បន្ទាយមានជ័យៈ ក្នុងដំណើរវិលត្រឡប់ មកមាតុភូមិវិញ ក្រោយពីចុះទៅយកព័ត៌មាន ពីស្ថានភាពពលករ ខ្មែរ ធ្វើការនៅប្រទេសថៃ អស់រយៈពេល ជិតមួយសប្តាហ៍មកនេះ លោក សយ សុភាព អគ្គនាយមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល និងសហការី បានមកដល់ទីរួមខេត្ត បន្ទាយមានជ័យ វិញហើយ នៅល្ងាចថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ។
ពេលធ្វើដំណើរ មកដល់ទីរួម ខេត្តបន្ទាយមានជ័យ លោក សយ សុភាព បានជួបដោយចៃដន្យ ជាមួយ គណៈប្រតិភូ នៃគណៈកម្មាការទី៨ រដ្ឋសភា ដែលដឹកនាំដោយលោកស្រីកែ សុវណ្ណរ័ត្ន និងលោក ឈុន ស៊ីរុន ព្រមទាំងក្រុមការងារ របស់ពួកគេក្នុងបេសកកម្មចុះទៅស្វែងយល់ ស្តីអំពីការធ្វើលិខិតឆ្លងដែន ជូនពលករ តាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត។
ក្នុងឱកាសជួបដោយចៃដន្យ នៅក្នុងភោជនីយដ្ឋានមួយកន្លែង លោកសយ សុភាព ដែលទើបតែបានយល់ ច្បាស់ ពីស្ថានភាពពលករខ្មែររាប់សែននាក់ ដែលកំពុងបម្រើការងារលើគ្រប់វិស័យ នៅប្រទេសថៃនោះ បានរៀប រាប់ពីបញ្ហានេះ និងព័ត៌មានជាច្រើនដល់គណៈប្រតិភូ គណៈកម្មាការទី៨ ដើម្បីបានស្វែងយល់កាន់តែខ្លាំង។
អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានលើកឡើង ពីយុទ្ធនាការរបស់រាជរដ្ឋាភិបាល ធ្វើលិខិតឆ្លងដែន ជូនពលករខ្មែរ រាប់សែននាក់នៅក្នុងប្រទេសថៃ ដើម្បីឲ្យពួកគាត់ បន្តការងារ និងស្នាក់នៅដោយស្រពច្បាប់ ជៀសវាងពីការបណ្តេញចេញរបស់អាជ្ញាធរថៃ។
លោកសយ សុភាព បានលើកឡើងទៀតថា ក្រុមមន្ត្រីរបស់រាជរដ្ឋាភិបាលដែលទទួលបន្ទុកលើការងារនេះ បានសហការជាមួយភាគីថៃ ធ្វើដោយញាប់ដៃញាប់ជើង ទៅតាមបណ្តាខេត្ត ដែលមានពលករខ្មែរធ្វើការ នៅទីនោះ ហើយពលករ បានបង្ហាញការសាទរយ៉ាងខ្លាំងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល កម្ពុជា។
ដើម្បីចង់ឲ្យជ្រាបព័ត៌មាន និងដឹងពីស្ថានការ កាន់តែខ្លាំង ពីពលករខ្មែរនៅប្រទេសថៃនោះ លោក សយ សុភាព បានស្នើរឲ្យថ្នាក់ដឹកនាំ គណៈកម្មាការទី៨ រៀបចំពេលវេលាណាមួយធ្វើដំណើរនៅទីនោះតែម្តង។
ក្រោយពីចំណាយពេលស្តាប់ការអត្ថាធិប្បាយ និងរៀបរាប់យ៉ាងយកចិត្តទុកដាក់ពីអ្នកកាសែតជើងចាស់រូបនេះ ទាំងលោកស្រី កែ សុវណ្ណរ័ត្ន និងលោក ឈុន ស៊ីរុន បានថ្លែងអំណរគុណចំពោះការ ផ្តល់ព័ត៌មាន ដ៏មានសារៈសំខាន់ មួយនេះ។ លោកស្រីកែ សុវណ្ណរ័ត្ន ដែលជាប្រធានគណៈកម្មាការទី៨ មកពីគណៈបក្ស ប្រឆាំង បានលើកឡើងថា ក្រុមការងាររបស់លោកស្រី មានផែនការរួចហើយចុះទៅស្វែងយល់ពី ស្ថានភាពពលករខ្មែរនៅប្រទេសថៃ នាពេលខាងមុខ ប៉ុន្តែមិនទាន់ប្រាកដថាថ្ងៃណានោះឡើយ៕