ហ្សាការតា៖ រដ្ឋមន្ត្រីទទួលបន្ទុក ជាន់ខ្ពស់របស់ ឥណ្ឌូណេស៊ីលោក ហានីហ្វ ដាគីរី បានប្រកាស នៅថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ នេះថា ប្រទេសរបស់ លោកនឹងឈប់ បញ្ជូន ពលកររបស់ខ្លួន ឲ្យទៅធ្វើការនៅក្រៅ ប្រទេសទៀត ហើយ នៅក្នុងឆ្នាំ ២០១៧ ខាងមុខនេះ ប៉ុន្តែចំពោះកម្មករជំនាញវិញ ពួកគេនឹងនូវតែអនុញ្ញាត ឲ្យបម្រើការងារជាធម្មតា។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា ការអនុវត្តថ្មីនេះ គឺស្ថិតនៅក្រោម គម្រោងរបស់លោកប្រធានាធិបតី ចូកី វីដូដូ តាំងមុនលោកឡើងកាន់តំណែងមកម្ល៉េះ ដោយមេដឹកនាំថ្មីនេះ ចង់ស្តារមុខមាត់នៃទំនាក់ទំនងអន្តរជាតិរបស់ប្រទេសឥណ្ឌូណេស៊ី តាមរយៈនយោបាយដែលខ្លួនបង្កើតឡើង។
លោក ហានីហ្វ បានបន្តទៀតថា “យើងបានបង្កើតឡើងនូវ ផែនទីចង្អុលផ្លូវសម្រាប់បង្កើត ភាពគ្មានកម្មករចំណាកស្រុក សម្រាប់ឆ្នាំ ២០១៧។ ដូច្នេះយើងនឹងអាចអនុញ្ញាតឲ្យតែកម្មករ ជំនាញប៉ុណ្ណោះសម្រាប់ទៅ បម្រើការងារនៅក្រៅប្រទេស"។
គួរបញ្ជាក់ថា នយោបាយថ្មីរបស់ឥណ្ឌូណេស៊ីនេះ គឺជាផ្នែកមួយនៃកិច្ចការពារពលករជាតិ ពីការរងទុក្ខវេទនា និង បញ្ហាជាច្រើនទៀតដោយសារតែការធ្វើការជាពលករចំណាកស្រុក នៅឯបណ្តាប្រទេសនានា។ ទាំងនេះ តម្រូវឲ្យរដ្ឋាភិបាល កៀងគរអ្នកវិនិយោគ ដើម្បីបង្កើត ការងារ បន្ថែមក្នុងប្រទេស ជាការទាក់ទាញ ប្រជាជនខ្លួនមិនឲ្យចាកចេញទៅរក ការងារធ្វើក្រៅប្រទេស តទៅទៀត៕