ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់មួយរូប របស់ក្រសួងយុត្តិធម៌បានធ្វើការអះអាងថា អង្គប្រជុំរបស់ឧត្តមក្រុមប្រឹក្សា នៃអង្គចៅ ក្រម ក្រោមព្រះវត្តមានរបស់ព្រះមហាក្សត្រ ដែលប្រព្រឹត្តឡើង កាលពីព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៥បានសម្រេច ធ្វើការតែងតាំងចៅក្រម ព្រះរាជអាជ្ញា រួមទាំងលុបឈ្មោះចៅក្រមមួយចំនួន ដោយក្នុងនោះអង្គប្រជុំក៏បានសម្រេចធ្វើ ការតែងតាំងប្រធាន និងព្រះរាជអាជ្ញា អមសាលាដំបូងខេត្តត្បូងឃ្មុំ ដែលជាខេត្តទើបបង្កើតថ្មីផងដែរ ។
យោងតាមលទ្ធផលសម័យប្រជុំ របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលត្រូវប្រកាសនៅរសៀលថ្ងៃដដែលនេះ បានឲ្យដឹងថា ទី១ អង្គប្រជុំបានអនុម័តយល់ព្រមលើបទបញ្ជាផ្ទៃក្នុង នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។ ទី២ អង្គប្រជុំ បានសម្រេចយល់ព្រម ផ្តាច់ពីមុខងារជាចៅក្រម ឬព្រះរាជអាជ្ញា របស់សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចំនួន ៧រូប ។ ទី៣ អង្គប្រជុំបានពិភាក្សា និងយល់ព្រមលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីក្រមខណ្ឌឋានន្តរសក្តិ និងថ្នាក់ សម្រាប់ចៅក្រម និងព្រះរាជអាជ្ញា ។ ទី៤ អង្គប្រជុំបានសម្រេចយល់ព្រមតែងតាំង អនុប្រធានតុលាការកំពូលមួយរូប ប្រធានសាលាដំបូងខេត្តតាកែវមួយរូប ប្រធានសាលាដំបូងខេត្តត្បូងឃ្មុំមួយរូប អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ពីររូប ផ្ទេរភារកិច្ចអនុប្រធានសាលាដំបូង និងចៅក្រម ដែលរួមមាន អនុប្រធានសាលាដំបូង ខេត្តកណ្តាលមកបម្រើ ការងារជាអនុប្រធានសាលាដំបូង រាជធានីភ្នំពេញមួយរូប និងចៅក្រមចំនួនបីរូប ពិគ្រោះយោបល់លើសំណើតែងតាំង អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការ អមតុលាការកំពូលមួយរូប ព្រះរាជអាជ្ញាអមសាលាដំបូងមួយរូប និងព្រះរាជ អាជ្ញាអមសាលាដំបូង ខេត្តត្បូងឃ្មុំមួយរូប ។ ពិគ្រោះយោបល់លើសំណើផ្ទេរមុខតំណែង និងតែងតាំងព្រះរាជអាជ្ញារង ចំនួនប្រាំរូប ដោយអង្គប្រជុំបានសម្រេចយល់ព្រមលុបឈ្មោះលោក តុប ច័ន្ទសិរីវុធ ចេញពីក្រមខណ្ឌអង្គចៅក្រមផង ដែរ ។
លោក សំ ប្រជាមានិត នាយកខុទ្ទកាល័យ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានអះអាងថា លោក យូ ឧតារា នឹងត្រូវបានតែង តាំងជាអនុប្រធានតុលាការ កំពូល លោកស្រី អ៊ិន ម៉ានិត នឹងត្រូវធ្វើការតែងតាំងជាប្រធានសាលាដំបូង ខេត្តតាកែវជំនួសលោក ប្លង់ ឆ្លាម ដែល ត្រូវទៅទទួលមុខងារ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។ ដោយឡែកស្ថាប័ន តុលាការខេត្តត្បូងឃ្មុំ ដែលត្រូវបង្កើតថ្មី ប្រធានតុលាការត្រូវបានគេអះអាងថា នឹងបានទៅលើ លោក ជុំ សរ អតីតប្រធានសាលាដំបូងខេត្ត ប៉ៃលិន រីឯព្រះរាជអាជ្ញានឹងត្រូវបានទៅលើលោក ហៀង សុភ័ក្រ្ត ដែលបច្ចុប្បន្នមានតួនាទីជាព្រះរាជអាជ្ញារង អម សាលាដំបូង រាជធានីភ្នំពេញ ។ ដោយឡែកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល និងចៅក្រម ព្រះរាជអាជ្ញារង ដែលនឹងត្រូវធ្វើការផ្លាស់ប្តូរ និងតែងតាំងមួយចំនួនទៀត មិនទាន់ត្រូវបានគេបញ្ចេញឈ្មោះឲ្យដឹងនៅឡើយនោះទេ ៕