(ភ្នំពេញ)៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាថ្មីៗនេះបានអះអាងតាមលិខិតមួយច្បាប់ ផ្ញើទៅកាន់សម្តេចហេង សំរិន ប្រធានរដ្ឋសភា ដើម្បីឆ្លើយតបចំពោះសំណើ របស់លោកស្រី តែ ច័ន្ទមនី អនុប្រធានគណៈកម្មការទី៣ នៃរដ្ឋសភាថា នឹងមិនអភិវឌ្ឍវារីអគ្គិសនីនៅតំបន់អារ៉ែងទេ ប្រសិនបើផលប៉ះពាល់ច្រើនជាងផលចំណេញ ។
នៅក្នុងលិខិតរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើទៅកាន់សម្តេចហេង សំរិន ប្រធានរដ្ឋសភា ដើម្បីឆ្លើយតបចំពោះសំណើ របស់លោកស្រី តែ ច័ន្ទមនី អនុប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា កាលពីពាក់កណ្តាលខែមុនបានឱ្យដឹងថា «រាជរដ្ឋាភិបាល បានចាត់ទុកតំបន់អារ៉ែងជាទ្រព្យសម្បត្តិដ៏វិសេសវិសាលដែលត្រូវការអភិវឌ្ឍ និងអភិរក្ស ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ។ ទោះបីជាមានឫគ្មានគម្រោងវារីអគ្គិសនី (ជាយអារ៉ែង) នេះក៏ដោយ ការប្រែក្លាយតំបន់អារ៉ែង ជាតំបន់អេកូទេសចរណ៍ គឺជារបៀបវារៈ ដែលរាជរដ្ឋាភិបាលកំពុងគិតគូនិងប្តេជ្ញាអនុវត្តឱ្យបាន»។
លិខិតដែលចុះហត្ថលេខាដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅទំព័រចុងក្រោយថា «រាជរដ្ឋាភិបាលនឹងមិនអភិវឌ្ឍតំបន់វារីអគ្គិសនី នៅតំបន់អារ៉ែងនេះទេ ប្រសិនបើការសិក្សារកឃើញថា ការបាត់បង់ដែលកើតចេញពីការអភិវឌ្ឍនេះ មានទំហំធំខ្លាំងធៀបទៅនឹងផលប្រយោជន៍សេដ្ឋកិច្ច និងផលប្រយោជន៍ផ្សេងៗ ដែលទទួលបានក្នុងក្របខណ្ឌតំបន់វារីអគ្គិសនីនេះ»។
សូមជំរាបថា កាលពីមុនប្រធានស្តីទីគណៈកម្មការទី៣ នៃរដ្ឋសភា (គណៈកម្មការ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក) លោកស្រី តែ ច័ន្ទមនី បានស្នើឲ្យនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ក្រសួង ឬស្ថាប័នពាក់ បញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងជួយអភិរក្សព្រៃ សត្វព្រៃ និងពូជត្រីមាស នៅតំបន់អារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង។ លិខិតសុំអន្តរាគមន៍នេះ ក៏សុំឱ្យសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ឈប់គម្រោងវារីអគ្គិសន្នីជាយអារ៉ែង ហើយកែច្នៃតំបន់ អារ៉ែង ឱ្យទៅជាតំបន់ អេកូទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ផងដែរ ។
ព័ត៌មានលម្អិតទាំងស្រុង សូមអានលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូន សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដូចខាងក្រោម៖