តាកែវ៖ នេះជាស័ករាជថ្មីមួយទៀត របស់បងប្អូនអាជីវកររកស៊ី នៅរមណីយដ្ឋានទន្លេបាទី បន្ទាប់ពីសាលាខេត្តតាកែវ បានដកអាជ្ញាប័ណ្ណពី ក្រុមហ៊ុនវិនិយោគ រួចមកប្រគល់ជូនប្រជាពលរដ្ឋមូលដ្ឋានវិញ តាមរយៈការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន និងលេខាជាដើម ។
ពិធីប្រកាសដកអាជ្ញាប័ណ្ណ ពីក្រុមហ៊ុនវិនិយោគនៅទន្លេបាទីខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ ក្រោមវត្តមានលោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាសហប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកបាទី លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនផ្សេងទៀត។
យោងតាមបណ្តាញ ទំនាក់ទំនង Facebook របស់រដ្ឋបាលខេត្តតាកែវ បានបង្ហាញថា ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងខេត្តតាកែវ បានរៀបចំពិធីបោះឆ្នោត ដើម្បីជ្រើសរើសប្រធានសហគមន៍ទន្លេបាទី ដោយមានការចូលរួមពីលោក លោកស្រី សមាជិក សមាជិកា ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកបាទី អភិបាល អភិបាលរង ស្រុក មេឃុំ មេភូមិ និងបងប្អូនអាជីវករ នៅរមណីយដ្ឋានទន្លេបាទីទាំងអស់។
ការបោះឆ្នោតនេះមាន ការឈរឈ្មោះពីបេក្ខភាព ដែលជាតំណាងក្រុមនីមួយៗ ចំនួន ១៤ រូប ដោយបោះឆ្នោត យកចំនួន ៧រូបជាក្រុមប្រឹក្សាភិបាល សហគមន៍ ហើយក្នុងនោះ ៣រូប ជាប្រធាន អនុប្រធាន និងលេខាធិការសហគមន៍។
ក្នុងឱកាសនោះ គណៈអធិបតីបានមានប្រសាសន៍ សំណេះសំណាល និងផ្តាំផ្ញើបងប្អូនថា ពេលនេះរមណីយដ្ឋានទន្លេបាទី បានស្ថិតក្រោមការគ្រប់គ្រងផ្ទាល់ របស់បងប្អូនហើយ ដូច្នេះបងប្អូនត្រូវខិតខំយកចិត្តទុកដាក់អភិវឌ្ឍន៍ រមណីយដ្ឋាននេះ ដើម្បីទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិចូលមកទស្សនា ជាពិសេសត្រូវខិតខំថែរក្សាបរិស្ថាន ក្នុងរមណីយដ្ឋានរបស់យើង ឱ្យបានល្អ ម្ហូបអាហារត្រូវមានអនាម័យ និងមានតម្លៃ សមរម្យដែលអាចទទួលយកបាន៕