ដាម៉ាស៖ រដ្ឋមន្ត្រីការបរទេស ស៊ីរីលោក វ៉ាលីដ អាល់ មួលឡេម បាននិយាយ នៅថ្ងៃចន្ទ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥ នេះថា ប្រទេសរបស់លោក ពិតជាមិនអនុញ្ញាត ឬ ត្រូវការកងកម្លាំង បរទេសណាមួយ ដើម្បីតាម កម្ចាត់ពួកឧទ្ទាមរដ្ឋអ៊ីស្លាម ISIS នៅក្នុងទឹកដីរបស់ខ្លួនឡើយ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានដកស្រង់សម្តីក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការ បរទេសស៊ីរីដូច្នេះថា “យើងមិនអនុញ្ញាតឲ្យនរណាម្នាក់មករំលោភអធិបតេយ្យជាតិ ហើយ យើងក៏មិនត្រូវការកងទ័ពបរទេស ដើម្បីប្រយុទ្ធនឹងក្រុម ISIS ដែរ។ កងទ័ពស៊ីរីបានត្រៀម រួចជាស្រេចហើយដើម្បីបំពេញបេសកកម្មនេះ ប្រកបដោយការគាំទ្រពេញលេញ។”
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក អាល់មួលឡេម ខាងលើនេះ ធ្វើឡើងក្នុងសន្និសីទ សារព័ត៌មានរួមគ្នា បន្ទាប់ពីជំនួបពិភាក្សាជាមួយសមភាគី បេឡារុស លោក វ្លាឌីមៀ ម៉ាកៃ ដែលបានមកធ្វើទស្សនកិច្ច ក្នុងរដ្ឋធានីដាម៉ាសនៅថ្ងៃទី០៩ ខែកុម្ភៈ នេះ។
យ៉ាងណាក៏ដោយ ការអះអាងរបស់ស៊ីរីបែបនេះ គឺបន្ទាប់ពីមានសំនួរមួយចោទសួរថា តើស៊ីរី នឹងចូលរួម ឬ មួយក៏អនុញ្ញាតប្រតិបត្តិការណាមួយរបស់បរទេស ក្នុងការតាមកម្ចាត់ពួក ISIS ដែរ ឬ អត់នោះ។ ប្រទេសស៊ីរី ក៏ធ្លាប់បានស្នើសុំកិច្ចពិភាក្សាជាមួយប្រទេសហ្សកដានីដែរ បន្ទាប់ពីពីឡុតរបស់រដ្ឋនេះត្រូវពួក ISIS ដុតសម្លាប់ ប៉ុន្តែស៊ីរីអះអាងថា ហ្សកដានី ទំនងជា មិនមានសិទ្ធិ ឬ ឯករាជ្យភាពក្នុងការសម្រេចចិត្តសហការ ជាមួយស៊ីរីឡើយ៕