ភ្នំពេញ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានចាត់ទុកសម្តីលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលនិយាយនៅខេត្តព្រះសីហនុ កាលពីម្សិលមិញថា ជាចម្រៀងដដែលៗ ដែលចេញពីចិញ្ចើមថ្នល់ ប្រឆាំងនឹងវត្តមានជនបរទេស ជាពិសេសបង្កើតភាពរើសអើងជាមួយ ជនជាតិវៀតណាម មិនសមមានសមត្ថភាពជា តំណាងរាស្រ្តនោះទេ ។
លោកបានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃសៅរ៍ ចុងសប្តាហ៍នេះថា «នេះជាចម្រៀងដដែលៗ ដែលគាត់ផ្សាយប្រឆាំងនឹង វត្តមានរបស់ជនជាតិបរទេស នៅលើទឹកដីប្រទេសកម្ពុជា ជាពិសេសបង្កើតនូវភាពរើសអើងជាមួយ ប្រជាជនវៀតណាម»។
លោកថា «ឯកឧត្តម សម រង្ស៊ី គាត់គួរឈប់នៅតាមចិញ្ចើមថ្នល់ ឈប់នៅក្នុងព្រៃ គឺឯកឧត្តមឋិតនៅក្នុងសភា ដូច្នេះការគ្រប់គ្រងរដ្ឋមួយ គឺទៅតាមច្បាប់ មិនមែនទៅតាមបបូរមាត់តាមចិញ្ចើមថ្នល់ ឬបបូរមាត់តាមទីសាធារណៈទេ ដូច្នេះឯកឧត្តម សម រង្ស៊ី គួរធ្វើខ្លួនលោកមានសមត្ថភាព ជាតំណាងរាស្រ្ត ជាអ្នកតែងច្បាប់»។
ប្រតិកម្មរបស់លោក ផៃ ស៊ីផាន បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី ក្នុងវេទិកាតំណាងរាស្រ្ត និងម្ចាស់ឆ្នោតនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ បាននិយាយថា ប្រទេសវៀតណាមនាពេលនេះ កំពុងតែដាក់អាណានិគមមកលើប្រទេសកម្ពុជា តាមរយៈការបញ្ចូល ជនអន្តោប្រវេសន៍វៀតណាម កាន់តែច្រើនមកក្នុងប្រទេសកម្ពុជា ។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា «យួនកំពុងធ្វើឱ្យស្រុកយើង ក្លាយទៅជាអាណានិគមនិយម មិនមែនធម្មតាទេ ជួនកាលយើងប្រើពាក្យ អន្តោប្រវេសន៍ចិន អន្តោប្រវេសន៍សាសន៍ផ្សេងពីក្រៅមក គេហៅថា អន្តោប្រវេសន៍ ប៉ុន្តែចំពោះយួន មិនមែនអន្តោប្រវេសន៍នោះទេ ជនអន្តោប្រវេសន៍ធម្មតា គឺធ្វើដំណើរពីស្រុកមួយទៅស្រុកមួយ ដោយមូលហេតុ សេដ្ឋកិច្ចចង់តែរកស៊ី កន្លែងណានៅស្រួល គេនៅទៅ គេនៅគ្រាន់តែជាបណ្តោះអាសន្នទេ ពីស្រុកមួយទៅស្រុកមួយ ជួនកាលត្រឡប់ទៅស្រុកគេវិញ នេះបានហៅថា ជនអន្តោប្រវេសន៍ ប៉ុន្តែជនជាតិយួន គេមិនហៅថា អន្តោប្រវេសន៍ទេ គឺនិគម.. និគមន៍ គឺបម្រើនយោបាយមួយ គេហៅថា អាណានិគមន៍និយម»៕