ភ្នំពេញ៖ ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក អាំង មាលតី ត្រូវបានផ្លាស់ចេញហើយ បន្ទាប់ពីកាន់តំណែង បានរយៈពេល ១០ខែប៉ុណ្ណោះ តំណែងប្រធានសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានដាក់ជំនួសដោយលោក តាំង ស៊ុនឡាយ ដែលជាអនុប្រធាន។ ការដោះដូរតំណែងប្រធានសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មយ៉ាងខ្លាំងក្លា ចំពោះការដោះលែងឪពុក-ម្តាយ លោក ថោង សារ៉ាត់ ដែលជាជនសង្ស័យនៅពីក្រោយឧក្រិដ្ឋកម្មបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ដ៏ កក្រើក រាជធានីភ្នំពេញកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅនោះ។
ពិធីដោះដូរប្រធានសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក អង់ វង្សវឌ្ឍនា រដ្ឋមន្រ្តី ក្រសួងយុត្តិធម៌, ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ, លោក ឌិត មន្ទីរ ប្រធានតុលា ការកំពូល និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីមន្រ្តីពីមន្រ្តី ជាន់ខ្ពស់កងកម្លាំងប្រដាប់អាវុធក្នុងរាជធានីភ្នំពេញ មន្រ្តីក្រសួងយុត្តិធម៌ និង មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ ជា ច្រើនរូបផ្សេងទៀត។
លោក អាំង មាលតី បានមានប្រសាសន៍ថា សាលាដំបូងរាជធានីភ្នំពេញនៅឆ្នាំ២០១៥នេះ មានមន្រ្តីបម្រើការងារ ២៥៥នាក់ ក្នុងនោះព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ២១នាក់ ស្រី ១នាក់ ចៅក្រម ២៩នាក់ ស្រី ២នាក់ ក្រឡា បញ្ជី ១៨៦នាក់ មន្រ្តីរដ្ឋបាល ១០នាក់ មន្រ្តីក្រមការ ៣នាក់ និង ភ្នាក់ងាររដ្ឋបាល ៣នាក់។
លោក អាំង មាលតី ក៏បានមានប្រសាសន៍ឲ្យដឹងផងដែរថា សំណុំរឿងព្រហ្មទណ្ឌក្នុងសាលាដំបូង ដែលកំពុង ស៊ើបសួរចាស់មាន ចំនួន ១.៩៧៩រឿង និងថ្មី ២.៨៨៦រឿង ចាត់ការរួច ២.៧៨៩រឿង នៅសល់ ២.០៧៧រឿង។ សំណុំរឿងព្រហ្មទណ្ឌជំនុំជម្រះចាស់ មានចំនួន ១.៣១៥រឿង ចូលថ្មីមានចំនួន ២.៩៨៤រឿង ចាត់ការរួច ២.៧៦ ២រឿង នៅសល់ ១.៥៨៣រឿង។ សំណុំរឿងរដ្ឋប្រវេណីចាស់ មានចំនួន ២.៤៥០រឿង សំណុំរឿងថ្មី ២.៨៧៣ រឿង ចាត់ការរួច ២.៥៧៥រឿង នៅសល់ ២.៣៤៨រឿង។
លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងថ្មី ដែលចូលកាន់តំណែង បានមានប្រសាសន៍ថ្លែងអំណរគុណដល់ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ប្រធានឧត្តមក្រុមប្រឹក្សា នៃអង្គ ចៅក្រម និងរាជរដ្ឋាភិបាល ដែលបានផ្តល់សេចក្តីទុកចិត្តឲ្យលោកបាន បំពេញមុខងារជាប្រធានសាលាដំបូងរាជ ធានីភ្នំពេញ។ លោកក៏បានប្តេជ្ញាចិត្តថា ស្មោះត្រង់ចំពោះជាតិ គោរព រដ្ឋធម្មនុញ្ញ គោរពច្បាប់ ធានាការពារសិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋ ប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ធ្វើឲ្យប្រសើរសេវាយុត្តិធម៌ ពង្រឹងសមត្ថភាពបន្ថែមទៀត ជំរុញ និងលើកទឹកចិត្តដល់មន្ត្រីតុលាការឲ្យបង្កើនសមត្ថភាព ពង្រឹងសាមគ្គីផ្ទៃក្នុង សហការជាមួយក្រសួងស្ថាប័ន និង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
