កំពង់ឆ្នាំងៈ កាលពីកន្លងទៅថ្មីៗនេះ លោក ប៉ោ ទ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយ លោក ណៅ ធួក ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងលោក ចេង ញ៉ាន់ អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំសមត្ថកិច្ចចម្រុះ ចុះធ្វើអធិការកិច្ចបទល្មើសនេសាទ នៅតាមចំណុចសំខាន់ ក្នុងភូមិសាស្រ្តបឹងទន្លេសាប រួមមាន ចំណុច ឆ្នុកទ្រូ ចំណុចព្រែកតាពេជ្រ ចំណុចព្រែកតាម៉ម និងកន្លែងអភិរក្សជលផល នៅក្នុងខេត្ត កំពង់ឆ្នាំង ដោយ ឡែកក្នុងភូមិសាស្រ្តខេត្តកំពង់ធំ រួមមាន ចំណុចព្រែកតាសោម ចំណុចកន្លុកបាយក្អែក ចំណុច កោះត្របរ ចំណុចព្រែក ពាមឆ្កោក និងកន្លែងអភិរក្សជលផល មួយចំនួនទៀត នៅក្នុងខេត្តកំពង់ធំ។ គ្រប់ចំណុច នៃការចុះត្រួតពិនិត្យការងារនោះ លោករដ្ឋលេខាធិការ ប៉ោ ទ្រី បានសាកសួរព៌ត័មានមួយ ចំនួន ពីប្រជានេសាទ អំពីស្ថានភាពអំណោយផលត្រី និងការយល់ អំពីលិខិតបទដ្ឋានច្បាប់ និងអនុសាសន៍ ចំនួន ៧ចំណុច របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រ កម្ពុជា។
លោក ណៅ ធួក បានមានប្រសាសន៍ថា កន្លងមក រដ្ឋបាលជលផល បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ នូវ សភាពការណ៍ ថ្មីនៃវិស័យជលផល ក្រោយពេលដែលប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំរេចលុប រំសាយឡូត៍នេសាទទាំងអស់ នៅក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីដាក់ជូនប្រជាពលរដ្ឋប្រកបរនេសាទគ្រួសារ បង្កើត កន្លែងអភិរក្សជលផល បង្កើតសហគមន៍ នេសាទ ដើម្បីគ្រប់គ្រង ប្រភពធនធាននេសាទជលផល ឲ្យមាននិរន្តភាព ជាមួយ គ្នានោះដែរ ក៏បានធ្វើការផ្សព្វផ្សាយ ប្រកាសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាក់ស្តែង។
លោករដ្ឋលេខាធិការ ប៉ោ ទ្រី ក៏បានអញ្ជើញទៅត្រួតពិនិត្យអចិន្រ្តៃយ៍ របស់ឆ្មាំទន្លេ ដែលទើបត្រូវបានបង្កើតឡើង កាលពីពេល ថ្មីៗកន្លងទៅនេះ តាមរយៈការដាក់ចេញ នូវអនុសាសន៍ និងការចង្អុលបង្ហាញ របស់លោកឧបនាយក រដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ និងលោក ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីការបង្កើតឡើងនូវផែនការយុទ្ធសាស្រ្ត នៅក្នុងការទប់ស្តាត់និងលុបបំបាត់ បទល្មើសអនាធិបតេយ្យ នៅ ក្នុងវិស័យនេសាទប្រចាំ តំបន់បឹងទន្លេសាប តំបន់ទន្លេមេគង្គលើ តំបន់ទន្លេមេគង្គក្រោម និងតាមដងទន្លេបាសាក់៕