Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រសួងមហាផ្ទៃ សម្រេចឱ្យ លោក អេឡិចសង់ដ្រូ ចេញពី ប្រទេសកម្ពុជា មួយរយៈ

$
0
0

ភ្នំពេញ៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រសួងមហាផ្ទៃ បានសម្រេចជាថ្មី ឱ្យលោក អេឡិចសង់ដ្រូ ជាសកម្មជនការពារតំបន់អារ៉ែង ចាកចេញពីប្រទេសកម្ពុជាមួយរយៈ ដើម្បីឱ្យស្ថាន ការណ៍ ស្ងប់ស្ងាត់ ហើយថា បន្ទាប់ពីនោះ លោកអេឡិច ក៏អាចវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ជាធម្មតា ដូចទៅនឹងជនបរទេសដទៃ ទៀតដែរ ។

លោកបានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះថា «នាយកដ្ឋានអន្តោ ប្រវេសន៍ គាត់គិតថា ក្រោយពេលអស់សុពលភាព នៃទិដ្ឋាការស្នាក់នៅ លោកអេឡិចគួរតែអនុវត្ត ទៅតាមច្បាប់ ដែលគាត់គួរតែចាកចេញពីប្រទេសកម្ពុជា មួយរយៈទៅ ព្រោះកន្លងមកគាត់ធ្លាប់ នៅប្រទេសកម្ពុជា ដោយចេះ តែបន្តទិដ្ឋាការ បន្តរហូតមិនទៅណាសោះ ជិត១០ឆ្នាំហើយ ដែលមិនសមគួរ នឹងច្បាប់អនុញ្ញាតទេ»។

ការឆ្លើយតបរបស់លោក ខៀវ សុភ័គ បានធ្វើឡើងបន្ទាប់ពី ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានធ្វើលិខិតអន្តរាគមន៍មួយ ទៅឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ដើម្បីសុំឱ្យបន្តផ្តល់ទិដ្ឋាការ ឱ្យលោក Alex Gonzalez Davidson ដែលប្រឈម នឹងការបណ្តេញចេញពីប្រទេសកម្ពុជា ក្នុងពេលដ៏ខ្លីនេះឡើងវិញ ក្រោយពីអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នាពេលកន្លងមក បានបដិសេធមិនបន្ត ទិដ្ឋាការ ឱ្យជនជាតិអេស្ប៉ាញរូបនេះរស់នៅក្នុងប្រទេសកម្ពុជាតទៅទៀត។

លោក សម រង្ស៊ី បានលើកឡើងក្នុងលិខិតនោះថា លោក Alejandro Gonzalez Davidson មិនមែន ជាឧក្រិដ្ឋជនទេ ហើយក៏មិនបានប្រព្រឹត្តបទល្មើសអ្វីធ្ងន់ធ្ងរ ដែលតម្រូវឱ្យបណ្តេញចេញពីប្រទេសកម្ពុជាដែរ ។ សាមីខ្លួនគ្រាន់តែ ជាសកម្មជនម្នាក់ ក្នុងមជ្ឈដ្ឋានសង្គមស៊ីវិល ដែលបានជួយឱ្យសាធារណមតិ មានការចាប់ អារម្មណ៍ចំពោះបញ្ហាបរិស្ថាន ព្រមទាំងជួយឱ្យប្រជាពលរដ្ឋ មានការយល់ដឹង អំពីសិទ្ធិរបស់ខ្លួន កាន់តែច្បាស់ ប៉ុណ្ណោះ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបន្ថែមថា លោក Alejandro Gonzalez Davidson នឹងទទួលយកបាន នូវអ្វីដែល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ របស់ក្រសួងមហាផ្ទៃ រៀបចំឱ្យ ដោយការចេញ ពីប្រទេសមួយរយៈនេះ នឹងធ្វើឱ្យលោករីករាយ ជួបក្រុមគ្រួសារ សាច់ញាតិក៏ដូចជាការដើរកម្សាន្ត មួយពេល ផងដែរ។

លោក Alejandro Gonzalez Davidson ជាជនជាតិអេស្ប៉ាញ ដែលជាប្រធានអង្គការមាតាធម្មតា បានមករស់នៅក្នុងប្រទេសកម្ពុជា ជាង១០ឆ្នាំមកហើយ ដោយតាំងខ្លួន ជាអ្នកការពារបរិស្ថានព្រៃឈើ នៅតំបន់អារ៉ែង ។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកបានធ្វើយុទ្ធនាការជាបន្តបន្ទាប់ប្រឆាំង ចំពោះគម្រោងវិនិយោគលើ វារីអគ្គិសនី នៅតំបន់ អារ៉ែង ខេត្តកោះកុង ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សានាពេលបច្ចុប្បន្ននេះ ហើយ ទិដ្ឋាការ របស់លោកនឹងផុត កំណត់នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ខាងមុខនេះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>