កំពត៖ លោក សូ វិសាល អនុប្រធានការីនិពន្ធកាសែត ភ្នំពេញប៉ុស្តិ៍ផ្នែកខេមរៈភាសា បានជួបគ្រោះថ្នាក់ចរាចរលើ កំណាត់ផ្លូវជាតិលេខ៣ ក្នុងខេត្តកំពតពេលធ្វើដំណើរទៅកម្សាន្តតាមខេត្ត ជាប់ឆ្នេរសមុទ្រ បណ្តាលឲ្យភរិយាស្លាប់ បាត់បង់ជីវិត រូបលោក កូនៗ និងសាច់ញាតិសរុប ៨នាក់ បានរងរបួសធ្ងន់-ស្រាល ខណៈជនរងគ្រោះម្ខាងទៀត ដែលជាអ្នកបើកបរម៉ូតូ និងជាអ្នកបង្កហេតុ ៣នាក់ផ្សេងទៀត បានស្លាប់បាត់បង់ជីវិតផងដែរ។ គ្រោះថ្នាក់ចរាចរដ៏ រន្ធត់នេះ បានកើតឡើងនាម៉ោង១០ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតលេខ៣ (កំពត-ភ្នំពេញ ) ស្ថិតក្នុងភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។
លោក សូ វិសាល បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដោយខ្លីថា ភរិយារបស់លោកឈ្មោះ កែវ ភក្តី អាយុ ៣៨ឆ្នាំ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពត ហើយភាគីម្ខាងទៀតជាអ្នកបើកបរម៉ូតូ ចំនួន ៣នាក់ ក៏ បានស្លាប់បាត់បង់ជីវិតផងដែរ។ ដោយឡែករូបលោក កូនៗ និងសាច់ញាតិសរុប៨នាក់ រងរបួសធ្ងន់ និងស្រាល។
មន្ត្រីនគរបាលចរាចរណ៍ បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា មុនពេលកើតហេតុរថយន្តកាមរីឆ្លាម បាន របស់លោក សូ វិសាល បានបើកបរក្នុងទិសដៅពីកើតទៅលិច ពោលទិសដៅពីរាជធានីភ្នំពេញ បញ្ជ្រាស់ទិសគ្នា ជាមួយម៉ូតូគប់ច្នៃ ពាក់ស្លាកលេខ កំពត 1G-3781។ លុះដល់កន្លែងកើតហេតុ ជនរងគ្រោះអ្នកជិះម៉ូតូ បានព្យា យាមបើកម៉ូតូជែងរថយន្តមួយគ្រឿង នៅពីមុខខ្លួន ជាអកុសលស្រាប់តែទុចដំណើរជាមួយម៉ូតូមួយគ្រឿងទៀត កំពុងបើកឆ្លងផ្លូវ ហើយក៏បួងចង្កូតគេចជ្រុលចូលទៅចំណីផ្លូវរថយន្តកាមរីឆ្លាម របស់លោក សូ វិសាល ដែល បញ្ជ្រាសទិសគ្នា ហើយបុកគ្នាលាន់ឮដូចរន្ទះខែចេត្រ។
ទាំងរថយន្ត និងម៉ូតូ ដែលសុទ្ធតែបើកបរក្នុងល្បឿនលឿនគួរសមនោះ បានក្រឡាប់ជាច្រើនត្រឡប់ធ្លាក់ទៅក្នុង ប្រឡាយចិញ្ចើមផ្លូវថ្នល់។ គ្រោះថ្នាក់ចរាចរដ៏ព្រឺព្រួចនេះ បណ្តាលឲ្យភរិយា លោក សូ វិសាល កៀបជាមួយរថ យន្តរហូតដាច់ក្បាលស្លាប់ ហើយបុរស ៣នាក់ ធ្វើដំណើរតាមម៉ូតូ ក៏បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុផង ដែរ។ ដោយឡែក លោក សូ វិសាល កូនៗ និងសាច់ញាតិរបស់លោក សរុប៨នាក់ បានរងរបួសធ្ងន់ និងស្រាល។
ក្រោយកើតហេតុ ប្រជាពលរដ្ឋ និងសមត្ថកិច្ច បានព្យាយាមជួយគាស់យកជនរងគ្រោះចេញពីរថយន្ត រួចបញ្ជូនទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ ចំណែករថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុក រីឯសាកសព ត្រូវបានសមត្ថកិច្ចទាក់ទងរកក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