ភ្នំពេញ ៖ សាធារណរដ្ឋឆេក បានប្រកាស ឱ្យដឹង នៅថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១២ តាមរយៈមន្ដ្រីការទូតរបស់ខ្លួនថា រដ្ឋាភិបាល ឆេក បានលុបបំណុលជាង៣លានដុល្លារ សហរដ្ឋអាមេរិក ដែលប្រទេសកម្ពុជា បានជំពាក់នៅក្នុងអតីតកាល (សម័យសង្គ្រាម ស៊ីវិលនៅក្នុងប្រទេសកម្ពុជា) ។
នៅក្នុងឱកាសជូនសារតាំង ចំពោះសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និងជួបដាច់ដោយឡែកជាមួយលោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស លោកឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព វីតេសស្លាវ ហ្គ្រេបប៉ិល បានឱ្យដឹងថា រដ្ឋាភិបាលសាធារណរដ្ឋឆេក បានប្រកាសលុបបំណុល ដែលកម្ពុជា បានជំពាក់ ហើយសន្យាបន្ដពង្រឹងកិច្ចសហប្រតិបត្ដិការ វាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរថែមទៀត ។
លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួង ការបរទេស បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រៅជំនួបថា “រដ្ឋាភិបាលសាធារណរដ្ឋឆេក បានលុបបំណុលជាង៣លានដុល្លារ ដោយបាន បង្វែបំណុលនេះ មកជាជំនួយមួយចំនួន សម្រាប់គម្រោងអភិវឌ្ឍន៍វិស័យសុខាភិបាល សេវាកម្មសង្គម អប់រំ និងកសិកម្ម ។
ការប្រកាសលុបបំណុលរបស់ឆេក បន្ទាប់ ពីប្រទេសកម្ពុជា បានប្រកាសសងបំណុល សហរដ្ឋអាមេរិក ជិត៤០០លានដុល្លារ ដែល កម្ពុជា បានហៅថា បំណុកកខ្វក់ខណៈដែល សហរដ្ឋអាមេរិកបានផ្ដល់កម្ចីឱ្យទៅរបបសាធារណរដ្ឋលន់នល់ពីថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ ដល់ថ្ងៃ១៣ មេសា ១៩៧៥ បន្ទាប់ពីរបបនេះ ធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះបាទនរោត្ដមសីហនុ ចេញពីព្រះប្រមុខរដ្ឋ ៕