ព្រះសីហនុ ៖ កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ មន្ត្រីស្ថាប័នពាក់ព័ន្ធ នៅខេត្តព្រះសីហនុ រួមមាននគរបាល ចរាចរណ៍ខេត្តព្រះសីហនុ សហការជាមួយគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ និងក្រុមយុវជនរបស់អង្គការ សម្ព័ន្ធ ដើម្បីសុវត្ថិភាពចរាចរណ៍ ប្រមាណជាង ២០០នាក់ បានចុះផ្សព្វផ្សាយចំណេះដឹង ស្តីអំពីច្បាប់ចរាចរណ៍ផ្លូវគោក ជូន ដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរតាមដងផ្លូវនានា ក្នុងមូលដ្ឋាននេះ ដើម្បីឲ្យបានយល់ដឹងបន្ថែមទៀត ពីសារៈ ប្រយោជន៍ នៃការគោរពច្បាប់ចរាចរណ៍ ឬការពាក់មួកការពារសុវត្ថិភាពជាដើម ។
សកម្មភាពនេះ មានការចូលរួម ពីអង្គការសង្គមស៊ីវិល និងវិស័យឯកជន ដ៏ច្រើនផុសផុលជូនដល់សាធារណជនទូទៅ នាមូលដ្ឋានខេត្ត ជាប់មាត់សមុទ្រមួយនេះ ។ លោកវរៈសេនីយ៍ឯក អ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ និង ជាប្រធានការិយាល័យកណ្តាល នគរបាលសណ្តាប់ធ្នាប់សាធារណៈ មានប្រសាសន៍ថា ការបង្កើនសកម្មភាព ចុះអប់រំ ច្បាប់ចរាចរណ៍ របស់មន្ត្រីជំនាញ សហការជាមួយមន្ត្រីសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធខេត្តពេលនេះ គឺមានបំណង បញ្ជ្រាបការយល់ដឹង ដល់ប្រជាពលរដ្ឋ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ នៅគ្រាច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងត្រូវដាក់ ឲ្យអនុវត្តនៅខែកុម្ភៈ ឆ្នាំ២០១៥នេះតទៅ ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ឲ្យចូលរួមគោរពច្បាប់ ចរា ចរណ៍ឲ្យបានទាំងអស់គ្នា ដើម្បីកាត់បន្ថយអត្រាស្លាប់ និងគ្រោះថ្នាក់នេះ ឲ្យថយមកចំនួនទាប ចាប់ពីឆ្នាំ២០១៥តទៅ ។
បន្ថែមលើនេះ លោក អ៊ី សុខា ក៏បានអំពាវនាវ ដល់គ្រប់អង្គការ សមាគម និងស្ថាប័នពាក់ព័ន្ធនានា ក្នុងខេត្តព្រះ សីហនុ រាប់បញ្ជូនគ្រឹះស្ថានសិក្សា ឬសាលារៀនជាដើម ត្រូវបំផុស និងចលនា ឲ្យយុវជនចូលរួមអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកឲ្យបានគ្រប់ៗគ្នា ។ ប្រធានអគ្គនាយករបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លោក ហ៊ួត អៀងតុង មាន ប្រសាសន៍ថា ដើម្បីចូលរួមកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍ និងអត្រាស្លាប់របស់មនុស្ស ជាមួយរាជរដ្ឋាភិបាល ស្ថាប័ននេះ បានប្រើបុគ្គលិកជិត ២០០នាក់ ដើម្បីចុះចែកជូនខិត្តប័ណ្ណ និងចុះអប់រំដល់ប្រជាពលរដ្ឋ នៅតាមផ្លូវ សាធារណៈ នាមូលដ្ឋានខេត្តព្រះសីហនុ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានទាំងអស់គ្នា ។ លោកបន្តថា អត្រា គ្រោះថ្នាក់ចរាចរណ៍ និងអត្រាមនុស្សស្លាប់ និងមិនអាចថយចុះបានទេ ដរាបណាប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវ មិនចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់នោះទេ ។ ក្រុមប្រជាពលរដ្ឋ ខេត្តព្រះសីហនុ បានសាទរ ចំពោះការបង្កើតឲ្យមានកម្មវិធីចុះអប់រំ អំពីច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់សាធារណជន បានស្វែងយល់ ពីសារៈប្រយោជន៍ នៃការគោរពច្បាប់ចរាចរណ៍ផ្លូវគោកពេលនេះ ។
អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ឈួន វ៉ន់ ក៏បានឲ្យដឹងថា គ្រោះថ្នាក់ ចរារណ៍ ដែលកើតមានជារៀងរាល់ឆ្នាំនៅកម្ពុជា គឺភាគច្រើនបណ្តាលមកពីមនុស្សមិនគោរពច្បាប់ចរាចរណ៍ ។ មាន ដូចជាបើកបរក្នុងល្បឿនលឿនហួសច្បាប់កំណត់ បើប្រជែងគ្នា គ្មានការយោគយល់ មិនគោរពសញ្ញាចរាចរណ៍ និង បើកបរក្នុងសភាពស្រវឹងជាដើម ។ ផ្តើមពីញ្ហានេះ លោកស្នើដល់ប្រជាពលរដ្ឋ ពិសេសយុវជន ត្រូវចូលរួមគោរពច្បាប់ ចរាចរណ៍ឲ្យបានគ្រប់គ្នា ពេលបើកបរយានយន្តគ្រប់ប្រភេទ មានរថយន្ត ឬម៉ូតូជាដើម នៅតាមផ្លូវសាធារណៈ។ ជាងនេះទៅទៀត អ្នកប្រើប្រាស់ម៉ូតូ ដាច់ខាតត្រូវតែពាក់មួយការពារសុវត្ថិភាពជាប្រចាំ ទោះជាចម្ងាយផ្លូវជិត ឬឆ្ងាយ បែបណាក្តី ។
លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ ក៏បានស្នើដល់ប្រជាពលរដ្ឋទូទៅ ពិសេសយុវជន ត្រូវចូលរួមគោរព ច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នា ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិត និងបំផ្លាញសេដ្ឋកិច្ចគ្រួសាររបស់ខ្លួន ។ លោកស្នើកុំឲ្យអ្នកបើកបរ ក្រោមឥទ្ធិពលនៃជាតិស្រវឹង បើកបរហួសល្បឿនកំណត់ ត្រូវគោរពសិទ្ធិអាទិភាព ក្នុង ពេលបើកបរ កុំប្រើប្រាស់ទូរស័ព្ទដៃ ពេលកំពុងបើកបរ កុំបើកបរប្រជែងគ្នា ក្នុងស្ថានភាពគ្រោះថ្នាក់ និងការពារជីវិត អ្នក ដោយពាក់មួយសុវត្ថិភាព និងពាក់ខ្សែក្រវ៉ាត់ជាដើម ។
របាយការណ៍បូកសរុបការងារ ឆ្នាំ២០១៤ របស់ការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាល ខេត្តព្រះសីហនុ បានបង្ហាញថា ខេត្តនេះមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាង ២០០ករណី (២០១៤) ក្នុងនោះកើតឡើង ទៅលើ ជនបរទេសចំនួន ៥០ករណី ។ បើប្រៀបធៀបឆ្នាំ២០១៣ គឺថយចុះចំនួន ១២ករណី។ ឆ្នាំ២០១៣ គ្រោះថ្នាក់ចរា ចរណ៍នេះ បានកើតឡើងចំនួន ២១៦ ករណី ។ គ្រោះថ្នាក់ភាគច្រើន គឺកើតឡើងរវាងរថយន្ត និងម៉ូតូជិត ៨៩ករណី និងគ្រោះថ្នាក់រវាងរថយន្ត និងរថយន្ត កើតមាន២២ករណី ។ គ្រោះថ្នាក់នេះ សម្លាប់មនុស្ស ៨៤នាក់ ក្នុងនោះមានជន បរទេសចំនួន ៦នាក់ និងរងរបួសធ្ងន់ ស្រាល សរុបមានចំនួន៣៩០នាក់ ខូចខាតយានយន្តចំនួន៣៥៩គ្រឿង ៕