Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រដាសប្រាក់ «១០០រៀល» ថ្មី ជានិមិត្តរូប នៃការគោរព ប្រណិប័តន៍ ព្រះពុទ្ធសាសនា មិនមែនជាការជាន់ឈ្លី

$
0
0

ដោយ៖ វ៉ាន់ សារាយ

ភ្នំពេញ៖ ក្រដាសប្រាក់ «១០០រៀល»ថ្មី រំលេចដោយ ព្រះឆាយាលក្ខណ៍អតីតព្រះមហាក្សត្រខ្មែរ ព្រះបរមរតន កោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ពេលសាងព្រះផ្នួស រួមនិងរូបព្រះពុទ្ធបដិមា និង ព្រះកែវមរកត ដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ចុះហត្ថលេខាដាក់ឲ្យចរាចរណ៍នៅកម្ពុជា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥កន្លងទៅ  គឺជានិមិត្តរូបបង្ហាញឲ្យឃើញពីការគោរពប្រណិប័តន៍ និងលើកតម្កើងព្រះពុទ្ធសាសនា មិនមែនជាការជាន់ឈ្លី  ដូចការលើកឡើងមួយចំនួននោះឡើយ។

បន្ទាប់ពីក្រដាសប្រាក់ «១០០រៀល» ថ្មី បង្ហាញវត្តមានភ្លាម ក្រុមសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ដែលតែងតែធ្វើ សកម្មភាពរិះគន់លើរាជរដ្ឋាភិបាលកម្ពុជានោះ បានចេញសេចក្តីថ្លែងការណ៍ ស្នើផ្អាកការចរាចរណ៍ក្រដាសប្រាក់ ១០០រៀលប្រភេទថ្មី ដោយពួកគេយល់ថា ក្រដាសប្រាក់ «១០០រៀល»ថ្មីនេះ គឺជាការជាន់ឈ្លីទៅលើវិស័យព្រះពុទ្ធសាសនា។

យោងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី១៦ ខែមករា សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើឲ្យរដ្ឋាភិបាលពិចារណា  និងសម្រេចជាថ្មីឡើងវិញ ចំពោះការសម្រេចឲ្យបោះពុម្ពក្រដាសប្រាក់១០០រៀលថ្មីនេះ។

ការយល់ឃើញប្រកបដោយសុភនិច្ឆ័យ ព្រះតេជគុណ ធឹង ច័ន្ទត្រាព្រះចៅអធិការវត្តប៉ាឆា នាខេត្តក្រចេះ ដែល បានបួសថ្វាយព្រះកាយសម្រាប់ព្រះពុទ្ធសាសនាអស់រយៈពេលជិត ២០ព្រះវស្សាហើយនោះ បានមានសង្ឃ ដីកាប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥នេះថា ព្រះតេជគុណយល់ឃើញ ថា ការយកព្រះឆាយាលក្ខណ៍របស់អតីតព្រះមហាក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច ព្រះ នរោត្តម សីហនុ គ្រាព្រះអង្គសាងព្រះផ្នួស រួមនិងរូបព្រះពុទ្ធបដិមា ក៏ដូចជារូបព្រះកែវមរកតនៅក្នុងព្រះបរមរាជវាំង គឺការជួយបំផុសស្មារតី និងលើកកម្ពស់ដល់ការគោរពប្រណិប័តន៍ទៅលើព្រះពុទ្ធសាសនា សម្រាប់ប្រជាពុទ្ធ  បរិស័ទ ដែលមានប្រកាន់ខ្ជាប់ និងគោរពព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។

ព្រះតេជគុណ ដែលបាននិងកំពុងជួយជំរុញលើកកម្ពស់វិស័យព្រះពុទ្ធសាសនា តាមរយៈសំឡេងវិទ្យុក្នុងនាទី « តួនាទីព្រះពុទ្ធសាសនា និងសង្គម» អង្គនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ការបង្ហាញព្រះរូបឆាយាលក្ខណ៍អតីព្រះ  មហាក្សត្រគ្រានៅជាព្រះសង្ឃ និងរូបព្រះពុទ្ធនេះ មិនមែនជាការជាន់ឈ្លីនោះទេ តែផ្ទុយទៅវិញ គឺជាលើកតម្លៃ  និងជួយបំផុសស្មារតីឲ្យប្រជាពលរដ្ឋ ដែលកាន់ព្រះពុទ្ធសាសនា បានរលឹកនឹកឃើញជានិច្ច ដល់ព្រះសម្មាសម្ពុទ្ធ និងការគោរពប្រណិប័តន៍ទៅលើព្រះពុទ្ធសាសនា រាល់ពួកគេបានកាន់ក្រដាសប្រាក់មួយសន្លឹកនេះ»។

ព្រះតេជគុណ ធឹង ច័ន្ទត្រា បានមានសង្ឃដីកា ឲ្យដឹងផងដែរថា ការបង្ហាញវត្តមានព្រះកែវមរកតនៅលើក្រដាស  ប្រាក់ គឺជានិមិត្តរូប នៃសុខសន្តិភាព និងភាពក្សេមក្សាន្ត នៃប្រទេសកម្ពុជាផងដែរ។ ប្រទេសកាន់នូវព្រះពុទ្ធ សាសនា មានការគោរពយ៉ាងខ្លាំងចំពោះព្រះកែវមរកត ព្រោះព្រះកែវមរកត តំណាងឲ្យភាពត្រជាក់ត្រជុំ ហើយ  ប្រទេសដែលមានព្រះកែវមរកត នឹងមាននូវសុខសន្តិភាព និងភាពសុខដុមសម្រាប់ប្រជាជន និងប្រទេសជាតិ ទាំងមូល។

