ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអំពាវនាវដល់ស្ថាប័នពាក់ ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ឲ្យបន្តវិនិយោគ និងជាប្រចាំទៅលើចំណុចគន្លឹះទាំងឡាយ សម្រាប់អន្តរាគមន៍ផ្នែក សុខភាពមាតា ទារក និងកុមារ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតជឿជាក់ថា ការធ្វើឲ្យមានមាតាមានសុខភាពល្អ កូនមាន សុខភាពល្អ នោះប្តី និងគ្រួសារទាំងមូលមានសុភមង្គល សង្គមជាតិ នឹងមានការអភិវឌ្ឍន៍រីកចម្រើន។
សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០ ១៥ បានផ្ញើសារលិខិតមួយច្បាប់ជូនប្រជាពលរដ្ឋខ្មែរជនរួមជាតិ ដើម្បីអបអរសាទរនូវទិវាមួយនេះ ដើម្បីលើក កម្ពស់ការយកចិត្តទុកដាក់ចំពោះសុខភាពមាតា ទារក និងកុមារទូទាំងប្រទេស។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការ សហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចំពោះការឆ្លើយតបមេរោគអេដស៍-ជំងឺអេដស៍នៅកម្ពុជា បានគូសបញ្ជាក់ក្នុងសារលិខិតថា ការស្លាប់ របស់ស្រ្តីជាមាតាក្នុងពេលមានគភ៌ ពេលសម្រាលកូន និងក្រោយពេលសម្រាលកូនអាចទប់ស្កាត់បាន ប្រសិនបើ ស្រ្តីទទួលបានចំណេះដឹង ទទួលបានការអប់រំ ពិនិត្យសុខភាពជាប្រចាំ និងទទួលបានសេវាកម្ម ដែលផ្តល់ដោយ ឆ្មបជំនាញ នៅនឹងមូលដ្ឋានសុខាភិបាល ដែលមានឧបករណ៍ សម្ភារៈ បរិក្ខាពេទ្យចំបាច់គ្រប់គ្រាន់។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តែងជំនឿចិត្តមុតមាំថា រាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន នឹងបន្តផ្តល់លទ្ធ ភាព និងជំរុញការងារក្នុងវិស័យសុខាភិបាលឲ្យអនុវត្តអន្តរាគមន៍គន្លឹះផ្នែកសុខភាព មាតា ទារក កុមារ សុខភាព បន្តពូជ ពន្យារកំណើត ការផ្តល់ថ្នាំបង្ការ អាហារូបត្ថម្ភ និងការព្យាបាលជំងឺទារក និងកុមារតូចៗ ឲ្យបានកាន់តែ ប្រសើរឡើង ដើម្បីជាឧត្តមប្រយោជន៍របស់ស្រ្តី ទារក និងកុមារកម្ពុជាទាំងអស់គ្នា។
ទោះបីជាយ៉ាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល មន្រ្តីជំនាញ ស្ថាប័នពាក់ព័ន្ធទាំងអស់ ម្ចាស់ជំនួយ អង្គការជាតិ និងអន្តរជាតិ កាកបាទក្រហមកម្ពុជា អង្គការសង្គម ស៊ីវិល សប្បុរសជន អាជ្ញាធរដែនដី និងអាជ្ញាធរមានសមត្ថកិច្ច ដែលបានជួយលើកស្ទួយការងារសុខភាពមាតា ទា រក និងកុមារនៅកម្ពុជា។ តាមរយៈកិច្ចខិតខំនេះ បានធ្វើឲ្យអត្រាមរណរបស់ស្រ្តីជាមាតា បានថយចុះជាលំដាប់ក្នុង រយៈពេល ១០ឆ្នាំកន្លងមកនេះ៕
សូមអានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ ទាំងស្រុងនៅខាងក្រោម៖