ភ្នំពេញ : អភិបាល រងខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ បានចំណាយថវិកាផ្ទាល់ខ្លួន លើការកាត់សម្លៀក បំពាក់ ជូនដល់ប្រជាការពារ សង្កាត់បឹងទំពុន និងខណ្ឌមានជ័យ ១៣០កំប្លេ ដើម្បីយកទៅស្លៀកពាក់ បម្រើ ការងារប្រចាំថ្ងៃជូនប្រជាពលរដ្ឋ ។
ការឧបត្ថម្ភឯកសណ្ឋានជូន ប្រជាការពារ សង្កាត់បឹងទំពុន និងខណ្ឌ ទាំង ១៣០នាក់ ខាងលើនេះ បានធ្វើឡើង ខណ:ដែលលោក បានចុះទៅជួបសំណេះសំណាលជាមួយប្រជាការពារទាំងនោះ ដែលមកពីសង្កាត់ ១០០នាក់ និងមកពីខណ្ឌ ៣០នាក់ កាលពីព្រឹកថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៥ ដែលធ្វើឡើង នៅទីស្នាក់ការ គណបក្សប្រជាជន សង្កាត់ បឹងទំពុន ស្ថិតនៅភូមិ ចំរើនផល ។
ជាមួយនឹងការប្រកាសឧបត្ថម្ភជាសម្លៀកបំពាក់ ១៣០កំប្លេ អភិបាលរងខណ្ឌ រូបនេះ បានហៅជាងមកវាស់ ទំហំភ្លាមៗ ដើម្បីយកទៅកាត់ត្រៀមប្រគល់ជូនជាផ្លូវការ នៅពេលក្រោយ ។
ចៅសង្កាត់បឹងទំពុន លោក សួស សារិន បានលើកឡើង អំពីសភាពការណ៍ទូទៅនៅ ក្នុងភូមិសាស្ត្រសង្កាត់ និងកត្តពកិច្ចរបស់ក្រុមប្រជាការពារលើការចូលរួមរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណ:ជូនប្រជាពលរដ្ឋ ទាំងយប់ទាំងថ្ងៃ ដោយសហការជាមួយកម្លាំងសមត្ថកិច្ចផ្សេងទៀត រួមមាន នគរបាល និងអាវុធហត្ថ ជាដើម ។
លោក ឌី រ័ត្នខេមរុណ បានជំរុញអោយប្រជាការពារទាំងអស់ ទាំងនៅថ្នាក់សង្កាត់ និងនៅថ្នាក់ខណ្ឌ ត្រូវបង្កើន កត្តកិច្ចរបស់ខ្លួនប្រកបដោយទំនួលខុសត្រូវខ្ពស់ ។ លោកបានលើកឡើងថា តួនាទីរបស់ប្រជាការពារ ពិតជា មិនអាចខ្វះបាន លើការចូលរួមថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណ:ក្នុងមូលដ្ឋាន ពីព្រោះសង្កាត់ខ្លះ មានផ្ទៃដីធំ ប៉ុន្តែកម្លាំងនគរបាល មានចំនួនតិច ដូច្នេះការចូល រួមរបស់ប្រជាការពារ លើការចុះល្បាត និង អន្តរាគមន៍ករណីផ្សេងៗ ដែលកើតមានឡើង ។
ជាមួយនឹងការបំពេញភារកិច្ចប្រចាំថ្ងៃ លោក ឌី រ័ត្នខេមរុណ បានណែនាំអោយចេះរក្សាភាពអត់ធ្មត់ ហើយមិន ត្រូវធ្វើអ្វី ដែលនាំអោយមានការរិះ និងថ្នាំងថ្នាក់ ពីប្រជាពលរដ្ឋ នោះឡើយ ។ ផ្ទុយទៅវិញ ត្រូវជួយដោះស្រាយ បញ្ហា ផ្សេងៗ ដែលពួកគាត់ជួប ប្រទះ ។
អភិបាលរងខណ្ឌ លោក ឌី រ័ត្នខេមរុណ ក៏បានធ្វើការអំពាវនាវដល់កម្លាំងប្រជាការពារទាំងអស់ក្នុងសង្កាត់ បឹងទំពុន ចាប់ពីពេលនេះតទៅ ត្រូវធ្វើការផ្លាស់ប្តូរឥរិយាបថ របស់ខ្លួន ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ ទទួល យកបាន ហើយ ក៏ត្រូវតែនាំគ្នាខិតខំធ្វើអំពើល្អដើម្បីលាងជម្រះចេញនូវការខ្វះខាត របស់ខ្លួនកន្លងមក ៕