ភ្នំពេញ៖ លោក កឹម សុខា ក្នុងនាមជាអនុប្រធានរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលកំពង់ចាម មកពីគណបក្ស សង្រ្គោះជាតិ បានធ្វើលិខិតទូលថ្វាយព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ស្នើសុំព្រះរាជអន្តរាគមន៍ទៅរាជរដ្ឋាភិបាលកម្ពុជា បន្តផ្តល់ទិដ្ឋាការដល់ជនជាតិអេស្ប៉ាញ លោក អេឡិច ហ្សង់ដ្រូ ហ្គន់ហ្សេលេស ដេវីតសុន អ្នកប្រឆាំងគម្រោងសាងសង់វារីអគ្គិសនីតំបន់អារ៉ែង ឲ្យស្នាក់នៅបន្តក្នុងប្រទេសកម្ពុជា ។ ការស្នើសុំព្រះរាជអន្តរាគមន៍ របស់លោក កឹម សុខា បានធ្វើឡើងដំណាលគ្នា និងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ លោក ស ខេង បានបដិសេធសំណើរបស់លោក សម រង្ស៊ី ប្រធានបក្សប្រឆាំង។
លោក កឹម សុខា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានផ្ញើលិខិតមួយច្បាប់ទូលថ្វាយទៅព្រះមហាក្សត្រខ្មែរសុំ ព្រះរាជអន្តរាគមន៍ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ទិដ្ឋការដល់លោក អេឡិចហ្សង់ដ្រូ ហ្គន់ហ្សេលេស ដេវីត សុន ដើម្បីបានស្នាក់នៅបន្តក្នុងព្រះរាជាណាចក្រកម្ពុជា។
តាមរយៈលិខិតសូមព្រះរាជអន្តរាគមន៍ លោក កឹម សុខា បានបញ្ជាក់ថា រូបលោកបានទទួលនូវសំណូមពរយ៉ាង ច្រើនពីប្រជាពលរដ្ឋខ្មែរ ដែលស្រឡាញ់ធម្មជាតិ និងបរិស្ថាន ឲ្យលោក អេឡិចហ្សង់ដ្រូ ប្រធានចលនាមាតា ធម្ម ជាតិ និងជាសកម្មជនបរិស្ថាន ឲ្យបានរស់នៅបន្តក្នុងប្រទេសកម្ពុជា។ លោក កឹម សុខា ទូលថ្វាយបញ្ជាក់ទៅព្រះ មហាក្សត្រថា លោក អេឡិចហ្សង់ដ្រូ ពុំមែនជាឧក្រិដ្ឋជន និងជាអ្នកបំផ្លិចបំផ្លាញធនធានធម្មជាតិ របស់ខ្មែរ នោះ ទេ ផ្ទុយទៅវិញលោក ជាអ្នកចូលរួមថែរក្សា និងការពារធនធានធម្មជាតិយ៉ាងសកម្ម។
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ និងជាប្រធានក្រុមតំណាងរាស្រ្តសំឡេងភាគតិច កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅនេះ ក៏បានធ្វើលិខិតមួយច្បាប់ទៅកាន់លោកឧបនាយករដ្ឋមន្រ្តី ស ខេង ដែលជាប្រ ធានក្រុមតំណាងរាស្រ្តសំឡេងភាគច្រើន សុំឲ្យរូបលោកជួយអន្តរាគមន៍ បន្តផ្តល់ទិដ្ឋាការឲ្យ លោក អេឡិច ផង ដែរ។
សំណើរបស់ប្រធានក្រុមតំណាងរាស្រ្តសំឡេងភាគតិចមិនមានប្រសិទ្ធភាពនោះទេ ពោលត្រូវបានលោកឧបនា យករដ្ឋមន្រ្តី ដែលជាប្រធានក្រុមតំណាងរាស្រ្តសំឡេងភាគច្រើនបដិសេធ និងប្រាប់ឲ្យលោក អេឡិច ចាកចេញពី កម្ពុជាមួយរយៈពេលសិន។
នៅក្នុងលិខិតផ្ញើជូនលោក សម រង្ស៊ី នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥នេះ នាយឧត្តមសេនីយ៍ ឯម សំអាន រដ្ឋលេ ខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា លោក អេឡិច បានប្រព្រឹត្តខុសទៅនឹងលក្ខន្តិកៈរបស់អង្គការមាតាធម្មជាតិ ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ ដោយបានធ្វើសកម្មភាពរារាំងការគ្រប់គ្រងរដ្ឋបាល សាធារណៈរបស់អាជ្ញាធរ ខេត្តកោះកុង តាមរយៈការញុះញង់ប្រជាជនឲ្យចូលរួមបិទផ្លូវសាធារណៈ មិនឲ្យក្រុមការងារចុះទៅជួបប្រជាពល រដ្ឋនៅឃុំថ្មដូនពៅ ឃុំប្រឡាយ និងឃុំជំនាប់ ស្រុកថ្មបាំង។
នាយឧត្តមសេនីយ៍ ឯម សំអាន បានឲ្យដឹងផងដែរថា បទល្មើសនេះ ត្រូវបានលោក អេឡិច ទទួលសារភាពរួច ហើយ តាមរយៈលិខិតសុំអភ័យទោសសរសេរដោយផ្ទាល់ដៃជាភាសាខ្មែរកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤។
លោក ឯម សំអាន បានបញ្ជាក់ទៀតថា «ក្រសួងមហាផ្ទៃតម្រូវឲ្យលោក ALEJANDRO» ចាកចេញពីព្រះរាជា ណាចក្រកម្ពុជាមួយរយៈពេលខ្លីន ដែលលោក ALEJANDRO យល់ថាសមស្រប នៅពេលផុតកំណត់ទិដ្ឋាការ ស្នាក់នៅ។ ក្រសួងមហាផ្ទៃពុំមានគោលការហាមឃាត់លោក ALEJANDRO ក្នុងការចូលមកព្រះរាជាណាចក្រ កម្ពុជាវិញនោះទេ ប្រសិនបើគាត់បានបំពេញបែបបទ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដូចជនអន្តោប្រវេសន៍ ដទៃទៀត ស្របតាមគោលការច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា»។
បុរសជនជាតិអេស្ប៉ាញ លោក Alejandro Gonzalez Davidson បានមករស់នៅក្នុងប្រទេសកម្ពុជាជាង ១០ឆ្នាំ មកហើយ ហើយទិដ្ឋាការរបស់លោកនឹងផុតកំណត់នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥។ អគ្គនាយកដ្ឋានអន្តោ ប្រវេសន៍ នៃក្រសួងមហាផ្ទៃបានបដិសេធមិនបន្តទិដ្ឋាការឲ្យរូបលោករស់នៅក្នុងប្រទេសកម្ពុជាបន្តទៅទៀតនោះទេ។ ការមិនបន្តទិដ្ឋាការ គឺបានធ្វើឡើង បន្ទាប់ពីបុរសអេស្ប៉ាញរូបនេះ បានធ្វើសកម្មភាពតវ៉ាប្រឆាំងយ៉ាងខ្លាំង និង គម្រោងសាងសង់វារីអគ្គីសនីនៅតំបន់អារ៉ែង ខេត្តកោះកុង៕