- គណបក្សប្រជាជនកម្ពុជា៖ គាំទ្រពេញទំហឹង ចំពោះរាជរដ្ឋាភិបាល របស់សម្តេចតេជោ ហ៊ុន សែន
- ប្រមុខដឹកនាំបក្ស សម្តេចតេជោ និងសម្តេច ហេង សំរិន មិនមានការថ្លែងសារទៅកាន់អ្នកព័ត៌មាននោះទេ
- ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់៖ ការបន្ថែមសាមជិកគណៈកម្មាធិការកណ្តាលថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពការងារ
- លោក ខៀវ កាញារីទ្ធ៖ សមាជិកគណៈកម្មាធិការកណ្តាល CPP វ័យក្រោម ៥០ឆ្នាំ មាន ៧០រូបស្មើ ២២,៨៨រូប ស្រី ៤៥រូប, សមាជិកវ័យលើស ៦០ឆ្នាំ មាន ១០,២៨ភាគរយ
ភ្នំពេញ៖ មហាសន្និបាតវិសាមញ្ញទូទាំងប្រទេសរបស់គណបក្ស ប្រជាជនកម្ពុជារយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ នៅម៉ោង ៦ និង០៣នាទីល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ដោយបានចេញសេចក្តីថ្លែងការណ៍ជាមួយការប្តេជ្ញាខ្ពស់ក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅ ស្វែងរកប្រជាប្រិយភាពសម្រាប់ប្រកួត ប្រជែងការបោះឆ្នោតឆ្នាំ ២០១៧-២០១៨ខាងមុខនេះ។ មហាសន្និបាត ក៏បានបោះឆ្នោតបញ្ចូលសមាជិកថ្មី ៣០៦រូប ទៅក្នុងគណៈកម្មាធិការកណ្តាលផងដែរ។
មហាសន្និបាតរយៈពេល៣ថ្ងៃ របស់គណបក្សនយោបាយដ៏ចំណាស់ និងប្រកបដោយភាពរឹងមាំនៅកម្ពុជាមួយ នេះ បានធ្វើការសម្រេចចិត្ត ៩ចំណុច ដើម្បីបន្តអនុវត្តន៍ ដឹកនាំប្រទេសកម្ពុជា ការសម្រេចចិត្តនោះមានដូចជា ការគាំទ្រពេញទំហឹងចំពោះការប្រឹងប្រែងរបស់រដ្ឋាភិបាលនីតិកាលទី៥ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, ជំរុញធ្វើកំណែទម្រង់បក្ស, ពង្រឹកសាមគ្គីផ្ទៃក្នុងឲ្យកាន់តែរឹងមាំ ព្រមទាំងសន្យារក្សាកិច្ចព្រមព្រៀងបញ្ចប់វិបត្តិនយោបាយ ២២ កក្កដា ២០១៤ ជាមួយគណបក្សសង្រ្គោះជាតិ ដើម្បីពង្រីកវប្បធម៌សន្ទនានានៅកម្ពុជា...។
គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីការបាត់បង់អាសនៈនៅក្នុងរដ្ឋសភាអស់២២ ក្នុងពេលបោះឆ្នោតជាតិកាលពី ខែកក្កដា ឆ្នាំ២០១៣កន្លងទៅ ការធ្វើកំណែទម្រង់ដ៏ស៊ីជម្រៅ បានក្លាយជាប្រធានបទដ៏ក្តៅគគុកសម្រាប់មហាសន្និបាតវិ សាមញ្ញលើកទី៣៧នេះ។ សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា នៅក្នុងសុន្ទរកថា បើកមហាសន្និបាត បានមានប្រសាសន៍ថា ការធ្វើកំណែទម្រង់ គឺជាអាយុជីវិតគណបក្ស និងប្រជាជនកម្ពុជា។
សម្តេច ហេង សំរិន បានមានប្រសាសន៍ទទួលស្គាល់ថា ក្នុងនីតិកាលទី៥ នៃរដ្ឋសភា គណបក្សប្រជាជនកម្ពុជា បានស្ថិតក្នុងបរិបទនយោបាយថ្មីមួយ ទោះបីទទួលបានការគាំទ្រពីប្រជាពលរដ្ឋដោយសំឡេងភាគច្រើនដាច់ខាតនៅទូទាំងប្រទេសក៏ដោយ តែគណបក្សបានថយអាសនៈមួយចំនួននៅក្នុងរដ្ឋសភា ទន្ទឹមនឹងអាសនៈគណបក្សប្រឆាំងមានការកើនឡើង។