តែទោះជាយ៉ាងណា ព្រះតេជគុណ បង្ហាញនូវទស្សនៈផ្ទាល់របស់ព្រះអង្គថា ការបោះពុម្ពដោយរំលេចនូវព្រះពុទ្ធ បដិមា ព្រះកែវមរកត និង អតីតព្រះមហាក្សត្រគ្រាសាងព្រះផ្នួសជារឿងមួយដ៏ល្អសម្រាប់ព្រះពុទ្ធសាសនា តែ ព្រះ អង្គសូមអំពាវនាវ ដល់ប្រជាពុទ្ធបរិស័ទ ដែលប្រើប្រាស់ក្រដាសធនប័ត្រថ្មីនេះ គួរតែមានការទុកដាក់នៅ កន្លែងសមគួរ និងប្រើប្រាស់ប្រកបដោយសេចក្តីថ្លៃថ្នូរ វាចាការប្រើប្រាស់ខុសឆ្គងទាំងផ្លូវធម៌ និងច្បាប់ក្នុងសង្គ ម។ ព្រោះរូបភាព ដែលបង្ហាញនៅលើក្រដាសប្រាក់ថ្មីនេះ សុទ្ធសឹងជារូបភាពតំណាងឲ្យភាពឧត្តុង្គឧត្តម ថ្លៃថ្នូរ ខ្ពង់ខ្ពស់នៅក្នុងសង្គមកម្ពុជា។

មន្រ្តីធនាគារមួយរូប បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ការដាក់ព្រះឆាយាលក្ខណ៍អតីតព្រះមហាក្សត្រខ្មែរ កាលសាងព្រះផ្នួស ព្រះពុទ្ធបដិមា និងព្រះកែវមរកត មិនមែនជាការចង់បន្ទាបតម្លៃព្រះពុទ្ធសាសនានោះទេ តែជាការលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា ព្រោះរាល់ប្រជាពលរដ្ឋកាន់ក្រដាស់ប្រាក់នេះ នឹងបាននឹកដល់ព្រះពុទ្ធសាសនា និងព្រះសម្មាសម្ពុទ្ធជានិច្ច។

មន្រ្តីធនាគារ ដែលសុំមិនបញ្ចេញឈ្មោះរូបនេះ បានបន្តថា នៅបណ្តាប្រទេសល្បីនៅលើពិភពលោក ដូចជាអាម៉េរិកជាដើម ពួកគេក៏បានយករូបព្រះរបស់ពួកគេ ដាក់លើក្រដាស់ប្រាក់ផងដែរ។

តែទោះជាយ៉ាងណាសាធារណៈមតិមួយចំនួនបានយល់ថា ការប្រកាសដាក់ឲ្យប្រើប្រាស់ក្រដាសប្រាក់ «១០០ រៀល» ថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា គឺជាការចង់បង្ហាញពីការលើកកម្ពស់នូវតម្លៃព្រះពុទ្ធសាសនា ដែលជាសា សសនារបស់រដ្ឋ និងប្រជាជនកម្ពុជា គ្រាដែលការគោរពប្រណិប័តន៍ទៅលើព្រះពុទ្ធសាសនានាពេលបច្ចុប្បន្ន ជាពិសេសយុវវ័យជំនាន់ក្រោយតែម្តង ហាក់កំពុងមានការធ្លាក់ចុះ។ ព្រះឆាយាល័ក្ខណ៍ព្រះមាហាក្សត្រ ក្នុងភេទជា  សង្ឃ ព្រះពុទ្ធបដិមា និងព្រះកែវមរកត សុទ្ធសឹងជារូបតំណាងឲ្យសេចក្តីថ្លៃថ្នូរ ដែលបានរំលេចនូវអត្ថន័យអប់រំ  ដល់ប្រជាពលរដ្ឋកម្ពុជា ត្រូវតែប្រើប្រាស់ក្រដាស់ប្រាស់ថ្មីក្នុងសេចក្តីថ្លៃថ្នូរ ជៀសវាងការប្រើប្រាស់ ក្នុងសកម្ម  ភាពមិនគួរគប្បីទាំងឡាយនៅក្នុងសង្គមកម្ពុជា៕

ដោយសារតែនៅក្នុងក្រដាស់ប្រាក់ថ្មីនេះ បានរំលេចចេញនូវរូបព្រះកែវមរកតនោះ មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល សូមដកស្រង់យកនូវប្រវត្តិព្រះកែវមករត ចេញពីសៀវភៅ «ប្រវត្តិសាស្រ្តខ្មែរ រឿងប្រេងនិទានខ្មែរ» របស់  លោកបណ្ឌិត រស់ ចន្ត្រាបុត្រ ដែលជាប្រវត្តិវិទូខ្មែរ មកចុះផ្សាយនៅខាងក្រោម ដើម្បីបានជាគតិដល់ប្រជាពល  រដ្ឋខ្មែរ បានស្វែងយល់ដូចខាងក្រោម៖   

នៅឆ្នាំរោង ព.ស១២០០ត្រូវគ.ស៦៥៦, ក្នុងរជ្ជកាលព្រះបាទបទុមសូរ្យវង្ស ព្រះមហាក្សត្រខ្មែរទី១១ ដែលមាន ព្រះនេត្រទិព្វ មានសំពៅ មួយគ្រឿងត្រូវខ្យល់ព្យុះសង្ឃរា វាយបោកបក់យ៉ាងខ្លាំង បានរសាត់អណ្ដែតមកគឿង គល់ចតនៅកំពង់ផែព្រះមហានគរ។ សំពៅនោះ ត្រូវបែកបាក់ធ្លុះធ្លាយ ដោយសារកម្លាំងទឹករលករុញបោកច្រាន  ទៅបះនឹងផ្ទាំងថ្ម តែពង្សាវតារវត្ដកោកកាកបានសរសេរថា សំពៅបានមកគឿង នៅត្រង់ដងទន្លេ ក្នុងខេត្ដ បន្ទាយមាស។

សំពៅនោះមានដឹកជញ្ជូននូវគម្ពីរព្រះត្រៃបិតក និងព្រះពុទ្ធរូបព្រះកែវមរកត ឯការមកដល់សំពៅនេះ គឺសុទ្ធតែជា រឿងចៃដន្យដែល គ្មាននរណាម្នាក់ បានគ្រោងទុកដឹងជាមុនឡើយ។ ព្រឹត្ដិការណ៍ចំលែកមិនធ្លាប់មាននេះ បាន ធ្វើឲ្យនាម៉ឺនរាជការតូចធំផ្អើលច្រួលច្របល់ នាំគ្នាកុះករ ចុះទៅកំពង់ផែសាកសួរចង់ដឹងពត៌មាន។

- បុព្វហេតុដើមតំបូង

កាលនោះ នៅប្រទេសមាលាន ឬ ប្រទេសលាវ មានស្ដេចមួយអង្គ ព្រះនាមធម្មាអនុរថ។ ព្រះអង្គជាស្ដេចលាវ មួយអង្គ មានរិទ្ធិអនុភាពខ្លាំងពូកែអស្ចារ្យ។ ព្រះអង្គបានបញ្ជា និងបញ្ជូនសំពៅ ពីរគ្រឿង ដោយមានព្រះសង្ឃ  និង ក្រុមដើរសំពៅរូមដំណើរផង ឲ្យចេញឆ្ពោះទៅកោះសេរីលង្កា ដើម្បីនឹងសុំចម្លងព្រះត្រៃបិតក។ សំពៅទាំង ពីរត្រូវចេញដំណើរទៅមុនព្រះអង្គ បន្ទាប់ទើបព្រះអង្គ ឡើងជិះសេះហោះសំដៅតំរង់ទៅកោះសេរីលង្កាជាក្រោ យ។

លុះទៅដល់កាលណា ព្រះបាទធម្មាអនុរថ សុំសេចក្ដីអនុញាតិពីព្រះមហាក្សត្រកោះសេរីលង្កា ដើម្បីចម្លងព្រះ ត្រៃបិតកដែលសរសេរចងក្រងជាភាសាមគ្គធៈ(ភាសាបាលី)។ ចម្លងចប់សព្វគ្រប់ហើយ ព្រះអង្គសុំព្រះពុទ្ធរូប ព្រះកែវមរតកទៀត។ ព្រះរាជាកោះសង្ការក៏ប្រទានទៅតាមការគួរ។ គេបាន តំកល់ព្រះកែវមរកត និង ព្រះត្រៃ បិដក ដែលចម្លងដោយអ្នកស្រុកប្រទេសលាវក្នុងសំពៅមួយ ចំណែកឯព្រះត្រៃបិតក ដែលចម្លងដោយអ្នកស្រុក កោះសេរីលង្កា ត្រូវតំកល់ទុកក្នុងសំពៅពីរ។ រៀបចំរួចស្រេចបាច់ហើយ ស្ដេចលាវបញ្ជា ឲ្យសំពៅទាំងពីរចេញ ដំណើរត្រលប់ទៅមុន។ ឯព្រះអង្គវិញទ្រង់ឡើងជិះសេះ ហោះទៅតាមជាក្រោយ។

មកតាមផ្លូវ ដល់កណ្ដាលមហានគរ ខ្យល់ព្យុះសង្ឃរាមួយយ៉ាងធំ បានបោកបក់ធ្វើឲ្យសំពៅទាំងពីរវង្វេងបែកផ្លូវគ្នា សំពៅដែលមានដឹក ជញ្ជូនព្រះត្រៃបិតក និងព្រះពុទ្ធរូបព្រះកែវមរកត ត្រូវបែកបាក់ខូចខាតធ្លុះធ្លាយហើយ រសាត់អណ្ដែតមកគឿងចតតាមឆ្នេរសមុទ្រខ្មែរ ចំពោះ ពង្សាវតារវត្ដទឹកវិល សំពៅនេះបានមកគឿង ចតនៅកោះ ឫស្សីកែវ ក្នុងសំពៅនោះមានព្រះពុទ្ធព្រះកែវមរកត កែវព្រះភ្លើងព្រះឧណ្ណាលោម (៤) វិន័យបិតក និងអភិធម្មបិត ក គណៈសង្ឃលាវដែលដង្ហែតាមមកជាមួយមានប្រាំមួយអង្គ ព្រះសង្ឃដែលមានឋានៈធំជាងគេ មានព្រះនាម  ព្រះពុទ្ធឃោសា។ ប្រជាពលរដ្ឋខ្មែរត្រេកអរសាទរជាអតិបរមា កាលបើបានដឹងមានភព្វវាសនា អាចធ្វើបុណ្យ កសាងកុសលក្នុងព្រះពុទ្ធ សាសនា គេនាំគ្នាស្រុះស្រួលរួមកម្លាំងមូលមីកុះករ កសាងសង់វត្ដប្រាំ គឺ វត្ដលង្កា សំ រាប់តំកល់ព្រះត្រៃបិតក វត្ដឧណ្ណាលោម ដែលនៅទី នោះគេបានសង់ចេតិយមួយយ៉ាងធំ នៅខាងក្រោយព្រះ វិហារ សំរាប់តំកល់បូជារោមប្រជុំចិញ្ចើមព្រះពុទ្ធ វត្ដកែវព្រះភ្លើង សំរាប់តំកល់ កែវព្រះភ្លើងវត្ដព្រះពុទ្ធឃោសា សំ រាប់ទទួលព្រះសង្ឃលាវ និង វត្ដព្រះពុទ្ធមានបុណ្យសំរាប់តំកល់បូជាព្រះកែវមរកត។

