ភ្នំពេញ៖ ក្រោយពីបានឡើងកាន់តំណែង ជាប្រធានសាលាដំបូងរាជធានីភ្នំពេញ បានរយៈពេលជិត ១ឆ្នាំ លោក អាំង មាលតី ត្រូវបានផ្លាស់ចេញពីដំណែង ជំនួសដោយអនុប្រធានរបស់លោក គឺលោក តាំង ស៊ុនឡាយ បន្ទាប់ពីត្រូវបានក្រុមប្រឹក្សាអង្គចៅក្រម ប្រជុំដកហូតដំណែង ជាប្រធានសាលាដំបូងរាជធានី កាលពីម្សិលមិញ ក្រោយពីមានការស្នើសុំពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពាក់ព័ន្ធទៅនឹងសំណុំរឿងឃាតកម្មទៅលើឧកញ៉ា អ៉ឹង ម៉េងជឺ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ដែលឃាតកត្រូវបានតុលាការចេញដីកាស្វែងរកចាប់ខ្លួន ឈ្មោះ ថោង សារ៉ាត់។
ពិធីផ្ទេរតំណែងបានធ្វើឡើងនៅម៉ោង ១៥៖៥០នាទីរសៀលថ្ងៃទី១៨ ខែកុម្ភ ឆ្នាំ២០១៥នេះ នៅសាលាដំបូងរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌, ប្រធានតុលាការកំពូល, ប្រធានប្រឆាំងអំពើពុករលួយ និងមានការចូលរួមពីសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ៕