ឡាកូស៖ ប្រភពពីមន្រ្តី និងកងកម្លំាង សន្តិសុខនីហ្សេរីយ៉ា បានប្រាប់ស៊ិនហួ នៅថ្ងៃចន្ទ ទី០២ថា កងកម្លំាង សន្តិសុខរបស់ ប្រទេស នីហ្សេរីយ៉ា បានសម្លាប់ក្រុមឧទ្ទាម បូកូហារំា យ៉ាងហោចណាស់អស់ ៥០០នាក់ នៅក្នុងការវាយ ប្រហាររុញច្រានគ្នា កាលពីថ្ងៃអាទិត្យ ស្ថិតនៅភាគឦសាន នៃទីក្រុង ម៉ៃឌូហ្គូរី។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅរាត្រីថ្ងៃចន្ទ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៥ បានឲ្យដឹង ដោយផ្អែកតាមការិយាល័យកណ្តាលផ្នែកការពារជាតិនីហ្សេរីយ៉ា នៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារគ្នានោះ បានកើតឡើងកាលពីថ្ងៃអាទិត្យ ដែលនោះគឺជាការវាយប្រហារយ៉ាងឆាប់រហ័សមួយ។
សេចក្តីថ្លែងការណ៍នោះបន្តថា ក្រុមឧទ្ទាមបានទទួលរងការឈឺចាប់ ដោយមានអ្នកស្លាប់ និងរបួសជាច្រើននាក់ ហើយស្ថានការណ៍ពេលនេះគឺស្ងប់ស្ងាត់ ខណៈប្រតិបត្តិបោសសម្អាតតំបន់ប៉ះពាល់ កំពុងបន្តនៅឡើយ។
ជាមួយគ្នានោះដែរ មន្រ្តីជាន់ខ្ពស់ផ្នែកសន្តិសុខ បានប្រាប់ស៊ិនហួថា សមាជិកឧទ្ទាម បូកូហារំា យ៉ាងហោចណាស់ ៥០០នាក់ បានស្លាប់ នៅក្នុងការប្រយុទ្ធគ្នានោះ។ មន្រ្តីរូបនោះបន្តថា ប៉ុស្តិ៍ត្រួតពិនិត្យជាច្រើន ត្រូវបានគេបង្កើតឡើង ដើម្បីធ្វើឲ្យប្រាកដប្រជាផ្នែកសន្តិភាព និងសន្តិសុខ នៅទីក្រុង ម៉ៃឌូហ្គូរី៕