គ្រានោះ ចៅពញារាជាមេត្រី ស្ដេចក្រាញ់នៅស្រុកឫស្សីកែវបានធ្វើចុតហ្មាយថ្វាយទៅទូលព្រះមហាក្សត្រព្រះ បាទបទុមសូរ្យវង្ស ក្រុម មន្ដ្រីក៏បានយកដំណឹងនេះ ទៅទូលថ្វាយស្ដេចជាបន្ទាន់។ ព្រះអង្គទ្រង់សប្បាយរីករាយ ក្នុងហរិទ័យឥតឧបមា ហើយចេញបញ្ជាបង្គាប់ឲ្យ រៀបចំជាពិធីមានក្បួនចុះទៅក្រាបថ្វាយបង្គំ សុំនិមន្ដដង្ហែព្រះ កែវមរកត ព្រះត្រៃបិតក និង ព្រះសង្ឃឡើងចូលមកក្នុងព្រះនគរ។ ឯកសារ ដដែលសរសេរថា ព្រះបាទបទុម សូរ្យវង្ស បានធ្វើដំណើរយាងតាមទន្លេ ចុះមកស្រុកឫស្សីកែវ ដើម្បីចូលរួមក្នុងការកសាងវត្ដអារាមទាំង អស់នោះ ។

ព្រះសង្ឃ និង អ្នកដើរសំពៅលាវ រិះគិតនឹកពិចារណា ឃើញថាសំពៅរបស់ខ្លួន ត្រូវខូចខាតខ្ទេចខ្ទីអស់គ្មានលទ្ធ ភាព នឹងអាចវិលត្រលប់ ទៅស្រុកកំនើតវិញបានឡើយ ហើយម្យ៉ាងទៀត ព្រះមហាក្សត្រខ្មែរក៏មានទសពិធរាជ ធម៌ មានបុណ្យបារមី និង គោរពបូជាព្រះពុទ្ធសាសនា ដែរ ដូច្នេះហើយទើបបានជាលាវទាំងអស់គ្នាសុខចិត្ដ យល់ព្រមប្រគល់ថ្វាយ ព្រះត្រៃបិតក និង ព្រះកែវមរកត ព្រមទាំងចុះចូលស្ម័គ្រចិត្ដបំរើ ព្រះមហាក្សត្រខ្មែរ ចាប់ តាំងពីថ្ងៃនោះតមក។ ក្បួនធំឱឡារិកមួយត្រូវបានរៀបចំយ៉ាងគគ្រឹកគគ្រេង ទៅដង្ហែព្រះកែវមរកត និងព្រះត្រៃ បិតក យកមកតំកល់ទុកក្នុងប្រាសាទនគរវត្ដ។ មិនតែប៉ុណ្ណោះ ព្រះរាជាបានបញ្ជាឲ្យធ្វើបុណ្យទានយ៉ាងអឹកធឹក  ពាសពេញទូរទៅទាំងប្រទេស ដើម្បី អបអរសាទស្វាគមន៍ចំពោះព្រឹត្ដិការណ៍ដ៏ធំនេះ។ មិនតែប៉ុណ្ណោះ ព្រះអង្គ បានឲ្យចម្លងព្រះត្រៃបិតកជាបីច្បាប់ មួយចម្លងលើស្លឹករិត មួយលើ ប្រាក់សន្លឹក និង មួយទៀតលើមាសសន្លឹក។  ដោយខ្លាចក្រែងបាត់ច្បាប់ចាស់ព្រះត្រៃបិតក និង ខ្លាចក្រែងព្រះពុទ្ធសាសនាសាបរលាប ពីព្រោះ មានជនជាតិ សាសន៍ផ្សេងៗទៀត ដែលប្រាថ្នាចង់បានដែរព្រះ អង្គបានបង្គាប់ឲ្យសរសេរកត់ត្រាចម្លងព្រះត្រៃបិតកជាច្រើន ក្បាល លើសាស្ត្រា ស្លឹករិត ទុកសំរាប់ចែកចាយតំ កល់តាមវត្ដអារាមនានា។ គឺក្នុងគោលបំណងការពារទំនុកបំ រុង ផ្សព្វផ្សាយព្រះពុទ្ធសាសនាឲ្យបានចំរុងចំរើនត ទៅអានាគត និង ដើម្បីអប់រំបង្ហាត់បង្រៀនប្រជានុរាស្រ្ដខ្មែរ  ទូទាំងប្រទេសឲ្យមានចំណេះវិជ្ជា ចេះចងចាំ គោរពប្រណិប័តន៍ អនុវត្ដទៅតាម គន្លងធម៌។

