ដោយ ៖ ទុំ សុម៉ាល័យ
ភ្នំពេញ ៖ នៅសល់តែ ២សប្តាហ៍ទៀតប៉ុណ្ណោះ កម្មករ និយោជិតជាង ៧០ម៉ឺននាក់ នឹងទទួលបាននូវប្រាក់ឈ្នួល គោល ១២៨ដុល្លារសហរដ្ឋអាមេរិក បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់ឈ្នួលគោល ជូនដល់ពួកគេកាលពី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅ ដោយក្នុងនោះប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន បានរួមចំណែកអន្តរា គមន៍ផងដែរ ។ ដូច្នេះកម្មករ និយោជិតទាំងអស់ពិតជានឹងរីករាយជាមួយនឹងការទទួលបាន នូវប្រាក់ខែគោលខាងលើ ដោយមិនទាន់គិតបញ្ចូលប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតនោះទេ ។ ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតដែល កម្មករ និយោជិតនឹងទទួលបានអត្ថប្រយោជន៍ពីរាជរដ្ឋាភិបាល គឺតាមរយៈដែលរដ្ឋាភិបាលតម្រូវឲ្យកម្មករ និយោជិត ប្រើប្រាស់ភ្លើងត្រឹមតែ ៦១០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ដែលពួកគេទទួលបាននូវការប្រើប្រាស់ ៥០គីឡូវ៉ាត់ចុះ ក្រោម ខណៈដែលបច្ចុប្បន្នកម្មករ-កម្មការិនីទាំងនោះ បានចំណាយបង់ថ្លៃភ្លើងជាមធ្យមពីចន្លោះ ១៨០០រៀល ទៅ ២៥០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ហើយពួកគេប្រើត្រឹមតែ ៣០គីឡូវ៉ាត់ម៉ោង ក្នុង១ខែប៉ុណ្ណោះ ។
តាមការគិតត្រួសៗជាមធ្យម កម្មករ និយោជិតក្នុងមួយបន្ទប់ជួលពួកគេប្រើប្រាស់អស់ ៣០គីឡូវ៉ាត់ ដោយចំណាយ ថវិកាប្រហាក់ប្រហែលជាង ៣ម៉ឺនរៀល បើគិតជាដុល្លារប្រហាក់ប្រហែល ៧ដុល្លារ ។ ដូច្នេះនៅពេលដែលអាជ្ញាធរ អគ្គិសនីកម្ពុជា រៀបចំតបណ្តាញ និងបំពាក់កុងតឺថ្មីចូលទៅដល់បន្ទប់ជួលរបស់ពួកគេនៅពេលណា ពួកគេនឹងទទួល បាននូវអត្ថប្រយោជន៍ ៧ដុល្លារ ១ខែបន្ទាប់មក ។ មានន័យថា ប្រាក់ឈ្នួលគោលរបស់កម្មករ ១២៨ដុល្លារ បូកនឹង ៧ដុល្លារថ្លៃភ្លើងដែលរដ្ឋាភិបាលជួយបំពេញបន្ថែមតាមរយៈ នៃការតបណ្តាញ និងតម្លៃភ្លើង ៦១០រៀលនេះ ធ្វើឲ្យ ពួកគាត់ទទួលបានប្រាក់ដល់ ១៣៥ដុល្លារ ។
នៅពេលអនាគត ឬក៏ព្រមជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ ពិនិត្យទៅលើគោលនយោបាយទឹក ចំពោះកម្មករ និយោជិតទាំងនោះបន្ថែមទៀត ចំណូលរបស់ពួកគាត់នឹងកើនឡើង កាន់តែខ្ពស់ ។
សូមបញ្ជាក់ថា តម្លៃទឹកដែលពួកគាត់ប្រើប្រាស់សព្វថ្ងៃក្នុងមួយម៉ែត្រគីប ចាប់ពី ២០០០រៀល ទៅដល់ ៤០០០រៀលហើយមានកន្លែងខ្លះលក់ទឹកជាពាងទៅទៀត ។
នៅក្នុងកិច្ចប្រជុំត្រីភាគី រវាងរដ្ឋាភិបាល អង្គការជីម៉ាក និងសហជីពកន្លងទៅ ក្រុមសហជីពបានស្នើឲ្យរដ្ឋាភិបាលជួយ បញ្ចុះតម្លៃអគ្គិសនីប្រើប្រាស់ ថ្លៃទឹក និងជួយទប់ស្កាត់កុំឲ្យថ្លៃជួលផ្ទះឡើង ក៏ដូចជាអតិផរណាទំនិញ ។ ឥឡូវនេះរដ្ឋា ភិបាលបានទទួលយកនូវសំណើមួយចំណុច របស់សហជីពហើយ គឺការបញ្ចុះតម្លៃអគ្គិសនី ប្រសិនបើរដ្ឋាភិបាល ទទួលយកបញ្ហាថ្លៃទឹក និងផ្ទះឈ្នួលឡើងថ្លៃ ទៅពិចារណាថែមទៀត នោះជីវភាពកម្មករ-កម្មការិនី ពិតជាកាន់តែល្អ ប្រសើរ មិនត្រឹមតែពួកគេទេ សូម្បីតែក្រុមគ្រួសារ សាច់ញាតិរបស់ពួកគេក៏ទទួលបាននូវប្រាក់ចំណូលខ្ពស់ផងដែរ ។ បើនិយាយអំពីកម្រិតនយោបាយ គឺគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាលជាអ្នកទទួលផលចំណេញ ច្រើន ធ្វើឲ្យកម្មករនិយោជិត និងក្រុមគ្រួសាររបស់ពួកគាត់មានជំនឿកាន់តែខ្លាំងឡើង ទៅលើការដឹកនាំ របស់គណ បក្សប្រជាជន ។ នេះបង្ហាញឲ្យឃើញ ជាផ្នែកមួយនៃកំណែទម្រង់ស៊ីជម្រៅនៃរាជរដ្ឋាភិបាល របស់សម្តេច ហ៊ុន សែន នៅក្នុងអាណត្តិទី៥នេះ ដែលកើតចេញពីការបោះឆ្នោតសភា នីតិកាលទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៣ កន្លងទៅនេះ ៕