កំពង់ស្ពឺៈ កម្លាំងអាវុធហត្ថ នៃមន្ទីរស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌខេត្ត រួមសហការ ជាមួយកម្លាំង អាវុធហត្ថ ស្រុកសំរោងទង បានបញ្ចេញប្រតិបត្តិការ ចំនួន២ថ្ងៃជាបន្តបន្ទាប់ តាមបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់ គ្រឿងញៀនចំនួន៧នាក់ ស្ថិតនៅ២ទីតាំងផ្សេង គ្នា គឺនៅស្រុកសំរោងទង និងក្រុងច្បារមន ព្រមទាំងដកហូត វត្ថុតាងជាថ្នាំញៀន ប្រភេទម៉ាទឹកកក ឧបករណ៍សម្រាប់ជក់ និងសម្ភារៈ លុយកាក់ មួយចំនួនផ្សេងទៀត។
ប្រតិបត្តិការតាមបង្ក្រាប ជនពាក់ព័ន្ធគ្រឿងញៀន និងឈានទៅដល់ការចុះឆែកឆេរ ទីតាំងទាំងពីរកន្លែងបានធ្វើឡើង ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ម៉ែន ស៊ីប៊ន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការ ឯកភាពតាមផ្លូវច្បាប់ ពីសំណាក់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។
លោកឧត្តមសេនីយ៍ម៉ែន ស៊ីប៊ន បានបញ្ជាក់ឲ្យដឹងថា ប្រតិបត្តិការតាមចាប់ជនល្មើសពាក់ព័ន្ធ ទៅនឹងបញ្ហាគ្រឿងញៀន ខាងលើនេះ បានធ្វើឡើងតាំងពីយប់ថ្ងៃទី២៧ រហូតដល់វេលាម៉ោង ១០និង១៥នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ នៅគោលដៅ ចំនួន២ផ្សេងគ្នា ដោយគោលដៅទី១ ស្ថិតនៅភូមិចំបក ឃុំវល្ល័សរ ស្រុកសំរោងទង និងទីតាំងទី២ស្ថិតនៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន។
លោកម៉ែន ស៊ីប៊ន បានបញ្ជាក់ទៀតថា ក្រោយពីការចុះឆែកឆេរនៅទីតាំងទាំងពីរនេះ កម្លាំងអាវុធហត្ថរបស់លោក បានឃាត់ខ្លួនជនសង្ស័យ៧នាក់ ក្នុងនោះស្រី៣នាក់ ព្រមទាំងថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន៤កញ្ចប់ធំតូច គ្រាប់កាំភ្លើងកា៥៤ ចំនួន២០គ្រាប់ បំពងទីបចំនួន២ កាំបិតកៃចំនួន២ ដាវចំនួន១ ម៉ូតូមួយគ្រឿង លុយជាងមួយលាន សម្ភារៈ សម្រាប់ជក់មួយចំនួនទៀត។
មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ហាញការផ្តេជ្ញា តាមបង្ក្រាបនិងចាប់ខ្លួនមុខសញ្ញា គ្រឿងញៀន បន្តទៀត តបតាមបទបញ្ជាដ៏ម៉ើងម៉ាត់ របស់នាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងដើម្បី រក្សាសន្តិសុខ ក៏ដូចជាកាត់បន្ថយបទល្មើស ជួនប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលផ្តើមចេញពីបញ្ហាគ្រឿងញៀននេះ។
មន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ដែលត្រូវចាប់ខ្លួននេះរួមមាន ទី១ឈ្មោះ អ៊ុង ធារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ២ឈ្មោះ យ៉ុង លីន ភេទស្រី ៣ឈ្មោះ លី គន្ធា ភេទស្រី ៤ឈ្មោះ សុខ ភ័ក្រ ភេទប្រុស ៥ឈ្មោះ ង៉ែត ចន្ធី ភេទស្រី ៦ឈ្មោះ ឡោ សុខហួរ ភេទប្រុស អាយុ២៩ឆ្នាំ ៧ឈ្មោះ មៀច បូលីន ភេទប្រុស អាយុ៣៣ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ស្ថិតក្រោមការស៊ើបសួរ និងឃុំខ្លួនជាបណ្តោះអាសន្ន នៅទីបញ្ជាការដ្ឋានអាវុធហត្ថ ខេត្តដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោស តាមផ្លូវច្បាប់៕