បាត់ដំបង៖ មេបញ្ជាការអាវុធហត្ថ ស្រុកថ្មគោល លោក ហួត ហ៊ុន និងសហការី បាននាំអំណោយ របស់លោកឧត្តមសេនីយ៍ត្រី ប៉ោក វណ្ណៈ មេបញ្ជាកងរាជអាវុធហត្ថ ខេត្តបាត់ដំបង ទៅចែកជូនជនចាស់ជរាទីទាល់ក្រ ឥតទីពឹង ចំនួន៥គ្រួសារ នៅភូមិព្រៃទទឹង ឃុំអូតាគី ស្រុកថ្មគោល កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ។
លោក ហួត ហ៊ុន មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកថ្មគោលបានឲ្យដឹងថា បន្ទាប់ពីការស្នូល របស់កម្លាំងប្រដាប់អាវុធហត្ថ មក កងកម្លាំងយើងតែងតែ បានចូលរួមការងារ មនុស្សធម៍ផងដែរ និងដើម្បីជួយរំលែកការ លំបាកក្នុងជីវភាពរស់នៅរបស់ ជនចាស់ជរាទីអាល់ក្រ ឥតទីពឹងនៅតាមមូលដ្ឋាននានា កន្លងមក។ ជាក់ស្តែងនៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ លោកមេបញ្ជាការ បាននាំអំណោយជាគ្រឿងឧបភោគ បរិភោគនិងថវិកា ចែកជូន៥គ្រួសារមាន៖ ទី១ឈ្មោះ មាគ វឿន ភេទស្រី អាយុ៧០ឆ្នាំ ទី២ឈ្មោះ ឈិន រិន ភេទស្រី អាយុ៨០ឆ្នាំ ទី៣ឈ្មោះ យីម ឡឹក ភេទស្រី អាយុ៨១ឆ្នាំ ទី៤ឈ្មោះ សំ ប៉ុក ភេទស្រី អាយុ៧៨ឆ្នាំ និងទី៥ ឈ្មោះ យឹម ឌុង ភេទប្រុស អាយុ៨៥ឆ្នាំ ។ ទាំង៥នាក់នេះរស់នៅភូមិព្រៃទទឹង ឃុំអូរងាគីស្រុកថ្មគោល។
លោកបញ្ជាការ បានបញ្ជាក់ថា អំណោយដែលបានយកទៅចែកជូន ជនចាស់ជរានោះម្នាក់ៗ ទទួលបាន អង្ករ១ការ៉ុងទម្ងន់ ២២.៨០គីឡូក្រាម ទឹកស៊ីអ៊ីវ២ដប ទឹកត្រី២ដប ទឹកបរិសុទ្ធ១យួរ ត្រីខ១០កំប៉ុង និងថវិកា៣ម៉ឺនរៀល ផងដែរ។
លោកបានបន្តថា រយៈពេលកន្លងមកកម្លាំងអាវុធហត្ថ យើងតែងតែបាននាំអំណោយយក ទៅចែកជូនដល់ជនចាស់ជរា ជនទីទាល់ក្រ ជាហូរហែរមិនដែលខានឡើយ ។ ថ្នាក់ដឹកនាំ មេបញ្ជាការ និងសហការីនិងនៅបន្តចែកជូនដល់ពួកគាត់ នៅពេលក្រោយបន្តទៀតផងដែរ៕