ភ្នំពេញ៖ លោកស្រី អេលីសាប៊ែត ប៊ែកឃើ អ្នកជំនាញខាងតែងនិពន្ធសៀវភៅ ទាក់ទងទៅនឹងសម័យខ្មែរក្រហម និងជាអតីត អ្នកកាសែតអាម៉េរិកកាំងមួយរូប បានឡើងការពារ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបច្ចុប្បន្ន និងសម្តេច ហេង សំរិន ប្រធានរដ្ឋសភាថា មិនជាប់ពាក់ព័ន្ធទៅនឹងរបបកម្ពុជាប្រជាធិបតេយ្យទេ។
អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្រ្តាបានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ថា ម៉ោងប្រមាណជា ៤ រសៀលនេះ បានបញ្ចប់ការសួរទៅលើអ្នកជំនាញ លោកស្រី អេលីសាប៊ែត ប៊ែកឃើហើយ នឹងបន្តនៅថ្ងៃស្អែកទៀត ដោយមេធាវីការពារឲ្យនួន ជា ព្រះរាជអាជ្ញា ចៅក្រម បានចោទសួរសំណួរនានាទៅលើលោកស្រី ពីស្ថានភាពនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និង ការតែង និពន្ធសៀវភៅទាក់ទងខ្មែរក្រហម និងការជួបសម្ភាសន៍ជាមួយមន្រ្តីផ្សេងៗទៀតជា ពិសេសបរិបទនិងគោលគំនិតនយោបាយ។
ក្នុងសវនាការនេះ លោក វិទ័រ កុប៉េ មេធាវីការពារក្តីលោក នួន ជាបានសួរសំណួរលោកស្រី អេលីសាប៊ែត ថា «ត្រឹមត្រូវដែរឬទេដែលថា រាជរដ្ឋាភិបាលបច្ចុប្បន្ន លើកបន្ទុបដោយវៀតណាម នៅឆ្នាំ១៩៧៩។ បន្ថែមពីលើចំណុចនេះ សម្តេចសីហនុ បានហៅមេដឹកនាំដែល លើកបន្ទុបនោះ ជាអាយ៉ងរបស់វៀតណាម តើលោកស្រីអាចនិយាយបានទេថា គឺមិនមែនជាការបណ្តេញ ខ្មែរក្រហមទាំងស្រុងទេ គឺគ្រាន់តែទុកខ្មែរក្រហម ជាស្ពាននៅក្នុងដំណើរបន្តទៀត»។
លោកស្រី អេលីសាប៊ែត បានផ្តល់ចំលើយថា «មិនមែនជារឿងបែបនេះទេ សម្តេចហ៊ុន សែន សម្តេចហេង សំរិន មិនមែន ជាផ្នែកនៃរបបកម្ពុជាប្រជាធិបតេយ្យបន្តទៀតទេ គឺពួកគាត់ បានរត់គេចចេញនៅពេលដែលបោសសំអាតខាងយោធា ហើយបានរត់ចូលវៀតណាម។ ប្រសិនបើគិតថាជាការពង្រីកកម្ពុជាប្រជាធិបតេយ្យមិនមែនទេ គឺពួកគាត់បានផ្តាច់ ខ្លួនចេញពីកម្ពុជាប្រជាធិបតេយ្យ យូរណាស់មកហើយ»៕