ស្វាយរៀង ៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៥ បានដឹកនាំគណៈប្រតិភូមួយក្រុម ចុះទស្សនកិច្ចស្វែងយល់ ពីចង្វាក់ផលិតកម្ម នៅរោងចក្រ ក្នុងតំបន់សេដ្ឋ កិច្ចពិសេស មេនហាតធេន មានទីតាំង ស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង ។
លោក អ៊ិត សំហេង បានមានប្រសាសន៍ថា ក្នុងរយៈពេល ១៥ឆ្នាំកន្លងមកនេះ យើងពិនិត្យមើលវឌ្ឍនភាព លើវិស័យឧស្សាហកម្មកាត់ដេរ គឺពិតជាបានដើរលឿនណាស់ ពេលមុនវិស័យការងារ នៅតូចមែនទែន រោងចក្រប្រមាណ ប្រហែលជា ១០រោងចក្រ កម្មករទូទាំងប្រទេស មានប្រហែល ៣ម៉ឺននាក់ ហើយតម្លៃនៃការនាំចេញ ផលិតផលទៅ ក្រៅប្រទេសវិញ ប្រហែលជា ៤ទៅ៥លានដុល្លារអាមេរិកប៉ុណ្ណោះ ។ នៅក្នុងឆ្នាំ ១៩៩៩ កម្ពុជា បានចរចាជាមួយ សហរដ្ឋអាមេរិក ដើម្បីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលភ្ជាប់ទៅនឹងលក្ខខណ្ឌការងារបើគិតពីស្ថានភាព ប្រកួតប្រជែង ជាមួយនឹងប្រទេសនៅក្នុងតំបន់ កម្ពុជាទើបតែងើបផុតពីភ្លើងសង្រ្គាម ធនធានមនុស្សក៏តិចហេដ្ឋារចនា សម្ព័ន្ធក៏ពិបាក អញ្ចឹងយើងមានតែយកនយោបាយសង្គម ដែលល្អបរិសុទ្ធរបស់យើងទៅធ្វើ ។ ក្រោយមក ឃើញថា សមិទ្ធិផលមួយចំនួន ធំរីកដុះឡើងដូចផ្សិត រោងចក្រ ទូទាំងប្រទេសមានជាង ១០០០រោងចក្រ កម្មករមានប្រមាណ ៦៥ម៉ឺននាក់ តម្លៃនៃការនាំចេញផលិតផល ក្នុង១ឆ្នាំ ឡើងដល់ជិត ៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ។ នេះដោយ សារឆន្ទៈដ៏ច្បាស់លាស់ និងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាល រួមនឹងនយោបាយឈ្នះ-ឈ្នះ ធ្វើឲ្យ ប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាពនយោបាយ ទើបធ្វើឲ្យអ្នកវិនិយោគទុនបរទេស មានជំនឿកាន់តែជឿជាក់ ថែមទៀតមកលើកម្ពុជា ។
ចំពោះបញ្ហាបាតុកម្ម កូដកម្ម លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា គឺមានចែងនៅក្នុងច្បាប់ រាជរដ្ឋាភិបាល មិនដែលហាម ឃាត់ទេ រាជរដ្ឋាភិបាលអនុញ្ញាតឲ្យធ្វើ ប៉ុន្តែអ្វីដែលមិនអាចទទួលយកបាន គឺធ្វើទៅមិនត្រឹមត្រូវតាមច្បាប់ និងប្រើ បា្រស់អំពើហិង្សា។ ប្រជាធិបតេយ្យ និងនីតិរដ្ឋ ពីរនេះត្រូវដើរទន្ទឹមគ្នា ផ្ទុយទៅវិញ បើឲ្យសិទ្ធិតែទៅលើប្រជាធិបតេយ្យ តែមិនគោរពតាមនីតិរដ្ឋ វាបែរជាអាណាធិបតេយ្យទៅវិញ លោកបានលើកឡើងចំនួន៣ចំណុច ដែលច្បាប់បានហាម ឃាត់ ទី១- ការបិទផ្លូវសាធារណៈ ទី២- ការបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន និងទី៣-ការបង្ករបួសស្នាម ។ លោកបន្តថា កន្លងទៅអ្នកដែលធ្វើ តែងរត់គេចខ្លួនបាត់ តែចាប់ពីពេលនេះតទៅ អ្នកប្រព្រឹត្តមិនត្រូវឲ្យរួចខ្លួនឡើយ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ហើយ ។
លោករដ្ឋមន្ត្រី បានលើកឡើងបន្តថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងមហាផ្ទៃ កំពុងតែបង្កើននូវ វិធានការរឹតបន្តឹងការគ្រប់គ្រងកម្លាំងពលកម្មជាជនបរទេស ដូច្នេះ លោកបានស្នើឲ្យ គ្រប់រោងចក្រទាំងអស់ ដែលប្រើ ប្រាស់កម្លាំងពលកម្មជាជនបរទេស ត្រូវមកធ្វើប័ណ្ណ និងសៀវភៅការងារឲ្យបានគ្រប់ៗគ្នាដែលច្បាប់បានកំណត់។
សូមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេស មេនហាធេន បច្ចុប្បន្នមានក្រុមហ៊ុនចំនួន ៣០ ក្នុងនោះមានក្រុមហ៊ុនចំនួន ២៦ កំពុងបើកដំណើរការ នូវសកម្មភាពរបស់ខ្លួនយ៉ាងសកម្ម ដែលមានកម្មករ និយោជិតខ្មែរ ចំនួន ២១,៣៩៩នាក់ និង បរទេសចំនួន ៣៩៤នាក់ ចំពោះផលិតផលភាគច្រើន នាំចេញទៅកាន់សហរដ្ឋអាមេរិក សហគមន៍អឺរុប អាហ្រ្វិក និង ប្រទេសមួយចំនួនទៀត នៅក្នុងតំបន់អាស៊ាន ៕