ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាពបានថ្លែង ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា ជំនួបរវាង អ្នករាយការណ៍ ពិសេសរបស់ អង្គការសហប្រជាជាតិ លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី ជាមួយលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិ នៅម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ នាទីស្តីការក្រសួងត្រូវ បានលុបចោលទៅវិញ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏លោកមិនបានបញ្ជាក់ពីមូលហេតុឡើយ។
លោក ស៊ូប៊ែឌី បានចាប់ផ្តើមបំពេញទស្សនកិច្ច ជាលើកចុងក្រោយ របស់ លោក នៅកម្ពុជានេះ រយៈពេល៩ថ្ងៃ តាំងពីថ្ងៃទី១៧មករា ហើយនឹងបញ្ចប់ដំណើរ នៅថ្ងៃ ទី២៥ មករា ក្នុងគោលបំណងស្វែងរកការពិត នៅកម្ពុជាដោយ ផ្តោតសំខាន់លើ វឌ្ឍនភាព ដែលសម្រេចបាន ក្នុងការធ្វើឲ្យស្ថាប័នរដ្ឋឯករាជ្យ ដែលសំដៅជាពិសេសដល់ ការធ្វើកំណែ ទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌» មុននឹងបញ្ចប់អាណត្តិ នាពេលដ៏ខ្លីខាងមុខ។
សូមបញ្ជាក់ថា លោក ស៊ូប៊ែឌី ត្រូវបានទទួលការតែងតាំង ជាអ្នករាយការណ៍ពិសេស ក្នុងខែមិនា ឆ្នាំ២០០៩ក្នុងអំឡុងពេលនេះ លោកបានបំពេញទស្សនកិច្ច នៅកម្ពុជា១១ ដង ហើយលោកក៏បានបង្ហាញ របាយការណ៍ចំនួនប្រាំពីរ ដល់ក្រុម ប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ៕