Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បណ្តា​សហជីព​ចាប់ផ្តើម​​ពន្យល់ដល់​កម្មករ ពីការ​បំពាក់​កុងទ័រ និង​យក​ថ្លៃ​អគ្គិសនី​តាម​បន្ទប់​ជួល

$
0
0

ភ្នំពេញ៖ ក្រុមបណ្តាមេសហជីពមួយចំនួននៅកម្ពុជា នៅថ្ងៃសៅរ៍នេះ បានចាប់ផ្តើមចុះជួបជាមួយ តំណាងកម្មករតាមមូលដ្ឋាន ដើម្បីពន្យល់ផ្សព្វផ្សាយពីការបំពាក់កុងទ័រ និងយកថ្លៃអគ្គិសនី តាមបន្ទប់ជួលរបស់កម្មករ កម្មការិនី នៅរាជធានីភ្នំពេញ ដែលរាជរដ្ឋាភិបាល ទើបនឹងកំណត់នាថ្មីៗនេះ។

ប្រតិបត្តិការនេះ បានធ្វើឡើងដើម្បីជួយសម្រួលដល់ អគ្គិសនីកម្ពុជា (EDC) ក្នុងការផ្តល់ព័ត៌មានជាក់លាក់ ដល់កម្មករនៅរាជធានីភ្នំពេញ ដើម្បីដាក់បំពាក់កុងទ័រ នៅតាមបន្ទប់ជួលរបស់ពួកគេ ជាមួយនឹងការយកតម្លៃអគ្គិសនី ៦១០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង នៅពេលដែលកម្មករប្រើក្រោម ៥០គីឡូវ៉ាត់ ក្នុងមួយខែ។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥នេះថា នៅថ្ងៃសៅរ៍នេះ លោកបានជួបប្រជុំជាមួយ នឹងតំណាងកម្មករនៅតំបន់វ៉េងស្រេង ដើម្បីផ្សព្វផ្សាយពីការបំពាក់ កុងទ័រអគ្គិសនីតាមបន្ទប់ជួល ហើយថា តំណាងកម្មករទាំងនោះ នឹងផ្សព្វផ្សាយបន្តពីផែនការ របស់រាជរដ្ឋាភិបាល ក្នុងការផ្គត់ផ្គង់តម្លៃអគ្គិសនីជូនដល់កម្មករនៅភ្នំពេញ ។

លោក ប៉ាវ ស៊ីណា ៖ «យើងគ្រាន់តែប្រជុំ បញ្ជ្រាបអំពីនីតិវិធី ដែលអាជ្ញាធរអគ្គិសនី មកបំពាក់កុងទ័រភ្លើង ក៏ដូចជាដាក់ឌីសង់ទ័រ ដាក់ខ្សែបណ្តាញអគ្គិសនី ដោយមិនមានការបង់ប្រាក់ ហើយក្នុងនោះ គឺតម្រូវឱ្យកម្មករបង់ប្រាក់កក់ ក្នុងកម្រិតមួយតែ ៣០៥០០រៀល ប៉ុណ្ណោះសម្រាប់បន្ទប់ជួលមួយ ដូច្នេះហើយយើងពន្យល់ថា នៅក្នុងបន្ទប់មួយ ត្រូវមាននរណាម្នាក់មានអត្តសញ្ញាណប័ណ្ណ ក្នុងការបំពេញបែបបទ ទៅនឹងទម្រង់ដែលត្រូវតបណ្តាញអគ្គិសនីនេះ»។
 
កាលពីអង្គារដើមសប្តាហ៍ ខណៈដែលផ្តល់បទសម្ភាសផ្តាច់មុខ ជាមួយលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល, លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកអគ្គិសនីកម្ពុជា បានបញ្ជាក់ថា អគ្គិសនីកម្ពុជា បានត្រៀមលុយជាង ២លានដុល្លារ សម្រាប់តបណ្តាញខ្សែ និង ដំឡើងកុងទ័រ ដល់បន្ទប់ជួលរបស់កម្មករនៅភ្នំពេញ ហើយតម្លៃអគ្គិសនី ដែលលក់ជូនកម្មករ នឹងត្រូវសម្រួលយកត្រឹម ៦១០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូវ៉ាត់ម៉ោង ដែលយន្តការនេះនឹងលេចចេញ ក្នុងពេលដ៏ខ្លីខាងមុខ។ លោកថា «យន្តការនេះ ម្ចាស់ផ្ទះក៏គួរសប្បាយចិត្តហើយ  ជាពិសេសបងប្អូនកម្មករ កម្មការិនី ក៏នឹងបានផលផ្លែផ្កា គឺឲ្យភ្លើងក្នុងកម្រិត ៦១០រៀលក្នុងមួយគីឡូ ដែលគាត់ប្រើក្រោម ៥០គីឡូ»។

តាមតួលេខ ដែលប្រកាសដោយ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងសម្ពោធឲ្យដំណើរការ វារីអគ្គិសនីឫស្សីជ្រុំ នាខេត្តកោះកុង កាលពីថ្ងៃទី១២ ខែមករា បានឱ្យដឹងថា ចំនួនបន្ទប់ជួលរបស់កម្មករ នៅក្នុងក្រុងភ្នំពេញនេះ មានរហូតដល់ជាង ៣ម៉ឺនបន្ទប់ ខណៈដែលកម្មករកាន់តែច្រើន បានមកធ្វើការរោងចក្រនៅភ្នំពេញជាបន្តបន្ទាប់ ។ សម្តេចក៏បានអំពាវនាវឱ្យអាជ្ញាធរ និងជំនាញចុះពិនិត្យឡើងវិញនូវតម្លៃអគ្គិសនី ដែលម្ចាស់ផ្ទះ ជួលលក់បន្តឲ្យកម្មករ-កម្មការិនី នៅក្រុងភ្នំពេញផងដែរ ។

លោក ប៉ាវ ស៊ីណា បានមានប្រសាសន៍ថា លោកសម្តែងការអរគុណរដ្ឋាភិបាល ជំនួសចំពោះកម្មករ ប៉ុន្តែទោះជាយ៉ាងណា លោកសំណូមពរ ឱ្យរាជរដ្ឋាភិបាល ក៏ដូចជាអគ្គិសនីកម្ពុជា ចាប់ផ្តើមអនុវត្តផែនការនេះ ឱ្យបានឆាប់បំផុត៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles



Latest Images

<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>