ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥ បានរៀបចំកិច្ចប្រជុំលើកទី៦ ស្តីពី លទ្ធផលការងារ កម្មសិទ្ធិបញ្ញាប្រចាំឆ្នាំ២០១៤ និងផែនការការងារ ឆ្នាំ២០១៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ របស់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។ កិច្ចប្រជុំនេះ មានអ្នកចូលរួមប្រមាណ១០០នាក់ ដែលមកពីបណ្តាក្រសួងជាសមាជិកទាំង ចំនួន១៤ នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ។
លោកទេសរដ្ឋមន្ត្រី បានកត់សម្គាល់អំពីការវិវត្តន៍យ៉ាងឆាប់រហ័ស នៃវិស័យកម្មសិទ្ធិបញ្ញានៅក្នុងប្រទេសកម្ពុជា ដោយលើកឡើង អំពីការចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការទេ្វភាគីដ៏មានសារៈសំខាន់ នៅក្នុងរយៈពេលប៉ុន្មានខែ កន្លងទៅនេះ រវាងកម្ពុជា-ជប៉ុន កម្ពុជា-កូរ៉េ លើផ្នែកប្រព័ន្ធស្វ័យប្រវត្តិកម្មកម្មសិទ្ធិបញ្ញា ដែលជាផ្នែកមួយនៃគោលនយោបាយកែទម្រង់របស់រាជរដ្ឋាភិបាល និងការ ត្រៀមចូលសន្ធិសញ្ញាអន្តរជាតិមួយចំនួន ដូចជា ពិធីសារពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង ទីក្រុងម៉ាឌ្រីដ ស្តីពីការចុះបញ្ជីម៉ាកជាលក្ខណៈ អន្តរជាតិ និងសន្ធិសញ្ញាកិច្ចសហប្រតិបត្តិការប្រកាសនីយបត្រតក្កម្ម (PCT)។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ដោយមានការខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងពាណិជ្ជកម្ម ក្នុងនាមគណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទ្ធិបញ្ញា លើការពិនិត្យការស្នើសុំសិទ្ធិគ្រប់គ្រងលើស្នាដៃរបស់តារាចម្រៀងឯក ស៊ីន ស៊ីសាមុត ពីភរិយា និងកូនបង្កើតចំពោះបទចំរៀងចំនួន៧៣បទ ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពលើការប្រគល់សិទ្ធិគ្រប់គ្រងលើស្នាដៃនេះ។
ជាងនេះទៅទៀត លោកទេសរដ្ឋមន្ត្រី បានចាប់អារម្មណ៍យ៉ាងខ្លាំងអំពីសកម្មភាពបង្រ្កាប និងទប់ស្កាត់យ៉ាងសកម្មរបស់ស្ថាប័ន និងអង្គភាពអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា លើទំនិញរំលោភបំពាន កម្មសិទ្ធិបញ្ញា ដូចជា ថ្មីៗនេះ មានការបង្រ្កាបថ្នាំពេទ្យ និងគ្រឿង សំអាងក្លែងក្លាយទម្ងន់ជាង ៥តោន ដែលមានតម្លៃជាង១លានដុល្លារ ដែលត្រូវបាននាំចូលពីបទេសមកចែកចាយក្នុងប្រទេសកម្ពុជា និងបានដុតកម្ទេចចោល បន្ទាប់ពីប្រតិបត្តិការបង្ក្រាបបានជាច្រើនទីតាំងនៅក្នុងរាជធានីភ្នំពេញ៕