ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ២០១៥ ពីម៉ោង ១០:១០នាទី ដល់ម៉ោង ១២:១២នាទី ក្រុមបណ្ដាញសង្គមខ្មែរដើម្បីខ្មែរ ដឹកនាំដោយលោកបណ្ឌិត យ៉ង សាំងកុមារ បានជួបប្រជាពលរដ្ឋសកម្មក្នុងនយោបាយ នៅហាងកាហ្វេមួយ ទល់មុខផ្សាររំលង ស្ថិតក្នុងឃុំទ្រៀល ស្រុកបារាយ ខេត្តកំពង់ធំ។
ប្រជាពលរដ្ឋសកម្មក្នុងនយោបាយចូលរួមមានចំនួន១៨នាក់ គឺ ១២នាក់មកពីឃុំទ្រៀល, ៣នាក់មកពីឃុំស្រឡៅ, និង៣នាក់មកពីឃុំបារាយ។ ក្នុងនោះមានគ្រូបង្រៀនប្រមាណ ៤នាក់ ក្រៅពីនេះជាសមាជិករបស់គណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋធម្មតា។
ការជួបនេះ គឺគ្រាន់តែសំណេះសំណាលឲ្យយល់គ្នា អំពីការបង្កើតគណបក្សនយោបាយនៅមូលដ្ឋានតែប៉ុណ្ណោះ មិនមែនជាការបណ្ដុះបណ្ដាលឡើយ ដោយមានសំណួរ និងចម្លើយជុំវិញបញ្ហាបង្កើតគណបក្សមូលដ្ឋាននេះយ៉ាងផុសផុល ដែលក្រោយពីការយល់គ្នា គឺប្រជាពលរដ្ឋសកម្មក្នុងនយោបាយទាំងអស់នោះ មានការពេញចិត្ត ដោយបានសន្យាថា ចូលរួមដំណើរការបង្កើតគណបក្សនយោបាយនៅមូលដ្ឋានឃុំឲ្យបាន។ ពួកគេបានសន្យាជួបគ្នានៅពេលក្រោយទៀត។
លោកបណ្ឌិត យ៉ង សាំងកុមារ សប្បាយចិត្តយ៉ាងខ្លាំង នៅពេលឃើញបរិយាកាសពិភាក្សាគ្នា មានការយល់ចិត្តគ្នាអំពី ការបង្កើតគណបក្សនយោបាយ ដោយឈរនៅលើទីតាំងមូលដ្ឋាន។
សូមជម្រាបថា ជាគោលការណ៍របស់បណ្ដាញសង្គមខ្មែរដើម្បីខ្មែរ ក្រោយពីសំណេះសំណាលគ្នារួច ហើយ បើសិនប្រជាពលរដ្ឋសកម្មក្នុងនយោបាយ យល់ព្រមបង្កើតគណបក្សមូលដ្ឋាន គឺពួកគេត្រូវឆ្លង កាត់វគ្គសិក្សាចំនួន ៣វគ្គ ទើបមានចំណេះដឹង និងសមត្ថភាព ក្នុងការបង្កើតចូលរួមគណបក្សមូលដ្ឋាន៕