ភ្នំពេញ៖ ក្រោយសមាជជ្រើស តាំងជាងពីរ សប្ដាហ៍ជា ព្រះប្រធានគណបក្ស ហ៊្វុន ស៊ិន ប៉ិច សម្ដេចក្រុម ព្រះនរោត្តម រណឬទ្ធ បានជួបសំណេះសំណាល ជាមួយមន្ត្រីរបស់បក្ស២០០រយនាក់ជាលើកដំបូងដោយបាន ប្រកាសជាថ្មីពីកិច្ចសហប្រតិបត្តិការ ជាមួយគណបក្សប្រជាជនកម្ពុជា និងបានព្រមានមន្ត្រីរបស់ខ្លួនឲ្យដើរចេញ បើមិនពេញចិត្តកិច្ចសហប្រតិបត្តិការនេះ។
នៅក្នុងពិធីសំណេះសំណាល ជាមួយ សមាជិករបស់ខ្លួននាភោជនីយដ្ឋាន ទន្លេបាសាក់២ នៅរសៀល ថ្ងៃសុក្រ នេះ សម្ដេក្រុមព្រះបញ្ជាក់ថា" តាមលិខិតចុះថ្ងៃទី១៩ខែមករា ដែលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជា គណបក្សប្រជាជនកម្ពុជា មិនត្រឹមតែលោកអបអរសាទរទេគឺមានតែលោក(ហ៊ុន សែន ) មួយទេហើយ អ្នកឯទៀតអត់មានអបអរសាទរទេ។ សម្ដេចខ្ញុំអត់ឲ្យគណបក្ស ហ្វ៊ុន ស៊ិន ប៉ិច វាយតំលៃជាដាច់ខាត។ បើឯក ឧត្តម លោក ជំទាវណាយល់ថាការគាំទ្រ នៃគណបក្សប្រជាជន វាមិនសមរម្យសុំដើរចេញទ្វារកំពុងបើករងចាំ"។
បើតាមបន្ទូលរបស់ សម្ដេចក្រុមព្រះដៃគូការងាររបស់ ហ៊្វុន ស៊ិន ប៉ិច ជាមួយគណបក្សប្រជាជនគឺជាដៃគូយុទ្ធ សាស្ត្រមួយដ៏ល្អក្នុងការងារស្ដារប្រទេសជាតិ។ នៅក្នុងពិធីសំណេះសំណាលនោះផងដែរសម្ដេចក្រុមព្រះក៏បាន ផ្ញើសារទៅលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិឲ្យត្រៀមប្រកួតគ្នាក្នុងការបោះនៅឆ្នាំ២០១៧ និង ឆ្នាំ២០១៨ ខាងមុខ។
សម្ដេចក្រុមព្រះ បានមានព្រះបន្ទូលដោយរំពឹងថា " ខ្ញុំរំពឹងខ្ញុំនឹងប្រមែប្រមូលបានមកវិញនូវអ្វីមួយដែលជាសំឡេងអ្នករាជានិយម អ្នកសីហនុនិយម មកបោះឆ្នោតឲ្យគណបក្សខ្ញុំ ហ៊្វុន ស៊ិន ប៉ិច ។ ប៉ុន្តែបើ មានអ្នក ណាចង់ទៅពិសារសម្អម្ជូរអម្ពិលជាសិទ្ធរបស់ពួកគេ"។
សម្ដេចក្រុមព្រះក៏បានឲ្យដឹងដែរថា ការងារបន្តរបស់ទ្រង់ គឺនឹងរៀបចំសមាជវិសាមញ្ញរបស់គណបក្ស នៅថ្ងៃខាងមុខមួយទៀតដើម្បីអនុម័តនូវបញ្ជាផ្ទៃក្នុង និងលក្ខខណ្ឌរបស់បក្សនិងបន្តការងាររឿងធ្វើស្លាកគណបក្សឲ្យ ឆាប់ ចប់។ ព្រះអង្គនឹងយាងដោយផ្ទាល់ទៅតាមមូលដ្ឋាន ដើម្បីជួបអ្នកគាំទ្រក្នុងគោលបំណងប្រមែលប្រមូលអ្នក រាជានិយមត្រឡប់មកវិញ។
សូមបញ្ជាក់ថា ពិធីជួបសំណេះសំណាលជាលើកដំបូង របស់សម្ដេចក្រុមព្រះ ធ្វើឡើងបន្ទាប់ពីអង្គ សមាជ របស់ គណបក្សហ៊្វុន ស៊ីនប៉ិច កាលពីថ្ងៃទី១៩ ខែមករា បោះឆ្នោតជ្រើសរើសព្រះអង្គ មកធ្វើគង់ធ្វើជាព្រះ ប្រធាន គណបក្សឡើងវិញ បន្ទាប់ពីអវត្តមានរយៈពេល៩ឆ្នាំ។
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានម្ចាស់ក្សត្រីយ៍ នរោត្តម អរុណរស្មី និង លោក ញឹក ប៊ុនឆៃ យាង ព្រះអង្គ ធ្វើជា ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ជាថ្មីឡើងវិញ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥៕