ភ្នំពេញ៖លោក ម៉ៅ មុនីវណ្ណ អនុប្រធានគណៈកម្មការ ទី៩ នៃរដ្ឋសភា (សាធារណការ ដឹកជញ្ជូនទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់) រួមនិងសមាជិក សមាជិកដទៃទៀត និងធ្វើដំណើរបំពេញទស្សនកិច្ច៥ថ្ងៃទៅកាន់ខេត្តចំនួន៣ នៅជាប់បឹងទន្លេសាប ដើម្បីត្រួត ពិនិត្យសកម្មភាពនានា ដែលមន្រ្តីអាជ្ញាធរក្នុងខេត្តសម្រេចបាន និងកំពុងបន្តអនុវត្តន៍។
យោងតាមលិខិតរបស់លោក ម៉ៅ មុនីវណ្ណ ដែលជាតំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិ ចេញផ្សាយលើទំព័រហ្វេសប៊ុករបស់នាថ្ងៃទី១៧ ខែមករា ឆ្នាំ ២០១៥នេះបានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ នឹងចាប់ផ្តើមពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ ដោយចុះ ទៅកាន់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង។
បើតាមលិខិតដដែលនេះ លោក ម៉ៅ មុនីវណ្ណ បានបញ្ជាក់ថា ដំណើរលើកដំបូងរបស់លោក គឺឈ្មោះទៅកាន់ ខេត្តបាត់ដំបង ដោយពិនិត្យជាក់ស្តែងទីតាំងក្រុមហ៊ុនចិន ដែលកំពុងអាជីវកម្មរ៉ែមាស នៅស្រុកភ្នំព្រឹក។ បន្ទាប់ ពីការពិនិត្យនេះ លោកនឹងជួបសំណេះសំណាលជាមួយអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត រួមនិងប្រធានមន្ទីរ ផ្សេងៗទៀត ដើម្បីស្វែងយល់ពីសកម្មភាពការងារ ដែលសម្រេចបាន។ លោក ម៉ៅ មុនីវណ្ណ និងក្រុមការងារ នឹង ចុះទៅពិនិត្យរោងម៉ាស៊ីនកិនស្រូវ នៅស្រុកថ្មគោលផងដែរ។
ដោយឡែកនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ លោក ម៉ៅ មុនីវណ្ណ រួមសមាជិក សមាជិកា គណៈកម្មការទី៩ នៃ រដ្ឋសភានឹងធ្វើដំណើរចុះទៅពិនិត្យរោងចក្រវារីអគ្គិសនីអាតៃ។ លុះដល់ថ្ងៃទី២១ ខែមករា ប្រតិភូគណៈកម្មការទី ៩ នឹងអញ្ជើញចូលជួបសំណេះសំណាលជាមួយអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត និងប្រធានមន្ទីរពាក់ព័ន្ធ នៅក្នុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ដើម្បីស្វែងយល់ពីសកម្មភាពការងារនានា ដែលសម្រេចបាន៕