ចូហាន់នែសប៊ឺក៖ រន្ទះបាញ់ដ៏កក្រើកមេឃ រញ្ជួយដី បានសម្លាប់មនុស្ស រហូតដល់ទៅ ៦នាក់ នៅក្នុងគ្រោះថ្នាក់ ដាច់ដោយឡែកពីគ្នា ដែលបានបណ្តាលឲ្យ មនុស្ស ៣នាក់ផ្សេងទៀត រងរបួសផងដែរ។ នេះបើតាម សេចក្តីរាយការណ៍ ពីអាជ្ញាធរអាហ្វ្រិកខាងត្បូង នៅថ្ងៃចន្ទ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៥។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ដកស្រង់បន្តទៀតថា ឧប្បទ្ទវហេតុខាងលើនេះ បានកើតឡើង នៅរយៈពេល ពីរទៅបីថ្ងៃ ជាប់គ្នា ក្នុងខេត្ត ក្វាហ្ស៊ូលូ ណាតាល់ នៃភាគខាងកើតនៃប្រទេស អាហ្វ្រិកខាងត្បូង ដែលកន្លែងនោះត្រូវ បានគេដឹងថាជារឿងធម្មតាទៅហើយ ចំពោះរន្ទះ បាញ់នៅអំឡុងរដូវក្តៅបែបនេះ។
អ្នកនាំពាក្យមន្ទីរសង្គ្រោះបន្ទាន់ អាហ្វ្រិកខាងត្បូង បានអះអាងថា គ្រាន់តែរន្ទះបាញ់ចំ លំនៅដ្ឋានមួយប៉ុណ្ណោះ បានបណ្តាលឲ្យមួយគ្រួសារមានគ្នាបីនាក់ត្រូវស្លាប់ទាំងអស់។ ដោយឡែក ស្ត្រីពីរនាក់វ័យចន្លោះពី ៧០ ទៅ ៨០ឆ្នាំ និង បុរសម្នាក់ទៀត ទំនងជាវ័យ ៦០ឆ្នាំ ក៏ត្រូវបានស្លាប់ដោយសាររន្ទះបាញ់ផងដែរ។
នៅក្នុងហេតុការណ៍ដ៏អាក្រក់នោះ ស្ត្រី ៣នាក់ទៀតបានទទួលរងរបួសធ្ងន់ និង ត្រូវបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល តែមិនដឹងថា ស្ថានភាពទៅជាយ៉ាងណានោះទេ។ គួរបញ្ជាក់ ថា រន្ទះបាញ់ បានក្លាយជាបញ្ហា ចម្បងបំផុត ដែលគម្រាមកំហែងសន្តិសុខនៅភាគខាងកើត ប្រទេសអាហ្វ្រិកខាងត្បូង ស្ថិតនៅចន្លោះពីខែតុលា ដល់ មីនា។
ចំនួន មនុស្សស្លាប់ដោយសារតែរន្ទះបាញ់នៅអាហ្វ្រិកខាងត្បូង មាន ៦,៣ ក្នុងចំណោម មួយលាននាក់ក្នុងមួយឆ្នាំៗ ដែលអត្រានេះស្មើនឹងជាង ១៥ដង នៃមធ្យមភាគរបស់ សកលលោកទាំងមូល៕