ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទកម្ពុជា បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល នៃប្រទេសថៃ ដែលបានយល់ព្រមឲ្យមន្រ្តីកម្ពុជា ចូលទៅធ្វើប័ណ្ណពលករខ្មែរដល់កន្លែងស្នាក់នៅ។
ការថ្លែងរបស់លោកនេះ បានធ្វើឡើង នៅក្នុងឱកាសជួបជាមួយ នាយឧត្តមសេនីយ៍ Udomdej Sitabutr អនុរដ្ឋមន្រ្តី ការពារជាតិ និងជាអគ្គមេបញ្ជាការកងទ័ពជើងគោក ភូមិន្ទថៃ កាលពីរសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ នៅអគ្គ បញ្ជាការដ្ឋាន រាជធានីភ្នំពេញ ។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន ក៏បានអរគុណភាគីថៃ ចំពោះការចុះបញ្ជីពលករខ្មែរ ឲ្យស្របច្បាប់ និងអនុញ្ញាតឲ្យ មន្រ្តីកម្ពុជា ចុះធ្វើប័ណ្ណពលករ ដល់កន្លែងស្នាក់នៅជាដើម ។
ក្នុងជំនួបនោះ ប្រមុខកងទ័ពប្រទេសទាំង ២ បានបង្ហាញពីមនោសញ្ចេតនា ស្វាគមន៍គ្នាទៅវិញទៅមក ក្នុងបរិយាកាស មិត្តភាពកក់ក្តៅ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនង ដ៏ជិតស្និទរវាងកងទ័ពប្រទេសទាំង២ ។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន ចាត់ទុកដំណើរទស្សនកិច្ច របស់អគ្គមេបញ្ជាការកងទ័ព ជើងគោកភូមិន្ទថៃ នាពេល នេះ ពិតជាបានពង្រឹងពង្រីកថែមទៀត នូវកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំង២ ដែលគោលបំណងសំខាន់ គឺ បង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព និងសន្តិសុខក្នុងនាម ជាអ្នកជិតខាងល្អ និងការជំរុញនៃ ការអភិវឌ្ឍន៍ នៅតំបន់ព្រំដែន ។
គួររំលឹកថា កិច្ចប្រជុំលើកទី៩ នៃគណៈកម្មការចម្រុះ កិច្ចសហប្រតិបត្តិការទ្វេរភាគី កម្ពុជា-ថៃ កាលពីថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០១៥ នៅខេត្តសៀមរាប កម្ពុជា និងថៃ បានពិភាក្សាគ្នាលើ បញ្ហាជាច្រើនអំពីបញ្ហាសន្តិសុខ នៅតំបន់ ព្រំដែន ក្នុងនោះកម្ពុជា ក៏មានការទាមទារឲ្យទាហានថៃ ឈប់បាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរ ដែលឆ្លងដែន ខុសច្បាប់ ទៅប្រទេសថៃផងដែរ ។ ចំពោះបញ្ហានេះ ភាគីថៃក៏បានសន្យាថា នឹងដាក់បំរាមទៅលើកងកម្លាំង ប្រដាប់អាវុធរបស់ ខ្លួនមិនឲ្យមានការបាញ់ទៀតទេ ប្រសិនបើប្រជាពលរដ្ឋកម្ពុជាណា ដែលឆ្លងដែនខុសច្បាប់ទៅកាប់ឈើ ឬ ធ្វើខុសអ្វី ផ្សេងទៀត ថៃនឹងចាត់វិធានការតឹងរឹង ដោយគោរព តាមគោលការណ៍ច្បាប់ជាធំ នឹងមិនឲ្យប្រើអាវុធបាញ់ សម្លាប់ ប្រជាពលរដ្ឋដូចពេលកន្លងមកទៀតទេ ៕