ភ្នំពេញ ៖ នាយកវិទ្យាល័យ «ហ៊ុន សែន ជម្ពូវ័ន» លោក លឹម ចាន់ថា បានថ្លែងបដិសេធ ចំពោះការ ចោទ ប្រកាន់ថា លោកបានរារាំង ក្រុមសមត្ថកិច្ច ពេលដែលចូលទៅក្នុងវិទ្យាល័យ ដើម្បីចាប់សិស្សបង្ក ក្នុងសកម្មភាព ដេញវាយ តប់គ្នានៅខាងក្រៅសាលា រហូតមានការបិទ ទ្វារមិនឱ្យ សមត្ថកិច្ចចេញ មកក្រៅទៀតផង។
លោក លឹម ចាន់ថា បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទថា លោកតែងតែ ចូលរួម សហការ ជាមួយ សមត្ថកិច្ច យ៉ាងពេញដៃពេញជើង ដើម្បីឱ្យឃាត់ខ្លួន សិស្សបង្កទាំងឡាយណា ដែលប្រព្រឹត្ដសកម្ម ភាពអំពើហឹង្សា និងប្រាកចាកពីសង្គមពោល មិនបានកាន់ជើងសិស្ស កំហូចទាំងនោះឡើយ ។
ថ្លែងប្រាប់ពី ព្រឹត្ដិការណ៍កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ លោកនាយកវិទ្យា ល័យ រូបនេះ បានអះអាងថា ពេលដែលក្រុម សមត្ថកិច្ចចូលមក ក្នុងបរិវេណវិទ្យាល័យ ប្រដាប់ដោយកាំភ្លើង ច្រូងច្រាងនោះ លោកបានឱ្យ លោកគ្រូ ផ្សេងទៀតរត់ទៅបិទទ្វារ ដើម្បីធ្វើការ សួរនាំជាមុនសិន ពីព្រោះបើក្នុង ករណីចាប់កូនសិស្ស ណាម្នាក់យកទៅ នោះ លោកជាអ្នកទទួលខុសត្រូវ ចំពោះអាណាព្យាបាលពួកគេ ។
លោក លឹម ចាន់ថា បានបញ្ជាក់យ៉ាង ដូច្នេះថា «សមត្ថកិច្ចចូលមកមានកាំភ្លើងច្រូងច្រាង ចាប់សិស្សសាលា ដូច្នេះខ្ញុំឱ្យគេ បិទទ្វារសួរនាំ ព្រោះខ្ញុំជាអ្នកទទួលខុសត្រូវ»។
តាមនាយកវិទ្យាល័យរូបនេះ នៅពេល ដែលមានហេតុការណ៍ ខាងលើកើតឡើង លោកបានរាយការណ៍ ទៅអភិបាល ខណ្ឌពោធិ៍សែនជ័យ ជ្រាបជាព័ត៌មានភ្លាមៗផងដែរ។
លោក លឹម ចាន់ថា ក៏បង្ហាញពីការចូល រួមជាមួយសមត្ថកិច្ច នាពេលកន្លងទៅលើការ ឃាត់ខ្លួនសិស្សសាលា ដែលប្រព្រឹត្ដសកម្ម ភាពខុសច្បាប់ ពោលគឺមិនកាន់ជើងនោះទេ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ កម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ បានដេញចាប់ក្រុម សិស្សសាលា វិទ្យាល័យ «ហ៊ុន សែន ជម្ពូវ័ន» ដល់ក្នុងបរិវេណ សាលាចំនួន៣នាក់ យកទៅធ្វើការសួរនាំ និង ធ្វើកំណត់ហេតុ ដោយសារតែពួកគេជាប់ពាក់ ព័ន្ធទៅនឹងសកម្មភាព ដេញវាយគ្នាតាមដង ផ្លូវសាធារណៈ ។
សមត្ថកិច្ចបានឱ្យដឹងផងដែរថា ពេល ដែលចូលទៅឃាត់ខ្លួន សិស្សសាលាទាំង៣នាក់នោះ ក៏បានជូនដំណឹងភ្លាមៗ ទៅលោក គ្រូបន្ទប់ថ្នាក់ ឱ្យជួយ សហការ ប៉ុន្ដែទំនងជាលោកគ្រូ នាយកមិនបានដឹង ទើបបញ្ជាឱ្យគេ បិទទ្វារយ៉ាងដូច្នេះ ។
សម្រាប់សិស្ស សាលាទាំង៣នាក់នោះ សមត្ថកិច្ចបានឱ្យអះអាងថា មិនមែនជាជន ដៃដល់ នោះឡើយ ពោល គ្រាន់តែជាបក្ខពួក ប៉ុណ្ណោះ ដូច្នេះគ្រាន់តែឱ្យធ្វើកំណត់ហេតុក៏ ឱ្យត្រឡប់ទៅផ្ទះវិញ ខណៈដែលជនបង្កពិត ប្រាកដនោះ ត្រូវបានសមត្ថកិច្ចបាននឹងកំពុង តាមចាប់ខ្លួន៕