លោក តាំង ស៊ុនឡាយ ក៏បានសំណូមដល់មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច ដែលពាក់ព័ន្ធ និង ក្រសួងស្ថាប័នពាក់ព័ន្ធ មេត្តាសហការ ដើម្បីផ្តល់តម្លាភាព និង បង្កើនជំនឿទុកចិត្តដល់ប្រជាពលរដ្ឋ។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង់ វង្សវឌ្ឍនា បានផ្តាំផ្ញើដល់ប្រធានសាលដំបូងថ្មី ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជ អាជ្ញារង ក្រឡាបញ្ជីទាំងអស់ ប្រកាន់ខ្ជាប់នូវសម្បជញ្ញៈ មនសិការ និងឧត្តមគតិខ្ពស់ក្នុងក្រមខណ្ឌវិជ្ជាជីវៈ ជាចៅ ក្រម ឬព្រះរាជអាជ្ញា ដែលជាអ្នកផ្តល់សេវាយុត្តិធម៌ និងជាអ្នកស្វែងរកយុត្តិធម៌ ដោយតម្លាភាព សមភាព និង យុត្តិ ធម៌ ទៅតាមច្បាប់ជូនសាធារណជន និងប្រជាពលរដ្ឋ។ លោករដ្ឋមន្រ្តី ក៏បានជំរុញឲ្យមន្រ្តីតុលាការ ពង្រឹងក្រម សីលធម៌ឲ្យបានម៉ឹងម៉ាត់ និងខ្ជាប់ខ្ជួន។ ក្រមសីលធម៌ ជាត្រីវិស័យជួយតម្រង់ផ្លូវចៅក្រមព្រះរាជអាជ្ញា ឲ្យបានខ្ជាប់ ខ្ជួនជាអ្នកច្បាប់ មានឧត្តមភាពខ្ពស់ និង គោលបំណងពង្រឹងឯករាជ្យភាព និងសេចក្តីថ្លៃថ្នូររបស់ចៅក្រម និងព្រះ រាជអាជ្ញាក្នុងការអនុវត្តកិច្ចការតុលាការ។
លោករដ្ឋមន្រ្តី ក៏បានជំរុញចៅក្រម ព្រះរាជអាជ្ញា ប្រកាន់យកនូវការការពារ ថែរក្សា ការលើកកម្ពស់ឯករាជ្យភាព របស់តុលាការ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមើលឃើញថា ជាបុគ្គលមានចរិតយុត្តិធម៌ ព្រមទាំងរៀបចំទុក ដាក់បញ្ជីសំណុំរឿងឲ្យបានត្រឹមត្រូវប្រកបដោយការទទួលខុសត្រូវ និងបន្តចាត់ការឲ្យទាន់ពេលវេលាស្របតាម នីតិវិធី ដែលច្បាប់បានកំណត់។ ចៀសវាងការទុកចោលមិនចាត់ការបាត់បង់សំណុំរឿងឯកសារផ្សេងៗ ដែលធ្វើ ឲ្យការឃុំខ្លួនជនសង្ស័យ ឬពិរុទ្ធជនលើសពីការកំណត់ នៃច្បាប់ ធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងសិទ្ធិសេរី ភាពរបស់បុគ្គល ឬបាត់បង់ផលប្រយោជន៍របស់ជនរងគ្រោះ។
សូមបញ្ជាក់ថា ការដោះដូរតំណែងប្រធានសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បាន ធ្វើឡើងមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន សម្តែងការប្រតិកម្មយ៉ាងខ្លាំងទៅលើការ ដោះលែងឪពុក-ម្តាយ លោក ថោង សារ៉ាត់ ដែលជាជនសង្ស័យនៅពីក្រោយឧក្រិដ្ឋកម្មបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ នៅកន្លែងលក់ផ្លែឈើក្បែពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ។
ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រដល់និស្សិតធនធានមនុស្សកាលពីថ្ងៃទី១៧ ខែកុម្ភៈ ម្សិលមិញ សម្តេចបានស្នើ ឲ្យឧត្តមក្រុមប្រឹក្សាអង្គចៅក្រមបង្កើតក្រុមអធិការកិច្ចស៊ើបអង្កេតទៅលើសំណុំរឿងរបស់ឪពុក-ម្តាយឧកញ៉ា ថោង សារ៉ាត់ ផង ដែរ។
សម្តេចបានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំមិនសុខចិត្តទេ។ ខ្ញុំស្នើឲ្យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចាត់វិធានការបន្ទាន់ លើសំណុំរឿងមួយនេះ ហើយទោះបីជាត្រូវដាក់ជណ្តើរឡើង បើថាចុងត្នោតវាខ្ពស់ ដាក់ជណ្តើរឡើង ក៏ឡើង បើ ថាក្នុងទឹក ចុះតាមរក ក៏ត្រូវពាក់ស្អីៗ ចុះក្នុងទឹក។ យើងមានកងទ័ពជើងទឹក រករឿងហ្នឹងឲ្យឃើញ ហើយប៉ុន្មាន ថ្ងៃនេះ សាធារណៈមតិ មិនទៅវ៉ៃតុលាការ មកវ៉ៃតែក្បាលហ៊ុនសែន ថាហ៊ុនសែន បញ្ជាឲ្យនៅក្រៅឃុំ។ មកឆ្កុយ អីចឹងទៅ។ ខ្ញុំមិនសុខចិត្តទេ។ មិនសុខចិត្តដាច់ខាតហើយ»។
ឪពុក-ម្តាយលោក ថោង សារ៉ាត់ ដែលជាជនជាតិវៀតណាម និយាយខ្មែរមិនច្បាស់នោះ ត្រូវបានកម្លាំងនគរបាល ចាប់ខ្លួនជាថ្មីកាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ នៅលើរថយន្តសាមុយ ម្តុំកំពង់ចំលងអ្នកលឿង ពេលពួកគេកំពុងធ្វើដំ ណើរទៅព្យាបាលជំងឺនៅប្រទេសវៀតណាម បន្ទាប់ពីលោកចៅក្រម លី សុខលេង អនុញ្ញាតឲ្យនៅក្រៅឃុំ កាលពី ថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ២០១៥។
កាលពីព្រឹកថ្ងៃទី១៦ កុម្ភៈ ឪពុកម្តាយលោក ថោង សារ៉ាត់ លោក ថោង ចំរើន និងអ្នកស្រី លី សារី ត្រូវបាននគរ បាលនាំទៅតុលាការ ហើយចៅក្រមបានសម្រេចឃុំខ្លួនអ្នកទាំងពីរ នៅពន្ធនាគារព្រៃសជាថ្មី ក្រោមបទចោទប្រកា ន់ពីការកាន់កាប់អាវុធគ្មានការអនុញ្ញាត៕