ភ្នំពេញ៖ គណៈកម្មការទី៨ នៃរដ្ឋសភា (គណៈកម្មការសុខាភិបាល, អតីតយុទ្ធ និងយុវនីតិសម្បទា, ការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី) បានស្នើទៅដល់ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ជួយដោះស្រាយបញ្ហា ការរំលោភទៅលើ ពលករខ្មែរ ជាស្ត្រីកំពុងធ្វើការ ចំណាកស្រុក ដែលបានទៅបម្រើការងារ នៅក្រៅប្រទេសផង។
ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រី ក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ នាទីស្តីក្រសួងកិច្ចការនារី ប្រធានគណៈកម្មការទី៨ លោកស្រី កែ សុវណ្ណរ័ត្នន៍ បានមាន ប្រសាសន៍ថា ជួយធ្វើម៉េចឲ្យពិនិត្យមើលអនុស្សរណៈ រវាងពលករកម្ពុជា ដែលទៅធ្វើការនៅប្រទេស ម៉ាឡេស៊ី ទាក់ទងនឹងការគោរព សិទ្ធិកម្មករ។
លោកស្រីបន្តថា “សូមក្រសួងជួយពិនិត្យពាក់ព័ន្ធ នឹងកម្មការចំណាកស្រុក ដែលត្រូវបានរំលោភ ការបំពាន ពីការធ្វើចំណាកស្រុកនេះ និងសូមជួយពិនិត្យមើល បញ្ហាស្រ្តី ដែលគេបណ្តេញចេញ ពីលំនៅឋានផងដែរ”។
ជាការឆ្លើយតបលោកស្រី អ៊ឹង កន្ថាផាវី បានមានប្រសាសន៍ថា ចំពោះបញ្ហាស្រ្តីខ្មែរ ដែលទៅបម្រើការងារ នៅប្រទេសក្រៅហ្នឹង កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានធ្វើការកាត់បន្ថយហានិភ័យ របស់ពួកគាត់ជាច្រើន ដូចជាការ ចុះអនុស្សារណៈជាមួយប្រទេស ជាដៃគូរជាដើម។
លោកស្រីថា “ចំពោះពាក់ព័ន្ធការងារ ជាមួយប្រទេសចិន ក្រសួងមហាផ្ទៃ ពិសេសអគ្គស្នងការនគរបាលជាតិ គាត់បានចុះអនុស្សរណជាមួយប្រទេសចិនហើយ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការបង្រ្កាប ទៅលើសស្ត្រីខ្មែរ ទៅប្រទេសចិន”។
ទាក់ទងនឹងបញ្ហារបស់ស្ត្រីនានា ដែលត្រូវបណ្តេញចេញពីដីធ្លី ត្រូវបានលោកស្រី អ៊ឹង កន្ថាផាវី បានបញ្ជាក់ថា កន្លងមកក្រសួងបាន ទទួលលិខិតពីរ ទាក់ទងនឹងស្រ្តីនៅបឹងកក់ និងនៅផ្សារបឹងកុក គឺយើងបានបញ្ជូនក្រុមការងារ នៅពិនិត្យមើលមុនសិន បើជនរងគ្រោះនោះ មិនមានធ្វើអ្វីខុសច្បាប់នោះទេ ក្រសួងកិច្ចការនារី និងធ្វើអន្តរាគមន៍។
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានបន្ថែម នៅក្នុងអាណត្តិថ្មីនេះ សម្រាប់ស្ត្រីដែលបានចូលរួមក្នុង ឆាកនយោបាយ មានកើនឡើង ពី៣២ភាគរយ រហូតបានចំនួន ៣៧ភាគរយ។ ហើយឥឡូវនេះ ដើម្បីជួយកាត់បន្ថយការ ធ្វើចំណាក ស្រុករបស់ស្ត្រីទៅធ្វើការនៅប្រទេសក្រៅនោះ ក្រសួងបានបង្កើនមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញផ្សេងៗចំនួន ១៣នៅទូទាំងប្រទេស ទៅដល់ពួកគាត់ ដូចជា ជំនាញផ្នែកឧស្សាហកម្ម និងផ្នែកទេសចរណ៍ជាដើម។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ម្សិលមិញនេះ គណៈកម្មការទី៨ ក៏បានកោះហៅ រដ្ឋមន្ត្រីក្រសួង សុខាភិបាល លោក ម៉ម ប៊ុនហេង មកសាក់សួរពីបញ្ហាក្នុងតួនាទីរបស់លោក ពិសេសបញ្ហាទាក់ទង នឹងអ្នកឆ្លងមេរោគអេដស៍នៅក្នុងឃុំរការ ស្រុកសង្កែរ ខេត្តបាត់ដំបងផងដែរ៕