«ពង្សាវតារវត្ដកោកកាកបានសរសេរថា ថ្ងៃដែលសំពៅនាំព្រះកែវមរកត និង ព្រះត្រៃបិតកចូលមកដល់ទឹកដីខ្មែរ  ត្រូវបានព្រះមហាក្សត្រ ខ្មែរព្រះបាទបទុមសូរ្យវង្ស កំណត់ចាត់ទុកជាសករាជថ្មីមួយក្នុងប្រវត្ដិសាស្រ្ដខ្មែរ សករាជ ថ្មី មានឈ្មោះថា «ចុល្លសករាជ» ដែលត្រូវសន្មត ចាប់ផ្ដើមដំបូងនៅក្នុងថ្ងៃ១២កើត ខែចែត្រ ឆ្នាំកុរ ព.ស.១១៨  ៣ ក្នុងមហា សករាជ ៥៦១ និង ត្រូវជាថ្ងៃទី ២២ មិនា គ.ស.៦៣៩ (តាមការ ស្រាវជ្រាវរបស់លោក F.G.Far  aut )»។

ព្រះបទុមសូរ្យវង្ស ព្រះអង្គទ្រង់គោរពបូជា ការពារ និង បានទំនុកបំរុងព្រះពុទ្ធសាសនាឥតបីមានធ្វេសប្រហែស  ព្រះអង្គបានកសាង ប្រាង្គ ប្រាសាទ វត្ដ និងព្រះពុទ្ធបដិមាករជាច្រើនទុកជាកន្លែងសក្ការៈបូជា ផ្ដល់នូវក្ដីសុខ សប្បាយក្សេមក្សាន្ដដល់ប្រជារាស្រ្ដក្នុងនគរ។

- ថ្ងៃដែលខ្មែរត្រូវបាត់បង់ ព្រះត្រៃបិតក និង ព្រះកែវមកត

យូរអង្វែងមក ពីរាជ្យស្ដេចមួយដល់រាជស្ដេចមួយ រហូតមកដល់រាជព្រះបាទសេន្ន័ករាជ្យ ព្រះមហាក្សត្រខ្មែរទី ២៣ សោយរាជ្យសម្បត្ដិ ពីព.ស.១៧៣៩ ដល់ព.ស ១៧៨២ឬ គ.ស.១១៩៥ ទៅ ១២៣៨ ដែលប្រជាជនខ្មែរ ទាំងនគរស្អប់ខ្ពើម ដាក់ឈ្មោះថាស្ដេចពាល ព្រះកែវមរកត និង ព្រះត្រៃបិតក(ច្បាប់ចម្លងដើម) ត្រូវវិនាសបាត់  បង់លែងស្ថិតនៅក្នុង ស្រុកខ្មែរ។

បុព្វហេតុ គឺបណ្ដាលមកពីព្រះមហាក្សត្រអង្គនេះ មិនបំពេញភារកិច្ច និង ការតព្វកិច្ចខ្លួនជាស្ដេចផែនដី ដោយ ប្រកបទៅតាមទសពិធរាជ ធម៌។ ព្រះអង្គបានប្រើអំណាចផ្ដាច់ការ បង្កបង្កើតឲ្យមានចលាចលពាសពេញនគរ  ធ្វើឲ្យប្រជានុរាស្ដ្រក្ដៅក្រហាយរងទុក្ខវេទនា ការគ្រប់ គ្រងនគរតាមរបៀបផ្ដាច់ការ គ្មានយុត្ដិធម៌ គ្មានមនុស្សធម៌  ហើយ ដែលគិតតែពីប្រយោជន៍ក្រុមគ្រួសារ និង បនបក្សពួក បានធ្វើឲ្យវត្ថុស័ក្ដិ សិទ្ធ ឥន្រ្ទព្រហ្មទេវតា និង ធម្ម ជាតិក្ដៅ ក្រហល់ក្រហាយដាក់បណ្ដាសា ផ្តន្ទាជេរប្រទេចរកងើបមុខមិនរួច។ គ្រានោះ ស្ដេចភុជង្គនាគ និង នាគ ទាំងឡាយនាំ គ្នាមកព្រួសទឹកធ្វើឲ្យលិចលង់អស់នគរខ្មែរ។

ស្ដេចខ្មែរព្រះសេន្ន័ករាជ្យ នាំព្រះញាតិវង្ស មេនុំមេនាង ភីលៀងស្នំក្រមការ និង នាម៉ឺនពលសេនាចុះទូកសំពៅ  បើកបរសំដៅទៅចត ស្នាក់នៅជើងភ្នំដងរែក។ ស្ដេចលាវឈ្មោះអាទិច្ចវង្សបានទទួលដំណឹងនេះកាលណា ក៏ រៀបចំលើកទ័ព ភ្លាមមកដណ្ដើមយកព្រះកែវមរកត លួចប្លន់យកសម្បត្ដិទ្រព្យបស់របរ ស្បៀងអាហារ ព្រះរាជ វង្សានុវង្ស នាម៉ឺនមន្រ្ដី ប្រជាពលរដ្ឋខ្មែរ ជាមួយគ្នានោះដែរ ស្ដេចសៀមដែល ដឹងថាឱកាសល្អកំររកបាន ហុចមក ដល់ហើយ មិនបង្អង់ដៃ ក៏លើកក្បួនទ័ពចុះមកវាយប្រហារស្ដេចលាវ ដណ្ដើមយកព្រះកែវមរកតទៅថែ រក្សាតំ កល់ទុកក្នុងនគររៀងរហូតដល់សព្វថ្ងៃ។ ព្រះសេន្ន័ករាជ្យ ឬស្ដេចពាល មានព្រះរាជបុត្រមួយព្រះអង្គព្រះនាម សីហនុកុមារ។ ប្រវត្ដិ ស្ដេចពាល និង ព្រះសីហនុកុមារ យើងនិងលើកយកមកអធិប្បាក្នុងជំពូកក្រោយ។

