ភ្នំពេញ៖ ផ្លូវបេតុងមួយខ្សែ ប្រវែង៣៥០ម៉ែត្រ ចូលស្នាក់ការភូមិថ្មគោល ដែលជាអំណោយរបស់សប្បុរសជន ត្រូវបានលោក ហែម ដារិទ្ធិ អភិបាលនៃ គណអភិបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើពិធីបើកការដ្ឋាន ដើម្បីស្ថាបនា។ ពិធីនេះប្រព្រឹត្តិកាល ពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយ មានការចូលរួមពីលោក សេង គន្ធ និងលោក ឃឹម ស៊ុនសូដា អភិបាលរងនិងលោក នី សម្បិត្តិ ម្ចាស់អំណោយ,លោក សុទ្ធ សាធ ចៅសង្កាត់ចោមចៅ លោកស្រី ស៊ន សាវឿន មេភូមិ រួមនិងមន្ត្រីជុំវិញការិយាល័យខណ្ឌ ជាច្រើនរូបទៀត និងប្រជាពលរដ្ឋមេភូមិ មេភូមិរងជាច្រើនរូបទៀតផងដែរ។
នៅក្នុងពិធីនោះលោក ហែម ដារិទ្ធិ បានមានប្រសាសន៍ថា ផ្លូវមួយខ្សែដែលបើកការដ្ឋាននេះ ជាអំណោយរបស់លោក នី សម្បត្តិ មានប្រវែង៣៥០ម៉ែត្រ ដែលចំណាយទឹកប្រាក់អស់ប្រហែលជា៤៥០០០ដុល្លារ អាមេរិក តភ្ជាប់ពីផ្លូវបេតុងធំ ចូលមកកាន់ស្នាក់ភូមិថ្មគោល ដើម្បីបំរើប្រជាពលរដ្ឋនៅក្នុងភូមិ ថ្មគោលសង្កាត់ ចោមចៅ ។
លោកបានបន្តទៀតថា ដោយសារតែមានការអភិវឌ្ឍន៍ពី១ឆ្នាំ ទៅ១ឆ្នាំឥតឈប់ឈរនោះ ឃើញថាភូមិថ្មគោល បានប្រែក្លាយជាផ្លូវខ្វែងខ្វាត់ និងប្រែក្លាយពីផ្លូវដីក្រាលគ្រួសក្រហមទៅជាផ្លូវបេតុងដើម្បីសម្រួលចរាចរ ដល់ប្រជាពលរដ្ឋធ្វើដំណើរ ងាយស្រួល ។
លោកបានបន្តថា បន្ទាប់ពីស្ថាបនាផ្លូវចូលស្នាក់ភូមិនេះរួច គឺលោកនឹងឲ្យជំនាញសិក្សាផ្លូវមួយខ្សែតភ្ជាប់ ដើម្បីស្ថាបនាបន្តទៀត ប៉ុន្តែយើងត្រូវសិក្សាដីផ្លូវ ឲ្យបានច្បាស់សិនតើយើងត្រូវចាក់ដីបន្ថែមឬមួយ យ៉ាងណា ហើយចំពោះការស្ថាបនានេះ ក៏ឲ្យប្រជាពលរដ្ឋចូលរួមសហការផងដែរ ពីព្រោះការស្ថាបនា បានទៅរលូននោះលុះត្រាតែមានការចូលរួមពី ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ និងនៅក្នុងមូលដ្ឋានទាំងមូលផងដែរ ដើម្បីឲ្យមូលដ្ឋានយើង ស្របទៅតាមពាក្យស្លោកថា ទីក្រុងស្អាត ។
ជាមួយគ្នានោះលោកក៏បានអំពាវនាវដល់យុវជនខណ្ឌ យុវជនសង្កាត់ យុវជនភូមិ សូមឲ្យចូលសហការជាមួយ កម្លាំងនគរបាល ដើម្បីដើរស្រង់មើលថា គ្រួសារប្រជាពលរដ្ឋណាដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ ទាំងមិនទាន់ មាននិងអ្នកដែលទើបគ្រប់អាយុ និងសៀភៅស្នាក់នៅអ្នករស់នៅចាស់និងអ្នកទើប មករស់នៅ ដើម្បីធ្វើជូនពួកគាត់ឲ្យពួកគាត់ហើយលោកនឹងបង្កើត គណៈកម្មការចម្រុះដើម្បីដឹកនាំ កម្លាំងចូលគ្រប់ភូមិ នៅក្នុងខណ្ឌទាំងមូលតែម្តង។
ជាចុងបញ្ចប់លោកក៏សូមថ្លែងអំណរគុណ ដល់លោក នី សម្បតិ្ត ដែលបានផ្តល់ផ្លូវមួយខ្សែ នេះដល់ប្រជាពលរដ្ឋ ក្នុងភូមិថ្មគោលដើម្បីបានប្រើប្រាស់ជាប្រយោជន៍ ហើយគឺជាការចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍មូលដ្ឋានក្នុងខណ្ឌពោធិ៍សែនជ័យឲ្យកាន់តែរីកចំរើនមួយកំរិតបន្ថែមទៀត ដូច្នេះដើម្បី ឲ្យឆ្លើយតបទៅនឹងទឹកចិត្តដ៏ថ្លៃថ្លារបស់លោកនោះ សូមឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមជួយថែរក្សាផ្លូវមួយខ្សែ នេះឲ្យបានគង់វង្សយូរអង្វែង៕
![]()
![]()
![]()
![]()
![]()
\
![]()