ស្ទឹងត្រែង៖ ឪពុកចុង និងកូនចុង បាននាំផឹកទឹកប្តូរនិស្ស័យ ក្លែមសាច់ទា ហើយក៏កើត ជាជម្លោះឈាន ដល់ការកាប់ សម្លាប់គ្នា លទ្ធផលចុងក្រោយ ឪពុកចុងត្រូវស្លាប់ ចំណែកកូនចុងត្រូវជាប់ឃុំ ។ ករណីនេះ បានកើតឡើង នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង១២ថ្ងៃត្រង់ នៅចំណុចអូរសាន់ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់/ក្រុងស្ទឹងត្រែង ។
លោកវរសេនីយ៍ទោ ដួង ស៊ីវុត្ថា នាយការិយាល័យព្រហ្មទណ្ឌ កំរិតធ្ងន់បានឲ្យដឹងថា ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត នៅវេលាម៉ោង២ និង៣០នាទីរសៀល ក្នុងថ្ងែដដែល ក្រោយកើតហេតុ បាន២ម៉ោង ខណៈពេលជនសង្ស័យ បំណងរត់គេចខ្លួន ។
លោកដួង ស៊ីវុត្ថា បានបន្ថែមថា ជនសង្ស័យ មានឈ្មោះដៀប ចាន់នី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរធ្វើស្រែចំការ រស់នៅក្នុង ភូមិរាជានុកូល សង្កាត់/ក្រុង ស្ទឹងត្រែង ។ ចំណែកជនរងគ្រោះ មានឈ្មោះ ឃួន សារិទ្ធ ភេទប្រុស អាយុ៦០ រស់នៅភូមិ កើត ហេតុជាមួយគ្នា និងជនសង្ស័យ (អ្នកទាំងពីរជាឪពុកចុង និងកូនចុង) ។
លោកបានបន្ថែមថា ក្រោយពីបានទទួលដំណឹងថា មានករណីឃាតកម្ម កើតឡើងរវាងឪពុកចុង និងកូនចុង និងបានទទួលបញ្ជាពី លោកវរៈសេនីយ ឯកហម ប៊ុនធែល ស្នងការរងទទួលបន្ទុកផែនព្រហ្មទណ្ឌ ទើបលោកចាត់ឲ្យកម្លាំង នៃការិយាល័យព្រហ្ម ទណ្ឌកំរិតធ្ងន់ ចេញស្ទាក់គ្រប់ច្រក ហើយក៏បានទៅដល់ចំណុច កើតហេតុនោះ ឃើញជនសង្ស័យ បម្រុងរត់គេចខ្លួន ទើបសមត្ថកិច្ចធ្វើការ ឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកកាន់ការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីសួរនាំ ។
ក្រោយការសាកសួររបស់សមត្ថកិច្ចជំនាញ ជនសង្ស័យបានឆ្លើយសារភាពថា មូល ហេតុដែលបណ្តាល ឲ្យកើតមានករណី ឃាតកម្មនេះឡើង គឺឪពុកចុងរបស់ខ្លួន ជាអ្នកផ្តើមមុន ដោយដេញខ្លួនចេញពីផ្ទះ ហើយយកពូថៅ ដេញគប់មកលើខ្លួនទៀតផង ។ ទើបខ្លួនតបតទៅវិញ ដោយយកកាំបិត វ័ធវាយទៅលើឪពុកចុង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង តែម្តង ក្រោយមកជនសង្ស័យក៏មានបំណងចង់រត់គេច តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តងទៅ ។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតនៅក្រោមការ សាកសួររបស់កម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការ ដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលា ដំបូងខេត្តចាត់ការបន្តទៅតាម និតិវិធី៕