- កំណត់សំគាល់

១ -ក្នុងបុព្វកាល អ្នកដឹកនាំខ្មែរ ប្រជាជនខ្មែរ ក៏ដូចជាប្រជាជនឯទៀត នៅជ្រោយសុវណ្ណភូមិដែរ គេឲ្យតំលៃទៅ លើព្រះពុទ្ធសានា ពោល ឲ្យចំ គឺលើទ្រឹស្ដីច្បាប់ក្បួនខ្នាតឬ គម្ពីរ ពីព្រោះគេចាត់ទុកគម្ពីរ ច្បាប់ក្បួនខ្នាត ជាមូល ដ្ឋានសំរាប់ការកសាងប្រទេសជាតិ បុព្វបុរសខ្មែរយល់ ច្បាស់ណាស់ ដើម្បីឲ្យស្រុកខ្មែរសុខសប្បាយបរិបូណ៌ហូរ ហៀ រចំរុងចំរើនលូតលាស់ ក្លាយជាមហានគរ គេត្រូវតែយកគម្ពីរក្បួនខ្នាត ឬ ច្បាប់ សម័យនោះ គេអនុលោម យកព្រះពុទ្ធសាសនា គឺព្រះត្រៃបិតក មកធ្វើជាមូលដ្ឋានជាតិ សំរាប់បង្រួបបង្រួមជាតិ សំរាប់ផ្សះផ្សារខ្មែរ គ្រប់ ស្រទាប់ សំរាប់គោរពអនុវត្ដ និង សំរាប់ផ្តាន់ទាទោសជនដែលប្រព្រឹត្ដបទល្មើស។ ដូនតាខ្មែរលោកយល់ថា គម្ពីរ  ឬច្បាប់អាចមានជីវិត យឺនយូរជាអមតៈ អាចស្ថិតនៅជាបង្គោលកណ្ដាលមិនលំអៀង ហើយ អាចបង្កើតឲ្យមាន ស្ថិរភាពក្នុងសង្គម។ បើមានច្បាប់ដូចជាគ្មានច្បាប់ ហើយច្បាប់ចេះតែផ្លាស់ប្ដូរ មិនទៀងទាត់តាមបបូមាត់ និង អណ្ដាតមនុស្សម្នាក់ ឬមួយក្រុម ប្រទេសជាតិនោះ ច្បាស់ជាមិនអាចមានជីវិត ស្ថិតស្ថេរចិរកាលបានយូរលង់ អង្វែងឡើយ។