សម្តេចបានបញ្ជាក់ថា «ប្រការនេះ តម្រូវឲ្យយើងត្រូវសិក្សាឲ្យបានគ្រប់ជ្រុងជ្រោយអំពីមូលហេតុ ដែលនាំឲ្យកើតមានស្ថានភាពដូច្នេះ ទន្ទឹមនឹងការវាយតម្លៃឲ្យបានម៉ត់ចត់ពីចំណុចខ្លាំង ចំណុចខ្សោយ និងមេរៀនពិសោធន៍ថ្មីៗ របស់គណបក្ស សំដៅជំរុញការធ្វើកំណែទម្រង់ឲ្យបានខ្លាំងក្លាទាន់ពេលវេលា និងមានប្រសិទ្ធភាព។ គណបក្សយើង ត្រូវតែប្តូរផ្តាច់ ដើម្បីធ្វើការងារនេះ ហើយជាក់ស្តែងយើងបានធ្វើជាបន្តបន្ទាប់រួចមកហើយ ហើយក៏ទទួលបានលទ្ធផលជាវិជ្ជមានផងដែរ»។
គណបក្សនយោបាយដ៏ចំណាស់នៅកម្ពុជា និងបានដឹកនាំអភិវឌ្ឍន៍ប្រទេសចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩នោះ នៅក្នុងមហាសន្និបាទរបស់ខ្លួន ក៏បានរំលេចនូវពាក្យក្រើនរំលឹកដាស់តឿនដល់សមាជិក សមា ជិការបស់ខ្លួន ក្រោមទិសស្លោក «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាល» ផងដែរ។ ទិសស្លោកមួយនេះ គឺជា ទិសស្លោកដ៏ក្តៅគគុកមួយ ដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា តែងតែបានក្រើនរំលឹកដល់មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីថ្ងៃបើកកិច្ចប្រជុំគណៈរដ្ឋ មន្រ្តីចាប់តាំងពីចុងឆ្នាំ២០១៣មកម្ល៉េះ។
សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានចាប់បដិសន្ធិឡើងដោយនាមដើមឈ្មោះ «បក្សប្រជាជនបដិវត្តន៍ខ្មែរ» កាលពីថ្ងៃ ២៨ ខែមិថុនា ឆ្នាំ១៩៥១ មុននឹងប្តូរមកឈ្មោះ «គណបក្សប្រជាជនកម្ពុជា» នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៩១។
គណបក្សនយោបាយ ដ៏រឹងមាំនៅកម្ពុជាមួយនេះ មានសមាជិកគណៈអចិន្ត្រៃយ៍ ៣៤រូប មានសម្តេច ជា ស៊ីម ជាប្រធាន សម្តេច ហេង សំរិន ប្រធានកិត្តិយស និងសម្តេច ហ៊ុន សែន អនុប្រធាន, សមាជិកគណៈប្រចាំការ ៩រូប (លោក សាយ ឈុំ ជាប្រធាន) និងសមាជិកគណៈកម្មាធិការកណ្តាល ២៦៨រូប។
គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសកម្ពុជាអស់រយៈពេល ៣៦ឆ្នាំមួយនេះ បានប្រកាសថា ខ្លួនបានកសាងស្នាដៃធំៗក្នុងប្រវត្តិសាស្រ្តច្រើន ដូចជាការរំដោះប្រទេសជាតិចេញពីរបបវាលពិឃាត ប៉ុល ពត, ចូលរួមចរចាគ្រប់ភាគីជម្លោះ នាំមកនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១) ឈានដល់ការនាំយកនូវសន្តិភាពទូទាំងប្រ ទេស នាំឲ្យមានការអភិវឌ្ឍន៍ និងភាពសម្បូរសប្បាយរសម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសនាពេលបច្ចុប្បន្ននេះ។
ទន្ទឹមជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញគណបក្សប្រជាជនកម្ពុជា បាននាំយកអតីតមេដឹកនាំកំពូលរបស់ របបកម្ពុជាប្រជាធិបតេយ្យ (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩) ទៅកាត់ទោសនៅក្នុងតុលាការកូនកាត់កម្ពុជា-អង្គការសហប្រជាជាតិ បន្ទាប់ពីបានបិទបញ្ចប់ទាំងស្រុងទាំងនយោបាយ និងយោធា នៃអតីតចលនាខ្មែរក្រ ហមកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៨៕