ព្រៃវែង ៖ អ្នកស្រុកពោធិ៍រៀង របស់ខេត្តព្រៃវែង ក្រៅពីទទួលបាន សមិទ្ធផល ជាច្រើន ហើយនោះ នាពេលខាងមុខ ដ៏ខ្លី ប្រជាពលរដ្ឋទាំងអស់ នឹងទទួលបាន កាដូប្រវត្តិសាស្រ្តមួយ ទៀត ពីរាជរដ្ឋាភិបាល គឺផ្លូវប្រវែង ៣៦គីឡូម៉ែត្រ និងស្ពាន ចំនួន៣កន្លែង។
ទាំងផ្លូវ និងស្ពាន ដែលជាសមិទ្ធផលថ្មី ផ្តល់ជូនពីរាជរដ្ឋាភិបាលកម្ពុជា នាពេលនេះ គឺស្ថិតនៅក្រោមដំណើរ សាងសង់ និងស្ថាបនានៅឡើយ ពីកម្លាំងកងវិស្វកម្ម របស់ អគ្គមេបញ្ជាការ ហើយគ្រោងដាក់ឲ្យ ដំណើរនាឆ្នាំ២០១៥នេះ ។
កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ ក្រោយពីបញ្ចប់ការ អញ្ជើញចូលរួម ជួបប្រជាពលរដ្ឋ នៅក្នុងវេទិកា សាធារណៈរួចមក នោះ អភិបាលខេត្តព្រៃវែង លោក ហាស់ សារ៉េត និងលោក ឈន សារ៉ាណេ នាយរងសេនា ធិការចំរុះ និងជាមេបញ្ជាការរង បញ្ជាការដ្ឋាន វិស្វកម្មអគ្គបញ្ជាការ បានចុះទៅពិនិត្យមើល ដំណើរការសាងសង់ នៃផ្លូវប្រវែង ៣៦គីឡូម៉ែត្រ និងស្ពាន ទាំង៣កន្លែងនេះ។
ជាមួយថ្មីម្តងទៀត លោក ហាស់ សារ៉េត អភិបាលខេត្តព្រៃវែង បានបង្ហាញ នូវការរីកចម្រើន យ៉ាងខ្លាំងលើគ្រប់វិស័យ និយាយជារួម និយាយដោយឡែក សម្រាប់ ខេត្តព្រៃវែង ដែលលោកគ្រប់គ្រងនេះ បានបង្ហាញសមិទ្ធផលជាច្រើន ជាពិសេស ប្រព័ន្ធហេដ្ឋា រចនាសម្ព័ន្ធ ខ្វាត់ខ្វែង ជូនដល់ប្រជាពលរដ្ឋ នៅខេត្តព្រៃវែង ដើម្បីចូលរួមកាត់ បន្ថយការ លំបាកក្នុងជីវភាព របស់ពួកគាត់ បានជាច្រើន សម្រាប់ការធ្វើដំណើរ និងដឹកទំនិញផ្សេងៗ។
ជាក់ស្តែង ស្ពានអ្នកលឿង ដែលតភ្ជាប់ពីទន្លេមេគង្គ នៅក្នុងទឹកដីខេត្តកណ្តាល និងទឹកដី ខេត្តព្រៃវែង ទើបតែដាក់ ឲ្យដំណើរការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាចរន្តសេដ្ឋកិច្ចមួយ យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ មិនថា តែនៅខេត្តទាំង២នេះទេ តែសម្រាប់ប្រជាពលរដ្ឋទូទៅ ដែលឆ្លងកាត់ និងប្រើប្រាស់ស្ពាន វែងជាងគេនេះ។
អភិបាលខេត្តព្រៃវែង ក៏បានលើកឡើងនូវ ការយក ចិត្តទុកដាក់ ជាប្រចាំ របស់លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រៃវែង ដែលតែងតែជួយដោះស្រាយ នូវកង្វល់ និងទុក្ខលំបាកផ្សេងៗ របស់ប្រជាពលរដ្ឋ នៅទីនេះ។
សម្រាប់ដំណើរការស្ថាបនា និង សាងសង់ផ្លូវ និងស្ពានវិញ លោក ហាស់ សារ៉េត បានជំរុញ និងសំណូមពរ ដល់កងកម្លាំង វិស្វកម្មអនុវត្តគម្រោងនេះ ឲ្យមានបាននៅក្នុងឆ្នាំ២០១៥នេះ ដើម្បីជាប្រយោជន៍រួម របស់ ប្រជាពលរដ្ឋ នៅស្រុកពោធិ៍រៀងទាំងមូល៕
អភិបាល ខេត្តព្រៃវែង ចុះពិនិត្យការស្ថាបនាផ្លូវប្រវែង ៣៦គីឡូម៉ែត្រ និងស្ពានចំនួន៣កន្លែង
ស្ពានថ្មី ដែលត្រូវកសាងរួច សម្រាប់ការឆ្លងកាត់របស់ប្រជាពលរដ្ឋ
ស្ពានចាស់ ដែលប្រជាពលរដ្ឋ បានឆ្លងកាត់ នាពេលកន្លងទៅ