២- បុព្វបុរសខ្មែរកាលបើបានទទួលគម្ពីរក្បួនខ្នាត តែងយកមកថែរក្សា ចម្លងចែកចាយជូនផ្ញើទៅទុកឲ្យរៀន សូត្រ ចងចាំគ្រប់វត្ដអារាម គឺលោកមិនដែលយកគម្ពីរក្បួនច្បាប់សៀវភៅ វត្ថុបូរាណដែលជារិសគល់វប្បធម៌ជាតិ ខ្មែរ ទៅដុតបំផ្លាញ ដូចក្នុងសម័យយង់ឃ្នងបំបាត់ពូជ សាសន៍ខ្មែរក្រហមកុម្មុយនិស្ត(៥)នោះឡើយ បុព្វបុរស ខ្មែរយល់ច្បាស់ណាស់ថា ព្រះពុទ្ធសាសនា ព្រះត្រៃបិតក គម្ពីរច្បាប់ក្បួនខ្នាតទាំងនេះ ហើយដែលនាំមកនូវ ចំណេះវិជ្ជា ការចេះដឹង ការចេះវែកញែករិះគិតពិចារណា យុត្ដិធម៌ មេត្តាធម៌ មនុស្សធម៌ និងនាំឲ្យចេះស្ដាប់អ្វីជា ប្រយោជន៍ប្រជាជន ប្រយោជន៍ប្រជាជាតិ ព្រះពុទ្ធសាសនា គម្ពីរច្បាប់ ក្បួនខ្នាត អាចនឹងបណ្ដេញលែងឲ្យមាន អវិជ្ជាក្នុងសង្គមជាតិ កាលណា មនុស្សលែងមានអវិជ្ជា មនុស្សនោះអាចផ្លាស់ប្ដូរចិត្ដគំនិត លែងប្រើអំណាចផ្ដាច់ ការ លែងអាងទៅប្រើកម្លាំងបាយ ឬកម្លាំងអាវុធ លែង កាប់សំលាប់ជនជាតិឈាមជ័រឯង ដូចដែលយើងធ្លាប់ជួប ប្រទះ។ ប្រសិនបើភាពហឹង្សា កំណាចឃោរឃៅយង់ឃ្នាងព្រៃផ្សៃនៅតែមានពេញ ច្រកល្ហកក្នុងនគរទេ នោះ អវិជ្ជាបានមកគ្របដណ្ដប់ជាប់ជិតជុំសង្គមជាតិយ៉ាងក្រាស់ឃ្មឹក ហើយខណៈនោះ ពាក្យបណ្ដាំជីដូនជីតាខ្មែរ ដែល បានមានប្រសាសន៍ថា «ខ្មែរមិនចោលក្បួន យួនមិនចោលពុត សៀមស៊ុតទ្រុតមិនចោលចែចូវ» លែងមាន អត្ថន័យដែរ។ គាត់ផ្ដែផ្ដាំកុំឲ្យខ្មែរ ចោលក្បួន កុំឲ្យចោលគម្ពីរ និងច្បាប់ដែលជាមូលដ្ឋានជាតិ សក្ខីភាពជាក់ ស្ដែង មាននៅក្នុងឯអតីតកាល បើដូនតាខ្មែរគ្មានប្រាជ្ញាឈ្លាសវៃ គ្មានក្បួនខ្នាត គ្មានគម្ពីរច្បាប់ទំលាប់ គ្មានរចនា សម្ព័ន្ធជាមូលដ្ឋានទេ នោះប្រទេសខ្មែរក៏មិនអាចក្លាយ ទៅជាមហានគរនៅក្នុងជ្រោយសុវណ្ណ ភូមិនេះដែរ។  ហើយថ្ងៃដែលខ្មែរបោះបង់ចោលក្បួនច្បាប់ លែងឲ្យតំលៃលែងគោរព និងអនុវត្ដតាមច្បាប់ទំលាប់ ក្បួនគម្ពីរ ដែលធ្លាប់តែទុក ចងក្រងមក ថ្ងៃនោះក៏ជាថ្ងៃដែលខ្មែរទទួលទុក្ខទោស រងកម្មវេទនាព្រាត់ប្រាស់ឳពុកម្ដាយ ប្ដី ប្រពន្ធកូនចៅបងប្អូនញាតិសន្ដាន ហើយទឹកដី ខ្មែរក៏ត្រូវរួញបន្ដិចម្ដងៗជាលំដាប់ ដូចមានរហូតមកដល់បច្ចុប្បន្ន ។ សង្គមជាតិដែលគ្មានគម្ពីរក្បួនខ្នាត គ្មានច្បាប់ទំលាប់ ជាមូលដ្ឋាន ជារិស គល់សង្គមនោះ ជាសង្គមអវិជ្ជាមិន អាចរីកចំរើនមានអាយុវែងឡើយ សង្គមជាតិនោះរង់ចាំតែថ្ងៃអវសាន្ដ រិចរិលវិនាសហិចហោចបុណ្ណោះ ។ ឯអ្នក ទទួលខុសត្រូវដឹកនាំប្រទេសវិញ ដែលអាងប្រើកម្លាំងបាយឬ កម្លាំងទឹកប្រាក់ បក្សពួក ក៏មិនអាចគេចវេៈខ្លួន អំពី ការកាត់ទោសរបស់ ប្រជាជន និង ប្រវត្ដិសាស្រ្ដដែរ សូម្បីអន្ដជាតិដែលធម្មតា គេគិតតែផលប្រយោជន៍ជនជាតិ គេ ហើយដែលតែងតែប្រើពាក្យផ្អែមល្ហែម បញ្ជោរបោកបញ្ឆោត ក៏គេស្អប់ខ្ពើមរអើម មាក់ងាយមិនឲ្យតំលៃ ឬកិត្ដិ យសដែរ។

៣ -ព្រះបាទធនញ្ជ័យគោរពរាជ្យ ដើម្បីសុខសន្ដិភាព ដើម្បីប្រយោជន៍ជាតិ និង ប្រជារាស្ដ្រខ្មែរបានដោះស្រាយ ទំនាស់ ជាមួយនឹងស្ដេច លាវដោយសន្ដិវិធី ព្រះអង្គខំប្រឹងប្រែងគ្រប់យ៉ាង ដើម្បីធ្វើឲ្យប្រជាជនសំបូណ៌សុខ សប្បាយ គឺមានតាំងតែពីខំចាប់ដំរីជាដើម។ ព្រះអង្គខំ ផ្សព្វផ្សាយគម្ពីរព្រះត្រៃបីតក ទៅគ្រប់ទិសទីក្នុងនគរ  ដើម្បីបំបាត់អវិជ្ជា ព្រះអង្គខំគោរពប្រណិបត្ដិទៅតាមគន្លងច្បាប់ ធម៌វិន័យព្រះពុទ្ធ សាសនា ដែលព្រះអង្គមាន ជំនឿថាល្អបរិសុទ្ធ សំរាប់ប្រយោជន៍ប្រដល់ទេសជាតិ បច្ចុប្បន្ននេះ ខ្មែរសឹងតែទាំងអស់ទៅហើយ ពីថ្នាក់តូច  រហូតដក់ថ្នាក់ធំ ដែលបានប្រកាសខ្លួន ជាពុទ្ធសាសនិកជន តើមានខ្មែរប៉ុន្មាននាក់ដែលបានគោរពប្រណិបត្ដិ អនុ វត្ដទៅតាមព្រះពុទ្ធឱវាទ? តើមានខ្មែរប៉ុន្មាននាក់ដែលធ្លាប់បានយកព្រះពុទ្ធឱវាទមកត្រិះរិះ គិតពិចារណាដោះ ស្រាយសំរាប់ជាផលប្រយោជន៍ដល់ប្រជាជន និងប្រទេសជាតិ។

