ប៉ារីស៖ ប៉ូលិស បារាំងបានចេញ ប្រតិបត្តិការចាប់ខ្លួន ជនសង្ស័យចំនួន ៨នាក់ ដែលអាចជា បណ្តាញរបស់ ពួកឧទ្ទាមជីហាដ ពីប្រទេសស៊ីរី។ នេះបើតាមការអះអាង ពីរដ្ឋមន្ត្រីក្រសួង មហាផ្ទៃបារាំង ប៊ែណាដ កាហ្សង់នូវេ នៅថ្ងៃអង្គារ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៥។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា ជនសង្ស័យខាងលើនេះ ត្រូវបានចាប់ ខ្លួន ដោយពួកគេត្រូវ បានប៉ូលិសធ្វើការ តាមដានជាយូរណាស់មកហើយ ពីករណីលួចលាក់ បង្វឹក និង ពង្វក់យុវវ័យបារាំងមួយចំនួន ឲ្យទៅចូលរួមជា មួយនឹងក្រុមឧទ្ទាមជីហាដ នៅក្នុងប្រទេស ស៊ីរី ដែលកំពុងហែកហួរដោយសង្គ្រាមចំរុះបក្សពួកនោះ។
តាមរដ្ឋមន្ត្រីខាងលើអះអាងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួន មានអាយុ ចន្លោះពី ២១ ទៅ ៤៦ឆ្នាំ ស្ថិតនៅជាយ ទីក្រុងប៉ារីស និង លីយ៉ុង នៃអាគ្នេយ៍ប្រទេសបារាំង។ ជនសង្ស័យ ៨នាក់ ដែលក្នុងនោះមានស្ត្រីម្នាក់ដែរ ត្រូវបានប៉ូលិស បញ្ជូនទៅធ្វើការសាកសួរ ដោយឃុំខ្លួន បណ្តោះអាសន្នរយៈពេល ៩៦ម៉ោង។
គួរបញ្ជាក់ថា តាមការសន្និដ្ឋានពីផ្នែកស៊ើបអង្កេតសម្ងាត់របស់បារាំង ប្រជាជនរបស់ខ្លួន ប្រមាណជាង ១.៣០០នាក់ ត្រូវបានក្រុមជនពាលធ្វើការបញ្ចុះបញ្ចូលឲ្យក្លាយខ្លួនជាពួក ជ្រុលនិយម ហើយក្នុងនោះពួកគេមួយចំនួន មានគម្រោងធ្វើ ដំណើរទៅប្រទេស អ៊ីរ៉ាក់ និង ស៊ីរី ទៀតផង៕