភ្នំពេញ៖ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយកអគ្គិសនីកម្ពុជា (EDC) នៅព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៥នេះ បានជួបជាមួយសហជីពធំៗចំនួន៦ ជជែកពិភាក្សារិះរកវិធីតបណ្តាញអគ្គិសនី និង ដំឡើងកុងទ័រនៅតាមបន្ទប់ជួលរបស់កម្មករ កម្មការិនី ជួយឲ្យពួកគេអាចប្រើប្រាស់ថាមពលអគ្គិសនីក្នុងតម្លៃ ៦១០រៀលក្នុងមួយគីឡូវ៉ាត់។ ក្រុមសហជីពបានសាទរនូវចំណាត់ការរបស់រាជរដ្ឋាភិបាល និង អគ្គិសនីកម្ពុជា ហើយត្រៀមលក្ខណៈចូលរួមសហការជួយសម្របសម្រួលដោយចិត្តរីករាយ។
នៅក្នុងជំនួបពិភាក្សាជាមួយសហជីពធំៗចំនួន៦ ដឹកនាំដោយលោក ប៉ាវ ស៊ីណា ប្រធានសហជីពប្រធានសម្ព័ន្ធ សហជីពចលនាកម្មករនាព្រឹកនេះ លោក កែវ រតនៈ បានពន្យល់ដល់សហជីពពីកិច្ចខិតខំប្រឹងប្រែង និង ការគិត គូររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយឲ្យជីវភាពកើតចេញពីកម្លាំងញើសឈាមរបស់ពួកគេបានប្រសើរឡើង។ ជាសក្ខីកម្មនៃកិច្ចខិតខំប្រឹងប្រែងមានដូចជា ការដំឡើងប្រាក់ខែគោលរហូតដល់ ១២៨ ដុល្លារ និង ការរិះរកវិធី ជួយឲ្យកម្មករ កម្មការិនី បានចំណាយថ្លៃអគ្គិសនីត្រឹម ៦១០រៀលក្នុងមួយគីឡូវ៉ាត់ជាដើមនេះ។
លោក កែវ រតនៈ បានពន្យល់សហជីពថា ដើម្បីជួយឲ្យកម្មករ កម្មាការិនី អាចបង់ថ្លៃអគ្គិសនីត្រឹម ៦១០រៀល ក្នុងមួយគីឡូវ៉ាត់ សម្រាប់អ្នកប្រើក្រោម ៥០គីឡូវ៉ាត់ក្នុងមួយខែនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គិសនីកម្ពុ ជា បានសម្រេចចំណាយថវិកា ២លានដុល្លារ ដើម្បីទិញខ្សែ កុងទ័រ ឌីហ្សង់ទ័រ តបណ្តាញអគ្គិសនីឲ្យដល់បន្ទប់ ជួលរបស់កម្មករ កម្មការិនីតែម្តង។ ការធ្វើដូច្នេះ កម្មករ កម្មការិនី នឹងលែងបង់ថ្លៃអគ្គិសនីជូនម្ចាស់បន្ទប់ជួលក្នុង តម្លៃខ្ពស់ចន្លោះពី ១៥០០រៀល ដល់ ២៥០០រៀលដូចមុនទៀតហើយ។
លោក កែវ រតនៈ ក៏បានស្នើឲ្យមន្រ្តីសហជីពទាំងអស់ យកនូវដំណឹងល្អទាំងនេះ ទៅជម្រាបជូនដល់កម្មករ កម្ម ការិនីទាំងអស់ផងដែរ។ ទន្ទឹមនឹងការជូនដំណឹងដ៏មានប្រយោជន៍សម្រាប់កម្មករ កម្មការិនីនេះ លោក កែវ រតនៈ ក៏បានស្នើសុំឲ្យសហជីពជួយពន្យល់ ដល់កម្មករ កម្មការិនី ឲ្យជួយបង្កលក្ខណៈងាយស្រួល សម្រាប់មន្រ្តីអគ្គិស នីចុះទៅតបណ្តាញផងដែរ។
លោក ប៉ាវ ស៊ីណា រួមនិងសហជីពដទៃទៀត តំណាងឲ្យកម្មករ កម្មការិនី បានសម្តែងការសាទរ ពេញចិត្តពេញ ពេញថ្លើម និងរីករាយយ៉ាងខ្លាំង ចំពោះការគិតគូររបស់រាជរដ្ឋាភិបាល និងអាជ្ញាធរអគ្គិសនីលើបន្ទុក នៃការចំ ណាយរបស់កម្មករ កម្មារិនី ទៅលើតម្លៃអគ្គិសនីនេះ។ ក្រុមសហជីព បានប្រកាសត្រៀមខ្លួនជានិច្ចចូលរួមសហ ការសម្រេចឲ្យបាននូវការតបណ្តាញអគ្គិសនី។
ក្រុមសហជីព បានផ្តល់ជាយោបល់ដល់មន្រ្តីអគ្គសិនី គួរតែចាប់ផ្តើមធ្វើការចាប់ពីម៉ោង ៤ល្ងាច ទៅម៉ោង ៨យប់ ដែលជាពេលវេលាកម្មករ កម្មការិនី ឈប់សម្រាកពីការងារ។ ក្រុមសហជីព ក៏បានស្នើឲ្យរាជរដ្ឋាភិបាល គិតគូរទៅលើបញ្ហាមួយចំនួនទៀតដូចជាតម្លៃទឹកជាដើម ដើម្បីជួយឲ្យបន្ទុក នៃការចំណាយរបស់កម្មករ កម្មការិនី បានធូរស្រាលមួយកម្រិតទៀត។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីមើលឃើញកម្មករ កម្មការិនី ដែល កំពុងបម្រើការងារនៅក្នុងរាជធានីភ្នំពេញ ត្រូវចំណាយថ្លៃភ្លើងចាប់ពី ១.៥០០រៀល រហូតដល់ ២.៥០០រៀល ក្នុងមួយគីឡូវ៉ាត់នោះ នៅក្នុងឱកាសបើកឲ្យដំណើរការវារីអគ្គិសនីឬស្សីជ្រុំ នាខេត្តកោះកុងកាលពីថ្ងៃទី១២ ខែ មករា ឆ្នាំ២០១៥កន្លងទៅនេះ បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ដោះស្រាយទៅលើបញ្ហាទាំងអស់នេះ។
ក្រោយទទួលបានបទបញ្ជានេះ អគ្គិសនីកម្ពុជា ដែលដឹកនាំដោយលោក កែវ រតនៈ ក៏បានបើកកិច្ចប្រជុំពិភាក្សា ជាលទ្ធផល ក៏សម្រេចធ្វើការតបណ្តាញខ្សែអគ្គិសនី និងដំឡើងកុងទ័រ ដល់បន្ទប់ផ្ទះជួលរបស់កម្មករ កម្មការិនី ដោយចំណាយថវិកាប្រមាណ ២លានដុល្លារអាម៉េរិក៕