ភ្នំពេញៈ អភិបាលរង ខណ្ឌចំការមន លោកប៊ុន សុភ័ក្រ នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះបានដឹកនាំ កម្លាំង អាជ្ញាធរចម្រុះ ចុះធ្វើការត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងត្រួតពិនិត្យជាតិអាកុល នៅមុខវត្តមហា មន្ត្រីតាមបណ្តោយ ផ្លូវព្រះសីហនុ ក្នុងសង្កាត់អូរឡាំពិក ខណ្ឌចំការមន។
អភិបាលរងខណ្ឌចំការមន លោកប៊ុន សុភ័ក្រ បានថ្លែងឲ្យដឹងថា ឆ្លើយតបទៅនឹងគោលនយោបាយ របស់រាជ រដ្ឋាភិបាលកម្ពុជា ស្តីអំពីភូមិឃុំ សង្កាត់ មានសុវត្ថិភាព អាជ្ញាធរខណ្ឌចំការមនបានដាក់កម្លាំងត្រួតពិនិត្យអាវុធ ជាតិផ្ទុះ និងជាតិអាកុល នារាត្រីនេះក្នុងបំណងការពារ សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋតាមដងផ្លូវ និងមួយវិញទៀត ក្នុងបំណងចូលរួមចំណែកកាត់បន្ថយ គ្រោះថ្នាក់ចរាចរ ដែលអាចបណ្តាលមកពីអ្នកបើកបរ ក្រោមឥទ្ធិពលជាតិស្រវឹង។
លោកប៊ុន សុភ័ក្រ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ មេត្តាត្រូវចេះស្រឡាញ់អាយុ ជីវិតរបស់ខ្លួន ពោលត្រូវចេះថែរក្សាជីវិតរបស់ខ្លួនតាមរយៈការការពារផ្សេងៗ ដូចជានៅពេលបើកបរ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលបើកបរត្រូវគោរពច្បាប់ចរាចរ និងចេះយោគយល់គ្នាផងដែរ ហើយអ្វី ដែលសំខាន់នោះ នៅពេលដែលស្រវឹងមិនត្រូវបើកបរនោះទេ ព្រោះឥទ្ធិពលនៃជាតិស្រវឹងធ្វើឲ្យអ្នក បើកបរបាត់បង់ម្ចាស់ការ និងស្មារតីប្រុងប្រយ័ត្ន ដែលជាកត្តាបង្កឲ្យកើតគ្រោះថ្នាក់ចរាចរ៕