-អាជ្ញាធរខណ្ឌទួលគោក ចុះបើកផ្លូវ និង ត្រៀមរៀបចំ សណ្ដាប់ធ្នាប់តាមផ្សារ និង ទីតាំងផ្សេងទៀត
ភ្នំពេញ ៖ អាជ្ញាធរខណ្ឌទួលគោក ជាម្ចាស់ទឹកដីមើលការខុសត្រូវលើផ្សារដើមគ និងផ្សារនាគមាស សំបូរទៅ មនុស្សម្នាទិញ លក់ទំនិញនោះ បានបង្ហាញការប្ដេជ្ញាចិត្ដថា មិនធ្វើឱ្យផ្លូវលេខ៣៣៦ ជាប់ផ្សារដើមគខាងជើង និងផ្លូវជុំវិញផ្សារនាគមាស ក្លាយជាជំងឺលាប់នោះឡើយ ពោលបន្ដមើលការខុសត្រូវនិងតាមដានពីលើ ខណៈដែលអាជ្ញាធរ សង្កាត់និងគណៈកម្មការ ផ្សារទាំងពីរជាអ្នកទទួលខុសត្រូវផ្ទាល់ ។
មិនឱ្យក្លាយជាជំងឺលាប់ សម្រាប់ផ្លូវទាំងនេះ ត្រូវបានអភិបាលរងខណ្ឌ ទួលគោក លោកប៉ាង លីដា ដែលប្រចាំការ រៀបចំ សណ្ដាប់ធ្នាប់នៅលើដងផ្លូវនៃផ្សារទាំងពីរនេះ បានធ្វើឡើងតាំងពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៥មកនោះ អះអាងថា នឹងមិនឱ្យមានការដាក់តាំងលក់ទំនិញ លើទ្រូងផ្លូវទាំងនេះទៀតទេ ពោលអនុញ្ញាតឱ្យលក់ត្រឹម ដែនកំណត់ ដែលអាជ្ញាធរបានគូសវាសទុក ។
លោកប៉ាង លីដា នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥នេះ បានបញ្ជាក់តាមទូរស័ព្ទថា «សម្រាប់សណ្ដាប់ធ្នាប់ តាមដងផ្លូវ នៅផ្សារនាគមាស និងផ្សារដើមគ យើងពង្រឹងបន្ថែមទៀត មិនដកខ្លួននោះឡើយ ហើយនៅថ្ងៃចន្ទ ទី២៦ ខែមករា ខាងមុខ ខ្ញុំនឹងចុះទៅផ្សារនាគមាស ដើម្បីផ្ទៀតផ្ទាត់ព្រំនៃការទទួលខុសត្រូវថា តើផ្សារទទួល ខុសត្រូវប៉ុនណា លើដែនដី និងសង្កាត់ ទទួលខុសត្រូវប៉ុនណា» ។
អភិបាលរងខណ្ឌរូបនេះ បានបន្ដទៀតថា កម្លាំងសន្ដិសុខសណ្ដាប់ធ្នាប់គឺមិនដកថយនោះឡើយ ហើយទាំងគណៈ កម្មការ ផ្សារនិងអាជ្ញាធរសង្កាត់ ត្រូវមានការទទួលខុសត្រូវខ្ពស់ ខណៈដែលខណ្ឌ ជាអ្នកមើលខាងលើជាប្រចាំ ។
លោកប៉ាង លីដា បានបញ្ជាក់ទៀតថា «បញ្ហានេះ លោកអភិបាលខណ្ឌ ឯក ឃុនដឿន បានប្រាប់ហើយថា មិនឱ្យក្លាយជា ជំងឺលាប់នោះទេ»។
បើតាមអភិបាលរងខណ្ឌ ក្រោយពីដក ខ្លួនចេញពីផ្សារដើមគ និងផ្សារនាគមាស លោកនឹងបន្ដរៀបចំសណ្ដាប់ធ្នាប់ តាមដងផ្លូវ និងកន្លែងផ្សេងទៀត បូកទាំង ផ្សារនិងជាពិសេស បើកផ្លូវពីរបីកន្លែងទៀត ឱ្យដំណើរការចរចាឡើងវិញ ខណៈដែលផ្លូវទាំង នោះ ដូចជាផ្លូវលេខ៥៦៦ ក្លាយជាចំការចេក និងចំការអំពៅអស់ទៅ ហើយ។
លោកប៉ាង លីដា បានពន្យល់ថា ការបើក ផ្លូវពីរបីខ្សែទៀតនោះ គឺដើម្បីភ្ជាប់ទៅនឹង ផ្លូវ R5R6 នៅតំបន់ បឹងកក់ ដែលអាចឱ្យ ប្រជា ពលរដ្ឋធ្វើដំណើរឆ្លងកាត់បាន ។
ជាក់ស្ដែងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ លោកប៉ាង លីដា និងមន្ដ្រីជំនាញ បានចុះទៅពិនិត្យមើល ដើម្បីបើកផ្លូវ លេខ៦០៨ កែងផ្លូវលេខ២៨៣ ក្នុងសង្កាត់បឹងកក់ទី១ បឹងកក់ទី២ ខណ្ឌទួលគោក ខណៈដែលផ្លូវ ទាំងនេះ មិនអាច ធ្វើចរាចរបាន ។
សូមបញ្ជាក់ថា ផ្លូវនៅជុំវិញផ្សារនាគមាស និងផ្សារដើមគ តាំងពីដើមរៀងមក មិនអាចធ្វើដំណើរដោយរថយន្ដ បាន នោះឡើយ ហើយស្ទើរតែមិនអាចទៅរួច ព្រោះតែអាជីវករបានលក់ទំនិញ នៅលើទ្រូងផ្លូវពេញអស់ទៅហើយ នោះ ប៉ុន្ដែចាប់តាំង ពីថ្ងៃទី១២ ខែមករា កន្លងទៅនេះ អាជ្ញាធរខណ្ឌទួលគោក បានចុះរៀបសណ្ដាប់ធ្នាប់ តាមបណ្ដាផ្លូវ ខាងលើ អាចឱ្យចរាចរណ៍ឡើងវិញ ។
លោកប៉ាង លីដា បានអះអាងថា ក្រុម ការងារនិងឈរជើងរៀបចំសណ្ដាប់ធ្នាប់នៅ ផ្សារទាំងពីរនេះ ក្នុងរយៈពេល ១៥ ថ្ងៃ មិនឱ្យ មានការដាក់តាំងលក់លើទ្រូងផ្លូវដូចមុនទៀតទេ។
លោក ប៉ាង លីដា ចុះពិនិត្យខ្សែលេខ៦០៨ កែង២៨៣ ដើម្បីបើកដំណើរការឡើងវិញ