ដូច្នេះគ្រប់សោកនាដកម្មដែលកើតមាន ជាហូរហែមិនចេះចប់ចេះហើយក្នុងសង្គមជាតិខ្មែរ ពីអតីតកាលរហូត មកដល់បច្ចុប្បន្ន មិនមែន ជារឿងចៃដន្យ ឬជាទំនាយរបស់ព្រះពុទ្ធព្រះឥន្រ្ទ ព្រះព្រហ្មនោះឡើយ។ បើតាមពុទ្ធ ឱវាទ វាជាការកសាងរបស់ប្រជាជនខ្មែរ របស់យើង គ្រប់រូប បើយើងមិនខំរៀនសូត្រឲ្យមានវិជ្ជាទេ អវិជ្ជា និង ផលអាក្រក់ទាំងឡាយ នឹងមកគ្របដណ្ដប់បង្កើតសោកនាដ្យកម្មភ្លាម ដោយមិនចាំ បាច់ជាតិមុខ ឬជាតិក្រោយ ឡើយ។ ឧទាហរណ៍ ជាក់ស្ដែង ដោយសារអវិជ្ជា ដោយសារខ្វះការពិចារណា ដោយសារចាញ់បោកការ ឃោសនា បញ្ឆោតភូតភរ បំភ័ន្ដការពិត សំលុតស្មារតីខ្មែរមួយនគរទាំងតូចទាំងធំ ទាំងប្រាជ្ញទាំងល្ងង់យល់ច្រលំ ជឿជាក់យ៉ាងសែនច្បាស់ថា ពួកខ្មែរ ក្រហមស្អាតស្អំ ល្អបរិសុទ្ធមិនពុករលួយស្រលាញ់ជាតិមិនចេះស៊ីសំណូក  មិនចេះលួចប្លន់ជាតិ និង ប្រជាពលរដ្ឋ ហើយអាច នឹងផ្ដល់សុខសន្ដិ ភាពចំរុងចំរើនលូតលាស់។ ខ្មែរក្រហម ស្រលាញ់ជាតិមែន ស្រលាញ់រហូតដល់ទៅលេបស៊ីខ្មែរដល់ឆ្អឹងអស់រាប់លាននាក់ ប្រមែប្រមូល យកអស់ទ្រព្យ សម្បត្ដិខ្មែរមួយនគរ មកទុកថែរក្សាធ្វើជាសម្បត្ដិអង្គការ នែនាំ ឲ្យខ្មែរធ្វើការទាំងយប់ទាំងថ្ងៃ ទាំងចាស់ទាំងក្មេង  ទាំងប្រុស ទាំងស្រី បង្អត់បាយទឹក ថ្នាំសង្កូវ រហូតទាល់តែទ្រុឌទ្រោមមានរោគាព្យាធិ ជំងឺឈឺគ្មានសល់៘  និង ៘ ហើយនៅទីបំផុត មេខ្មែរក្រហម ទាំងនេះនាំគ្នាលក់ត្បូង លក់ឈើមានលុយរាប់រយលានដុល្លាអាមេរិ កកាំង ក្លាយខ្លួនទៅជាមហាសេដ្ឋីគ្រប់ៗគ្នា(៦)។ ឧក្រិដ្ឋកម្មប៉ុណ្ណោះហើយ ពួកខ្មែរក្រហមនៅតែរួចខ្លួនទៀត  ហើយនៅតែមានអ្នកនយោបាយខ្មែរខ្លះឲ្យតំលៃ យកចិត្ដយកថ្លើមដដែល៘ គិតទៅពួកខ្មែរក្រហមបោក ខ្មែរ អស់មួយនគរ មានទាំងអ្នកល្ងង់មានទាំងអ្នកចេះដឹងបញ្ញាវន្ដ មានទាំងស្ដេច មានទាំង រាស្រ្ដ។ ទោះបីដូចនេះក៏ ដោយ ក៏អ្នកនយោបាយខ្មែរ បញ្ញាវន្ដខ្មែរ មិនព្រមទទួលស្គាល់កំហុសរបស់ខ្លួនដែរ ម្នាក់ៗអួតខ្លួនពូកែជានិច្ច មិន ចេះខុស ស្រលាញ់ជាតិជាងគេជាងឯង គ្មាននរណាអាចនឹង ស្មើផ្ទឹមបាន ប្រឹងប្រែងប្រើសំនួនវោហារយកល្អ  យករួចខ្លួន ហើយដោះស្រាយទំលាក់សោកនាដកម្ម ទំលាក់កំហុសទាំងប៉ុន្មានទៅលើអ្នក ដទៃនិងទៅ លើព្រះ ពុទ្ធសាសនា។ អ្នកនយោបាយខ្មែរ អ្នកបញ្ញវន្ដខ្មែរ អ្នកចេះដឹងខ្មែរមិនដែលមានសេចក្ដីក្លាហានចេញមុខទទួល ខុសត្រូវ ចំពោះមុខប្រវត្ដិសាស្រ្ដទេ។

នេះ គឺមកតែអំពីខ្មែរនាំគ្នាសាបព្រួសអវិជ្ជា មិនព្រមយកក្បួនខ្នាត ច្បាប់ទំលាប់មកធ្វើជាត្រីមុខ ក្នុងការកសាង រៀបចំ ទឹកដី បើនិយាយឲ្យ ចំ គឺមកអំពីខ្មែរល្ងង់ឬ មកអំពីខ្មែរត្រូវអ្នកដឹកនាំពង្វក់ធ្វើឲ្យល្ងង់ ឬមកអំពីអ្នកដឹកនាំ ខ្មែរគ្មានសមត្ថភាព គិតតែអំណាច និងប្រយោជន៍ផ្ទាល់ ខ្លួន ឬមកអំពីខ្មែរមិនចង់ចេះមិនចង់ដឹង មិនចង់មានវិជ្ជ  ឬមួយក៏ខ្មែរ មិនហ៊ានតស៊ូដោយយល់ថានេះជាកម្មពីបុព្វេ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>