បន្ទាយមានជ័យ៖ គណៈកម្មការ រៀបចំដែនដីក្រុងប៉ោយប៉ែត បានចុះត្រួតពិនិត្យចំណុច លោកឧកញ៉ា ហង្ស ស៊ីផា យកដីចំណុចរថភ្លើង និងបាំងមុខផ្ទះពលរដ្ឋចំនួន១០ល្វែង ហេតុការណ៍ នៅវេលាម៉ោង២និង៤០នាទី រសៀលថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៥ ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោក ប្រាក់ ប៉ូលី ប្រធានការិយាល័យ រៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលក្រុងប៉ោយប៉ែត បានថ្លែងឲ្យដឹងថា ការចុះពិនិត្យមើលទីតាំងដី សង់រោង សំរាប់ទទួលពលករបណ្តុះអាសន្ន និងយោងតាមការបណ្តឹងពីបុគ្គល ឈ្មោះ គង់ កុសល ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើនេះផងដែរថា ការសាងសង់រោងបាំងមុខដីផ្ទះគាត់ ដែលជាដីចំណីរបស់រថភ្លើង ។
លោកបន្តថា ទីតាំងខាងលើនេះ គឺខាងលោកឧកញ៉ា ហង្ស ស៊ីផា បានស្នើសុំការអនុញ្ញាតត្រឹមត្រូវ ដល់ឯកឧត្តម អគ្គនាយកផ្លូវដែក ដើម្បីសាងសង់រោងដំបូលប្រក់សង្កសី ជាបណ្តោះអាសន្ននៅដីទំនេរ ចំណីផ្លូវរថភ្លើង ចំណុចភូមិសង្កាត់ខាងលើនេះ ដែលមានទំហំ ៨ គុណ២០ម៉ែត្រ ដើម្បីដាក់ពលករ ដែលវិលត្រឡប់ពីប្រទេសថៃ រង់ចាំជិះរថយន្ត ទៅកាន់គេហដ្ឋានរៀងខ្លួនៗ។
ដោយឡែក លោកម៉ែន សុភ័ណ្ឌ អភិបាលរង ក្រុងប៉ោយប៉ែត បានថ្លែងថា ទីតាំងខាងលើនេះគ្រាន់តែរូបលោក និងគណៈកម្មការ ត្រួតពិនិត្យដែនដី ចុះត្រួតពិនិត្យមើលចំណុចខាងលើនេះ គឺចុះមកប្រមូលព័ត៌មានទាំងអស់ យកទៅជូនលោក អភិបាលក្រុង ចំណែកការអនុញ្ញាត ឬមិនអនុញ្ញាត ក៏ពុំទាន់ដឹងនៅឡើយ។
លោកឧកញ៉ា ហង្ស ស៊ីផា បានប្រាប់តាមរយៈទូរស័ព្ទដដែលថា គឺដើម្បីរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវការទីតាំងដី ដើម្បីចាំទទួលពលករ ដែលអាជ្ញាធរថៃ ចាប់បញ្ជូនមកកម្ពុជាវិញ និងដើម្បីរង់ចាំជិះរថយន្ត ទៅគេហដ្ឋានផងដែរ ។ លោកបន្តថា កន្លងមកទីតាំងរង់ចាំពលករ គឺនៅចំណុចក្នុងប៉ូលិសអន្តោរប្រវេសន៍ ដោយមានការពិបាក វាតូចចង្អៀត បន្ទាប់មក លោកបានសាងសង់រោងមួយ នៅចំណុចចាស់ ក្រោយប្រៃសណីយ៍ចាស់ តែដោយខ្ញុំចង់អភិវឌ្ឍន៍ទៅមុខទៀត លោកក៏បានសាងសងរោងថ្មី ចំណុចខាងលើហ្នឹង ។
លោកបន្ថែមថា ហើយលោកមានលិខិតស្នើសុំ ទៅអគ្គនាយករទះភ្លើង ដោយតាមរយៈ លោកអភិបាលក្រុង ដើម្បីសាងសង់ទីតាំង បណ្តោះអាសន្នសិន ប្រសិនជាដីហ្នឹង ប៉ះពាល់លើផ្លូវរថភ្លើង ថ្ងៃក្រោយរដ្ឋ និងអគ្គនាយកផ្លូវដែកត្រូវការ ខ្ញុំនិងប្រគល់ជូនវិញភ្លាម។
លោកឧកញ៉ាបានបញ្ជាក់ថា ខ្ញុំក៏មិនយកដីហ្នឹង ធ្វើជាកម្មសិទ្ធិរបស់ផ្ទាល់ខ្លួនខ្ញុំដែរ តែចំពោះមុខ ដើម្បីឲ្យពលករវិលត្រឡប់ មកពីប្រទេសថៃ និងដើម្បីឲ្យពួកគាត់វិវត្តន៍ ទៅកាន់មាតុភូមិវិញ ហើយខ្ញុំមានឯកសារ គ្រប់គ្រាន់នៅក្រុង នៅស្រុក នៅសុរិយោដីក្រុងផងដែរ។
ដោយលោក គង់ កុសល បានប្រាប់ថា លោកបានធ្វើលិខិត ឲ្យទៅអាជ្ញាធរក្រុង មានសមត្ថកិច្ចពាក់ព័ន្ធ ជួយអន្តរាគមន៍ផងដែរ ។ លោកបានបន្តថា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងមក លោកឧកញ៉ា ហង្ស ស៊ីផា បានបញ្ជាឲ្យគេយករថយន្តដឹកដី មកចាក់ពីមុខដីផ្ទះកម្មសិទ្ធិរបស់ខ្ញុំ បន្ទាប់មកទៀត មិនបានប៉ុន្មានថ្ងៃផង លោកឧកញ៉ាបញ្ជាឲ្យគេយកគ្រឹះបុក សាងសង់រោងបន្ថែមទៀត ។
ដូច្នេះលោកបានអំពាវនាវ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាត្រួតពិនិត្យ ឲ្យរូបគាត់ទទួលការរងគ្រោះបែបនេះ ។
លោកគង់ កុសល បានបញ្ជាក់ថា ប្រសិនជាលោកឧកញ៉ា មានលិខិតគ្រប់គ្រាន់ ដើម្បីសាងសង់រោងខាងលើនេះ ខ្ញុំសុំមើលផងទាន៕